ក្រសួងសេដ្ឋកិច្ច ស្នើសុំឲ្យធនាគារពិភពលោកពិនិត្យពិចារណាលើទិដ្ឋភាពសំខាន់ជាសារវ័ន្តចំនួន ៣

ភ្នំពេញ៖ ក្នុងបរិការណ៍បច្ចុប្បន្នដែលសកលលោកនិងកម្ពុជាបាននិងកំពុងជួបវិបត្តិកូវីដ-១៩ ព្រមទាំងកំពុងរៀបចំខ្លួនក្នុងការស្ដារសេដ្ឋកិច្ច និងសង្គមឡើងវិញក្រោយវិបត្តិនេះ, លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើសុំឲ្យធនាគារពិភពលោកពិនិត្យពិចារណាលើទិដ្ឋភាពសំខាន់ជាសារវ័ន្តចំនួន ៣ សម្រាប់ជាមូលដ្ឋាននៃការរៀបចំផែនការនិងទិសដៅកិច្ចសហប្រតិបតិការទៅមុខដែលរួមមាន៖

១- ពិនិត្យពិចារណាកែសម្រួលឡើងវិញលើលក្ខខណ្ឌឥណទានដើម្បីឲ្យកម្ពុជាមានលទ្ធភាពទទួលបាននូវហិរញ្ញប្បទានដែលមានកម្រិតសម្បទានខ្ពស់ ។

២- គៀងគរហិរញ្ញប្បទានឥតសំណងឲ្យកម្ពុជា ធ្វើយ៉ាងណាឱ្យធាតុអំណោយ ( Grant Element ) របស់គម្រោងនីមួយៗ ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រនៃការគ្រប់គ្រងបំណុលរបស់រាជរដ្ឋាភិបាល ។

៣- បង្កើនគុណភាពនៃគម្រោងវិនិយោគហិរញ្ញប្បទានដោយធនាគារពិភពលោកឲ្យកាន់តែប្រសើរ នឹងកាន់តែឆ្លើយតបជាងបច្ចុប្បន្ន ។

លោកស្រី វិចតូរីយ៉ា ខ្វាខ្វា (Victoria Kwakwa) អនុប្រធានធនាគារពិភពលោក(WB) បានថ្លែងថា ឆ្លើយតបទៅនឹងសំណើខាងលើនេះ ធនាគារពិភពលោកនឹងធ្វើការជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធផ្សេងទៀតដើម្បីរកចម្លើយដ៏សមស្របណាមួយសម្រាប់កម្ពុជាក្រោមលក្ខខណ្ឌនៃកិច្ចសហប្រតិបត្ដិការក្នុងភាពជាដៃគូរឹងមាំ ។

គួរជម្រាបជូនថា ជំនួបពិភាក្សាមួយតាមរយៈប្រព័ន្ធវីដេអូបានកើតឡើងកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រវាងរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងលោកស្រីអនុប្រធានធនាគារពិភពលោក ៕

Loading...