ក្រសួងអប់រំដាក់បទបញ្ញត្តិ៥ចំណុចសម្រាប់ពង្រឹងគុណភាពប្រឡងបាក់ឌុប

ភ្នំពេញ ៖រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ផ្សព្វផ្សាយពត៌មានផ្លូវការដល់សាធារណជន ពិសេសបេក្ខជនដែលត្រៀមប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប អំពីការពង្រឹងវិន័យក្នុងពេលប្រឡងរយៈពេល ២ថ្ងៃ នៅថ្ងៃទី២៤ និងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ ខាងមុខ។

ការផ្សព្វផ្សាយពង្រឹងវិន័យនាទីស្ដីការក្រសួងអប់រំនេះ ធ្វើឡើងនៅថ្ងៃទី១៤ ខែសីហា ដោយមានការចូលរួមពីរដ្ឋមន្ត្រីក្រសួង និងមន្ត្រីពាក់ព័ន្ធមួយចំនួន។

បទបញ្ញត្តិចំនួន ៥ចំណុច របស់ក្រសួងអប់រំយុវជន និងកីឡា គឺជាវិធានការក្ដៅសម្រាប់ពង្រឹងឲ្យការប្រឡងមានគុណភាព និងតម្លាភាព ដោយបានរឹតបន្តឹងដល់បេក្ខជនដែលប្រព្រឹត្តខុសឈានដល់ការធ្លាក់ជាស្វ័យប្រវត្តិ និងមិនអនុញ្ញាតឲ្យចូលប្រឡងចំនួន ២ឆ្នាំជាប់គ្នា។

រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ថ្លែងនៅថ្ងៃទី១៤ សីហា ថា វិធានការទាំងនោះមានជាអាទិ ការធ្វើកោសល្យវិច័យរកឃើញថា សន្លឹកកិច្ចការរបស់បេក្ខជនដូចឯកសារដែលគេចែកចាយតាមបណ្ដាញផ្សព្វផ្សាយ និងឯកសារលក់នៅលើទីផ្សារនោះមានន័យថា បេក្ខជនចម្លង ជាលទ្ធផលបេក្ខជននោះនឹងបានពិន្ទុសូន្យ។ ចំណែកបេក្ខជនដែលឲ្យសន្លឹកកិច្ចការរបស់ខ្លួនទៅអ្នកដទៃចម្លង គឺនឹងត្រូវធ្លាក់នៅឆ្នាំនេះ ហើយមិនអនុញ្ញាតឲ្យចូលប្រឡងនៅឆ្នាំក្រោយទៀតនោះទេ។ មួយវិញទៀត បេក្ខជនដើរប្រមូលលុយឲ្យគ្រូនៅពេលប្រឡងនឹងត្រូវប្រឡងធ្លាក់ជាស្វ័យប្រវត្តិ និងមិនអាចមិនអនុញ្ញាតឲ្យចូលប្រឡងចំនួន ១ឆ្នាំ។

ជាងនេះទៅទៀត ប្រសិនជាបេក្ខជនយកអាវុធជាតិផ្ទុះចូល ឬឲ្យអ្នកដទៃប្រឡងជំនួស ឬមួយបេក្ខជននោះបានធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈក្នុងបន្ទប់ប្រឡង បេក្ខជននោះនឹងត្រូវធ្លាក់ជាស្វ័យប្រវត្តិ និងមិនឲ្យចូលប្រឡងចំនួន ២ឆ្នាំជាប់គ្នា។ បេក្ខជនដែលគេរកឃើញថា បានប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក ឬទូរស័ព្ទដៃ ក្នុងពេលចែកវិញ្ញាសាប្រឡងនោះនឹងត្រូវធ្លាក់ជាស្វ័យប្រវត្តិ ពិសេសជាងនេះទៅទៀត ចំពោះបេក្ខជនធ្វើឲ្យខូចខាតរបៀបរៀបរយក្នុងបន្ទប់ប្រឡង ហើយប្រមូលផ្ដុំគ្នាបង្កើតក្លឹបចម្លើយ និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយស ឬរាងកាយដល់មេប្រយោគ នោះនឹងឈានដល់ការបញ្ជូនខ្លួនទៅស្ថាប័នមានសមត្ថកិច្ចទៀតផង។

លោក ហង់ ជួនណារ៉ុន៖ «បទបញ្ញត្តិទី៥ គឺបង្កបញ្ហានៅក្នុងបន្ទប់ប្រឡង។ គាត់ទៅប្រមូលផ្ដុំគ្នាទទួលវិញ្ញាសាហើយ រៀបចំជាក្លឹប ធ្វើចម្លើយហើយចែកគេចម្លង។ នាំសំណៅវិញ្ញាសាចេញ និងចម្លើយចូល គឺលុបឈ្មោះចេញពីគ្រឹះស្ថានសិក្សា និងបញ្ជូនខ្លួនទៅស្ថាប័នមានសមត្ថកិច្ច»។

ទន្ទឹមនឹងបទបញ្ញត្តិនេះ ក្រសួងអប់រំក៏នឹងប្រកាសបិទកន្លែងថតចម្លង និងកន្លែងលក់ដូរដែលនៅជិតមណ្ឌលប្រឡងដើម្បីជៀសវាងភាពរញ៉េរញ៉ៃក្នុងថ្ងៃប្រឡង។

ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ នៅថ្ងៃទី២៤ និងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥។ ការប្រឡងនៅឆ្នាំ២០១៥នេះ មានបេក្ខជនជាង ៨ម៉ឺននាក់ (៨៣.៤៨០) ចូលរួមប្រឡង ក្នុងនោះមានមណ្ឌលប្រឡងចំនួន ១៤៩ កន្លែង ស្មើនឹងជាង ៣ពាន់បន្ទប់ (៣.៥៧៩) ដែលមណ្ឌលប្រឡងត្រូវប្រមូលផ្ដុំនៅតែទីរួមខេត្ត រាជធានី ឬទីរួមស្រុកដែលមានទីតាំងឆ្ងាយតែប៉ុណ្ណោះ។ បេក្ខជនដែលប្រឡងជាប់ត្រូវទទួលបានពិន្ទុចំនួន ២៣៧ពិន្ទុ។

ក្រៅពីនេះក្រសួងអប់រំ ក៏មានបទបញ្ញត្តិនិងកម្រិតវិន័យសម្រាប់បុគ្គលិកអប់រំក្នុងកិច្ចការពេលប្រឡងផងដែរ។

លោក ហង់ ជួនណារ៉ុន បញ្ជាក់ថា ទាំងថ្នាក់ដឹកនាំក្រសួងអប់រំ រហូតដល់មន្ត្រីដែលជាគ្រូ ឬមេប្រយោគ ដែលប្រព្រឹត្តខុសនឹងត្រូវទទួលទោសទណ្ឌដែលមានទណ្ឌកម្មខាងផ្នែកវិន័យដូចជា ស្ដីបន្ទោសផ្ទាល់មាត់ និងជាលក្ខណ៍អក្សរ ឬនឹងត្រូវផ្លាស់ការងារដោយបង្ខំ និងឈានដល់ការលុបឈ្មោះចេញពីតារាងឡើងឋានន្តរសក្ដិ ឬថ្នាក់ជាដើមអាស្រ័យទៅតាមទោសកំហុស។

នៅក្នុងឆ្នាំ២០១៥ នេះ ក្រសួងបានប្រើប្រាស់ថវិកាសម្រាប់ការប្រឡងប្រមាណ ៣លានដុល្លារអាមេរិក។ មានចំនួនបុគ្គលិកដែលធ្វើការប្រមាណ ២ពាន់នាក់៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *