ក្រុងប៉េកាំងតវ៉ាចំពោះប្រតិបត្តិការនាវាចម្បាំងរបស់អាមេរិកនៅសមុទ្រចិនខាងត្បូង

ចិនបានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង បន្ទាប់ពីនាវាចម្បាំងអាម៉េរិកពីរគ្រឿងបានធ្វើនាវាចរណ៍នៅដែនកោះមួយដែលទីក្រុងប៉េកាំងអះអាងថារបស់ខ្លួន ស្ថិតនៅក្នុងសមុទ្រចិនខាងត្បូងដែលកំពុងមានជម្លោះ ហើយដែលសកម្មភាពនេះកាន់តែថែមឡើងនូវភាពតានតឹងនៅផ្លូវទឹកប្រកបដោយយុទ្ធសាស្រ្តមួយនេះ ។

ក្រសួងការបរទេសចិនបានចេញសេចក្តីថ្លែងការណ៍មួយបង្ហាញពីការប្រឆាំងជំទាស់ទៅនឹងនាវាចម្បាំងអាម៉េរិកនៅលើទឹកដីកំពុងមានជម្លោះកោះ Paracel កាលពីថ្ងៃអាទិត្យ ទី២៧ ខែឧសភា ឆ្នាំ២០១៨ ។

យោធាអាមេរិកធ្វើប្រតិបត្តិការនូវអ្វីដែលគេហៅថា “សេរីភាពនៃការធ្វើនាវាចរណ៍” នៅសមុទ្រចិនខាងត្បូងដើម្បីប្រឆាំងទៅនឹងការថ្លែងអះអាងរបស់ទីក្រុងប៉េកាំងថាជាកម្មសិទ្ធិរបស់ខ្លួន ដែនដីតំបន់មួយនេះ បើទោះបីជាអាមេរិកមិនបានកំណត់ថា តំបន់ដែលកំពុងមានជម្លោះ គឺជារបស់អាមេរិកយ៉ាងណាក៏ដោយ។

ក្រសួងការបរទេសចិនបានប្រកាសថា នាវាចម្បាំង Higgins និង Antietam របស់កងនាវាចរអាម៉េរិក ដែលជានាវាពិឃាត និងនាវាចម្បាំងបានចូលដែនទឹករបស់ចិនដោយគ្មានការអនុញ្ញាត ហើយត្រូវបានឆ្លើយតបដោយកងនាវាចរចិន ដែលល្បាត ។ នាវាអាមេរិកទាំងនេះ បានរងនូវការព្រមានពីកងនាវាចិន និងបណ្តេញឱ្យចាកចេញទៅវិញ ។

ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបានផ្សាយថា នាវាអាមេរិកទាំងពីរគ្រឿងខាងលើនេះត្រូវបាននាវាចិនបណ្តេញចេញពីដែនទឹកភ្លាមៗផងដែរ ។

ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីទីក្រុងប៉េកាំងបានហោះហើរយន្តហោះមានសមត្ថភាពទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ទៅកាន់កោះដែលមានជម្លោះ ដើម្បីបង្ហាញកម្លាំងយោធាចិន ក៏ដូចបង្កើនការទាមទារទឹកដីរបស់ខ្លួននៅក្នុងតំបន់ដែលកំពុងមានជម្លោះនេះ។

សកម្មភាពរបស់យោធាចិនទាំងនេះបានជម្រុញឱ្យមានការរិះគន់ភ្លាមៗពីសហរដ្ឋអាមេរិក ហើយកាលពីសប្តាហ៍មុន បានសម្រេចមិនអញ្ជើញកម្លាំងយោធាប្រទេសចិនឲ្យចូលរួមជាមួយលំហាត់សមយុទ្ធតាមសមុទ្រនៅប៉ាស៊ីហ្វិក នោះទេ ដោយសារសកម្មភាពបន្តការធ្វើសមយុទ្ធយោធារបស់ទីក្រុងប៉េកាំងនៅសមុទ្រចិនខាងត្បូង។

ក្រុងប៉េកាំងបាននិងកំពុងកសាងកោះសិប្បនិម្មិត ដើម្បីពង្រឹងការគ្រប់គ្រងរបស់ខ្លួនលើសមុទ្រចិនភាគខាងត្បូង ដែលសម្បូរទៅដោយធនធានធម្មជាតិ ទោះបីមានការតវ៉ាពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ក៏ដោយ។

ប្រទេសជិតខាងរបស់ចិន ជាពិសេសប្រទេសដែលជាប់ពាក់ព័ន្ធក្នុងជម្លោះដែនសមុទ្រ បានសម្តែងការព្រួយបារម្ភថា ចិនអាចរឹតបន្តឹងសេរីភាពនាវាចរណ៍ និងការហោះហើរនៅក្នុងតំបន់នេះ ៕

Loading...