ភ្នំពេញៈ ក្រសួងការងារ និង បណ្តុះបណ្តលវិជ្ជាជីវៈ បានបើកយុទ្ធនាការ ចាក់ វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ សម្រាប់បុគ្គលិក មន្ត្រីរាជការ។ ការបើកយុទ្ធនាការនេះ បានចាប់ផ្តើម កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ ដែលបានរៀបចំឡើង នៅទីស្តីការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្ទាល់តែម្តង។
គួរបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងនេះ បានរៀបចំឡើងដោយ គណៈកម្មការចំពោះ កិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សហការជាមួយអនុគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំង បង្ការជំងឺ កូវីដ-១៩ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងគោលបំណង ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺកូវីដ-១៩។
ក្នុងឱកាស ចុះពិនិត្យមើល យុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ សម្រាប់បុគ្គលិក មន្ត្រីរាជការ ក្រោមឱវាទរបស់ក្រសួង លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថាៈ វ៉ាក់សាំងកូវីដ-១៩ ជាឧបករណ៍ថ្មីមួយ បន្ថែមលើ វិធានការសុខាភិបាល ដែលមានស្រាប់ សម្រាប់ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ និងសង្គ្រោះជីវិតមនុស្ស ដែលជួយបុគ្គលមិនឲ្យឈឺធ្ងន់ធ្ងរ នៅពេលឆ្លងជំងឺកូវីដ-១៩ និងកាត់បន្ថយការព្យាបាល នៅមន្ទីរពេទ្យ។ វ៉ាក់សាំងកូវីដ-១៩ ដែលកំពុងប្រើប្រាស់នៅ កម្ពុជា ជាវ៉ាក់សាំង ដែលបានធ្វើតេស្តពីសុវត្ថិភាព និងប្រសិទ្ធភាពម៉ត់ចត់ និងកំពុងប្រើប្រាស់ នៅតាមបណ្តាប្រទេសនានា ក្នុងតំបន់ និងក្នុងពិភពលោក ដែលបណ្តាប្រទេសមួយចំនួន បាននិងកំពុងដំណើរការចាក់ បានរាប់សិបលាននាក់ ទៅហើយ។
លោករដ្ឋមន្ត្រីក្រសួងការងារ បានបន្តថាៈ ” ការទទួលចាក់វ៉ាក់សាំង ដោយស្ម័គ្រចិត្ត ដើម្បីការពារខ្លួនអ្នក ការពារក្រុមគ្រួសារអ្នក និងការពារសហគមន៍យើង ដើម្បីកុំឲ្យវីរុស កូវីដ-១៩ វាយលុកចូលទៅក្នុងខ្លួនយើង ចូលទៅក្នុងផ្ទះរបស់យើង និងចូលក្នុងសង្គម របស់យើង ដែលធ្វើឲ្យមានមហន្តរាយ សុខភាពសាធារណៈ ក៏ដូចជាមានការប៉ះពាល់ធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិរបស់យើងផងដែរ”។
ជុំវិញការចាក់វ៉ាក់សាំងនេះដែរ លោករដ្ឋមន្ត្រី បានលើកឡើងថាៈ ទោះបីជាបុគ្គលម្នាក់ៗ បានទទួលវ៉ាក់សាំង រួចហើយក្តី ក៏ត្រូវចងចាំថា ត្រូវតែបន្តចូលរួម ត្រួតពិនិត្យ និងការពារ ហានិភ័យ នៃការចម្លងនៃជំងឺកូវីដ-១៩ កាត់បន្ថយលើផលប៉ះពាល់ លើសេដ្ឋកិច្ច និងសង្គម ដោយបន្តអនុវត្តវិធានការ ៣កុំ និង៣ការពារ ដើម្បីទប់ស្កាត់ការចម្លង វីរុសកូវីដ-១៩ នៅក្នុងសហគមន៍ នៅក្នុងប្រទេសកម្ពុជា ដែលជាការណែនាំ ដ៏ខ្ពង់ខ្ពស់របស់ សម្តេច តេជោ ហ៊ុន សែន ។
គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បានចាត់តាំងឲ្យគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ សហការជាមួយ ក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីគ្រប់ លំដាប់ថ្នាក់ ឲ្យបើកយុទ្ធនាការចាក់វ៉ាក់សាំង ជាលក្ខណៈទ្រុងទ្រោយធំទូទាំងប្រទេស ដោយពលរដ្ឋអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ដែលស្ថិតក្នុងក្រុមអាទិភាព នៃការចាក់វ៉ាក់សាំង ចូលរួមទទួលវ៉ាក់សាំង ដោយស្ម័គ្រចិត្ត ដើម្បីការពារខ្លួន និងក្រុមគ្រួសារ កុំឲ្យឆ្លងកូវីដ-១៩។
នៅក្នុងយុទ្ធនាការនេះ ក្រុមការងាររបស់ ក្រសួងសុខាភិបាល បានត្រៀមចាក់វ៉ាក់សាំង ដល់ក្រុមអាទិភាពជាង ៧៤ ម៉ឺននាក់ សម្រាប់ដូសទី១ នៃវ៉ាក់សាំងស៊ីណូវ៉ាក់ ដោយចាប់ផ្ដើម នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១៕