ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសអនុវត្តវិស្សមកាលតូចមុនការកំណត់

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ បានចេញប្រកាសព័ត៌មានស្ដីពីការអនុវត្តវិស្សមកាលតូចមុនកាលកំណត់ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញនិងក្រុងសៀមរាប ។

ក្រសួងអប់រំបានបញ្ជាក់ថា ក្រសួងមានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា យោងតាមរបាយការណ៍ស្ឋានភាពរាតត្បាតនៃវីរុស កូវីដ- ១៩ របស់អង្គការសុខភាពពិភពលោកនិងពេលថ្មីៗនេះព្រះរាជាណាចក្រកម្ពុជាបានរកឃើញជាបន្តបន្ទាប់នូវវីរុស កូវីដ ១៩ លើជនបរទេសមានសញ្ជាតិផ្សេងៗដែលតម្រូវឲ្យមានវិធានការការពារទប់ស្កាត់ជាបន្ទាន់ ក្រសួងសូមណែនាំគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននៅរាជធានីភ្នំពេញ និងក្រុងសៀមរាបដូចតទៅ៖

១. ចាប់អនុវត្តវិស្សមកាលតូចមុនកាលកំណត់ពីថ្ងៃចេញសេចក្តីប្រកាសព័ត៌មាននេះ រហូតដល់ពេលចូលរៀនឡើងវិញ

២. សម្រាប់គ្រឹះស្ថានដែលមិនទាន់បញ្ចប់ការវាយតម្លៃលទ្ធផលសិក្សារបស់សិស្សក្នុងឆមាសទី ១ ក្រសួងតម្រូវឲ្យយកលទ្ធផលសិក្សាជាមធ្យមភាគនៃពិន្ទុប្រចាំខែចាប់ពីខែធ្នូ ឆ្នាំ២០១៩ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២០ ជាមធ្យមវិភាគពិន្ទុប្រចាំឆមាសទី១

៣. ចំពោះគ្រឹះស្ថានសិក្សាអន្តរជាតិ គណៈគ្រប់គ្រងត្រូវពិគ្រោះយោបល់ជាមួយមាតាបិតាអ្នកអាណាព្យាបាលសិស្សដើម្បីចាត់វិធានការទប់ស្កាត់និងអនុវត្តតាមវិធានការបង្ការនិងទប់ស្កាត់របស់អង្គការសុខភាពពិភពលោក who

៤. ក្នុងអំឡុងវិស្សមកាលតូចមាតាបិតាអ្នកអាណាព្យាបាលគ្រប់រូបត្រូវជំរុញឲ្យកូនចៅធ្វើស្វ័យសិក្សានៅតាមផ្ទះ និងត្រូវមើលថែកូនចៅ និងជៀសវាងទៅកន្លែងមួយចំនួនដែលប្រឈមនឹងការឆ្លងវីរុសខ្ពស់ ដូចជាកន្លែងហែលទឹកសាធារណៈកន្លែងហាត់ប្រាណ សួនកុមារ និងកន្លែងផ្សេងទៀត ដែលមានហានិភ័យខ្ពស់ ក្នុងការឆ្លងកូវីដ-១៩

៥. អនុវត្តការសម្អាតបរិវេណគ្រឹះស្ថានសិក្សា។

ក្រសួងបានបញ្ជាក់ទៀតថា សូមគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាល នៅរាជធានីភ្នំពេញ និងនៅក្រុងសៀមរាប និងសាធារណជនទាំងអស់ មេត្តាជ្រាប និងចូលរួមសហការ ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសូមេត្តាតាមដាន ជាប្រចាំការផ្សព្វផ្សាយ របស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល ៕

Loading...