ក្រុងព្យុងយ៉ាងអះអាងថា ទឹកដីអាមេរិកទាំងមូលស្ថិតក្រោមគ្រាប់មីស៊ីលរបស់កូរ៉េខាងជើង

កូរ៉េខាងជើងបានទទួលជោគជ័យនៅក្នុងការបាញ់សាកល្បងមីស៊ីលឆ្លងទ្វីប (ICBM) ហើយបានពិពណ៌នាថា មីស៊ីលនេះអាចបាញ់ដល់ទឹកដីអាមេរិក ។

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងផ្សាយថា មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានថ្លែងថា ការធ្វើតេស្តមីស៊ីលនេះ បានបង្ហាញយ៉ាងច្បាស់ថា ទឹកដីរបស់អាមេរិកទាំងមូលស្ថិតនៅពីក្រោមគ្រាប់មីស៊ីលទាំងអស់នេះហើយ​។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញបញ្ហានេះលើកឡើងថា មីស៊ីលរបស់កូរ៉េខាងជើងនោះមិនអាចវាយលុកគោលដៅក្នុងទឹកដីអាមេរិកបានឡើយ ។

ការបាញ់សាកល្បងអាវុធនាពេលនេះរបស់កូរ៉េខាងជើងធ្វើឡើងបន្ទាប់ពីប្រទេសនេះបាញ់សាកល្បងមីស៊ីលប្រភេទនេះលើកដំបូងកាលពី៣សប្តាហ៍មុន។

មន្ទីរបញ្ចកោណបានអះអាងថា មីស៊ីលចុងក្រោយដែលត្រូវបានបាញ់សាកល្បងនោះគឺនៅវេលាម៉ោង២៣និង៤១នាទី (ម៉ោង ក្នុងតំបន់) ពីរោងចក្រអាវុធមួយ ស្ថិតនៅក្នុងខេត្ត ចាគាង (Jagang ) ភាគខាងជើងនៃប្រទេសនេះ។

កូរ៉េខាងជើងអួតអាងថា កាំជ្រួចមីស៊ីល ICBM បានហោះក្នុងរយៈពេលត្រឹមតែ៤៧នាទីប៉ុណ្ណោះ ហើយបានឈានដល់កម្ពស់៣.៧២៤ គីឡូម៉ែត្រ (២.៣០០ ម៉ៃ) ។

មិនមែនជារឿងធម្មតាឡើយដែលកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលនៅពេលយប់បែបនេះ – សារៈសំខាន់សកម្មភាពនេះ គឺមិនទាន់ដឹងច្បាស់នៅឡើយ។ នេះគឺជាលើកទីមួយដែលមីស៊ីលត្រូវបានបាញ់ចេញពីខេត្ត Jagang ខណៈដែលទីតាំងបាញ់សាកល្បងកាលពីលើក​មុន មិនបានបញ្ជាក់ប្រាប់ទេ។

ការបាញ់សាកល្បីងនេះធ្វើឲ្យអាមេរិក និងប្រទេសជិតខាងកូរ៉េខាងជើងថ្កោលទោសយ៉ាងខ្លាំង ។ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ថ្លែងថា សកម្មភាពនោះជាការគ្រោះថ្នាក់បំផុត ប្រសិនបើពុំមានការប្រុងប្រយ័ត្ន ដែលបង្កឡើងដោយរបបកូរ៉េខាងជើង។

កូរ៉េខាងត្បូងបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពកូរ៉េខាងជើង ដែលបាញ់សាកល្បងមីស៊ីលទីតាំង និងពេលវេលាតែមួយ ។

លោកស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុនថ្លែងថា វាបានគំរាមកំហែងយ៉ាងពិតប្រាកដ និងធ្ងន់ធ្ងរដល់សន្តិសុខរបស់ប្រទេសជប៉ុន។

រីឯប្រទេសចិនឯណោះវិញក៏បានថ្កោលទោសការបាញ់មីស៊ីលសាកល្បងរបស់កូរ៉េខាងជើងនាពេលនេះផងដែរ ។ ប៉ុន្តែបានជំរុញភាគីពាក់ព័ន្ធទាំងអស់អត់ធ្មត់ និងបញ្ចៀសបង្កឲ្យស្ថានការណ៍តានតឹងខ្លាំងជាងនេះ ។

