ក្រុមការងារចម្រុះដឹកនាំដោយអភិបាលរងស្រុកអូរយ៉ាដាវ ចុះទប់ស្កាត់បង្ការ និងបង្រ្កាបធនធានធម្មជាតិ

ខេត្តរតនគីរី៖ ក្រុមការងារចម្រុះ ដឹកនាំដោយលោកស៊ីម លីន អភិបាលរងស្រុកអូយ៉ាដាវ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ បានចុះប្រតិបត្តិការទប់ស្កាត់ បង្ការ និងបង្រ្កាបធនធានធម្មជាតិ ដោយលទ្ធផល ចាប់បានម៉ូតូ និងឈើដែលជាវត្ថុតាង ។ ចំណែកជនសង្ស័យ បានដឹងខ្លួនមុនរត់គេចខ្លួនបាត់ស្រមោល។

លោកស៊ីម លីន បានប្រាប់ឲ្យដឹងថា ដោយយោងលិខិតបញ្ជាបេសកកម្មរបស់អភិបាលនៃគណៈអភិបាលស្រុកអូរយ៉ាដាវ និងដោយមានការសម្របសម្រួលពីលោក លាង អ៊ុ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី ទើបលោកដឹកនាំកម្លាំងចម្រុះ ចុះទប់ស្កាត់ បង្ការ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី ។

លោកបានបញ្ជាក់ថា សមាសភាពចូលរួមប្រតិបត្ដិការនេះរួមមាន៖ លោកអនុសេនីយ៍ឯកសេង កុសល មេបញ្ជាការរងកងរាជអាវុធហត្ថ, លោកអនុសេនីយ៍ឯក ម៉ៃ ម៉ារីន នាយផ្នែកនគរបាល, លោកស៊ូលីត សុំភូ ប្រធានក្រុមឧទ្យានុរក្ស, លោកប្រាក់ សុមន្ថា កងរាជអាវុធហត្ថស្រុក, លោកពេជ្រ សុភា យោធាស្រុក និងលោកព្រិន្ទបាលទោ ហាក់ ឈុនហេង មន្ត្រីកងរាជអាវុធហត្ថស្រុក ។

ប្រភពបន្តថា ជាលទ្ធផលក្រុមការងារចម្រុះបានចាប់យកម៉ូតូ៣គ្រឿង, ឈើប្រភេទលេខ១ចំនួន ៩ដុំ នៅចំណុច ២ទីតាំងផ្សេងគ្នា ដែលចិនល្មើសបានដឹកជញ្ជូនបម្រុងយកទៅលក់នៅប្រទេសយួន តាមច្រករបៀងក្នុងភូមិសាស្ត្រ គ្រប់គ្រងរបស់ប៉ុស្តិ៍ភ្នំក្រហម ។ ប៉ុន្តែនៅពេលសមត្ថកិច្ចទៅដល់ ជនល្មើសបានផ្ដួលម៉ូតូរត់ចូលព្រៃគេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្ន វត្ថុតាងម៉ូតូ៣គ្រឿងនិងឈើប្រភេទលេខ១ចំនួន ៩ ដុំ កម្លាំងចម្រុះបានប្រគល់ជូន ជំនាញបរិស្ថានដើម្បីចាត់ការតាមនីតិវិធី៕

Loading...