ក្រសួង​ធនធាន​ទឹក កម្ពុជា​នឹង​ថយ​ចុះ​បរិមាណ​ភ្លៀង​ក្នុង​មួយ​សប្ដាហ៍​ខាង​មុខ

មន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា នេះ បាន​ឲ្យ​ដឹង​ថា តាម​ការព្យាករ​អំពី​ស្ថានភាព​អាកាសធាតុ​ជុំវិញ​ជំនន់​ទឹកភ្លៀង​រួច​មក   កម្ពុជា​នឹង​លែង​មាន​បាតុភូត​ជំនន់​ទឹកភ្លៀង​កើត​មាន​ចាប់​ពេល​នេះ​រហូត​មួយ ​សប្ដាហ៍​ខាង​មុខ។

នាយក​ខុទ្ទកាល័យ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក ចាន់ យុត្ថា បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា គិត​មក​ដល់​ថ្ងៃ​នេះ ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅ​កម្ពុជា លែង​ជា​ក្តី​បារម្ភ​ទៀត​ហើយ។ លោក​ថា បើទោះជា​ខេត្ត​មួយ​ចំនួន​រងគ្រោះ​ជំនន់​ទឹក​ភ្លៀង​ខ្លះ​ក្តី ប៉ុន្តែ​លោក​ថា ចាប់​ពី​ថ្ងៃ​នេះ​រហូត​មួយ​សប្ដាហ៍​ខាង​មុខ បាតុភូត​ភ្លៀង​ធ្លាក់​ដែល​បង្ក​ឡើង​ដោយ​ព្យុះ ឬ​បាតុភូត​ធម្មជាតិ នឹង​មិន​កើត​មាន​ ទៀត​ទេ។

លោក ចាន់ យុត្ថា៖ «ស្ថានភាព​ទូទាំង​ប្រទេស​បាន​ធូរស្រាល​ប្រហែល ៩០% ហើយ​ស្ថានភាព​ទឹក​ភ្លៀង​ចាប់​ពី​ពេល​នេះ​រហូត​មួយ​សប្ដាហ៍​ខាង​មុខ ក៏​លែង​កើត​មាន​ដែរ មាន​ន័យ​ថា នឹង​មិន​បង្ក​ឲ្យ​មាន​ការ​ធ្លាក់​ភ្លៀង ឬ​បាតុភូត​ធម្មជាតិ​ខ្យល់​ព្យុះ ខ្ញុំ​និយាយ​នេះ​គឺ​គ្រាន់តែ​រង្វង់​មួយ​សប្ដាហ៍​ប៉ុណ្ណោះ តែ​អាច​មាន​ភ្លៀង​ខ្លះ​ដែរ នៅ​តំបន់​មួយ​ចំនួន ព្រោះ​កម្ពុជា ទទួល​រង​ឥទ្ធិពល​ភ្លៀង​មូសុង​និរតី តែ​មិន​មែន​ដោយសារ​ភ្លៀង​បាតុភូត​ទៀត​នោះ​ទេ»

​ក្រៅ​ពី​នេះ អ្នកនាំពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ក៏​បាន​អំពាវនាវ​ផ្តល់​ដំណឹង និង​ការ​ដាស់តឿន​ទៅ​ដល់​ប្រជាពលរដ្ឋ ឲ្យ​មាន​វិធានការ ពិសេស​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើត​ឡើង​ជាយថាហេតុ៕

image

Loading...

Leave a Reply

Your email address will not be published. Required fields are marked *