ទីក្រុងព្យុងយ៉ាងបញ្ជាក់ថា ការបាញ់មីស៊ីលនេះទទួលបានជោគជ័យយ៉ាងខ្លាំងអំពីសមត្ថភាពមីស៊ីលរបស់ខ្លួន ។

ទីភ្នាក់ងារ KCNA បានផ្សាយថា លោកគីម ជុងអ៊ុន បានថ្លែងដោយមោទនភាពថា ទឹកដីអាមេរិកគ្រប់កន្លែងទាំងអស់ស្ថិតនៅក្រោមគ្រាប់មីស៊ីលរបស់កូរ៉េខាងជើង។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា មីស៊ីលដែលបាញ់សាកល្បងពេលនេះ ប្រភេទ Hwasong-14 មូដែលដូចគ្នាកាលពីបាញ់សាកល្បងថ្ងៃទី៣ ខែកក្កដា ។

កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់រំលោភបំពាន់លើច្បាប់របស់អង្គការសហប្រជាជាតិ។

កាំជ្រួចមីស៊ីល ICBMs អាចទៅដល់កម្ពស់យ៉ាងល្អខាងក្រៅបរិយាកាសផែនដី មិនបង្កគ្រោះថ្នាក់ដល់ប្រទេសជិតខាងកូរ៉េខាងជើងឡើយ ។

ថ្វីបើមានការសាល្បងជាបន្តក៏ដោយ ក៏ក្រុមអ្នកជំនាញជឿជាក់ថា កូរ៉េខាងជើងមិនទាន់មានលទ្ធភាពនៅក្នុងការធ្វើឲ្យក្បាលគ្រាប់បែកនុយក្លេអ៊ែរឲ្យនៅតូចដើម្បីបំពាក់នៅលើមីស៊ីលរយៈចម្ងាយឆ្ងាយ និងធានាថា វាត្រូវបានការពាររហូតដល់ការបញ្ជូនទៅដល់គោលដៅនោះឡើយ។ កូរ៉េខាងជើងចំណាយពេលមិនតិចពី៥ទៅ១០ឆ្នាំទៀតឡើយ ទម្រាំមានសមត្ថភាពផលិតក្បាលគ្រាប់នុយក្លេអ៊ែរឲ្យតូច ហើយបំពាក់លើមីស៊ីលវាយប្រហារដល់គោលដៅលើទឹកដីអាមេរិក។

ប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ថា ការបាញ់សាកល្បងមីស៊ីលកាលពីថ្ងៃសុក្រ នោះបានធ្លាក់នៅសមុទ្រភាគខាងជើងប្រទេសជប៉ុន ។

ជាការឆ្លើយតប យោធាអាមេរិក និងកូរ៉េខាងត្បូងធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដោយប្រើមីស៊ីលលើផ្ទៃដី ។ នេះបើតាមមន្ត្រីក្រសួងការពារជាតិអាមេរិក។

យោធាអាមេរិកប្រកាសថា មីស៊ីលបាញ់ចូលដែនទឹកកូរ៉េខាងត្បូង​ឈូងសមុទ្រភាគខាងកើត ។ រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Song Young-moo ថ្លែងថា កូរ៉េខាងត្បូងអាចរៀបវិធានការឯករាជ្យផ្ទាល់ខ្លួនទប់ស្កាត់ការគំរាមកំហែងពីកូរ៉េខាងជើង, ពន្លឿនការដាក់ពង្រាយប្រព័ន្ធមីស៊ីល THAAD ផ្តល់ដោយអាមេរិកផងដែរ។

រដ្ឋាភិបាលចិនបានទំនាស់ដាច់អហង្ការចំពោះការដាក់ពង្រាយប្រព័ន្ធមីស៊ីល THAAD ដោយមើលឃើញថា ប៉ះពាល់ខ្លាំងក្លាដល់សន្តិសុខក្នុងតំបន់ ៕ សុរ្ម័ន

Loading...