ភ្នំពេញៈ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការពិនិត្យ សុខភាពផ្ទាល់ខ្លួន របស់បុគ្គលិកអប់រំ គ្រប់លំដាប់ថ្នាក់។
បើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងអប់រំ បានបញ្ជាក់ថាៈ កាលពីកន្លងមក ក្រសួងធ្លាប់បានបញ្ជាក់ថា ប្រជាពលរដ្ឋ ដែលប៉ះពាល់មនុស្សច្រើន តែងមានហានិភ័យខ្ពស់ ដែលប្រឈមនឹងការឆ្លងជំងឺកូវីដ-១៩។ ក្នុងករណីនេះហើយ បើបុគ្គលិកអប់រំរូបណា ដែលបានប៉ះពាល់ជាមួយ សាធារណជនច្រើន ព្រមទាំងកំពុងរស់ នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល និងមានរោគសញ្ញា ដូចជាៈ គ្រុនក្តៅ ក្អក កណ្តាស់ ឈឺ ក ហៀរសំបោរ ហត់ ឬ ពិបាកដកដង្ហើម សូមទៅធ្វើតេស្តរកកូវីដ-១៩ ឱ្យបានឆាប់ តាមដែលអាចធ្វើ ទៅបាន។
គួរបញ្ជាក់ថា បើគិតត្រឹម ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ១.៦៣២ នាក់, អ្នកជាសះស្បើយ ៩៣៥ នាក់ , អ្នកកំពុងព្យាបាល ៦៩២ នាក់ និងស្លាប់ ៣ នាក់៕