ក្រុមការងារមកពីអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ សហការជាមួយក្រុមការងារ

ខេត្តរតនគិរី៖ បញ្ចប់ការស៊ើបអង្កេតពាក្យប្ដឹងចោទប្រកាន់រឿងអាស្រូវរបស់ប្រធាន ពន្ធនាគារខេត្តហើយ នៅថ្ងៃទី១៦ ខែធ្នូ ក៏ប៉ុន្តែលទ្ធផលមិនត្រូវបានបញ្ចេញឲ្យដឹងជាសាធារណៈនៅឡើយ។
សាក្សីជាទណ្ឌិតម្នាក់ និងមន្ត្រីពន្ធនាគារមួយរូប ត្រូវបានក្រុមការងារនៃអគ្គនាយកដ្ឋានពន្ធនាគារ នាំទៅកាន់រាជធានីភ្នំពេញជាបណ្ដោះអាសន្ន ដើម្បីធានាសុវត្ថិភាព និងការស៊ើបអង្កេតប្រកបដោយតម្លាភាព ជុំវិញការចោទប្រកាន់រឿងអាស្រូវរបស់ប្រធានពន្ធនាគារខេត្តរតនគិរី។
អស់រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៤ រហូតថ្ងៃទី១៦ ខែធ្នូ មន្ត្រីនៃអគ្គនាយកដ្ឋានពន្ធនាគារ រួមជាមួយមន្ត្រីអាជ្ញាធរខេត្តរតនគិរី បានបើកការស៊ើបអង្កេតបណ្ដឹងចោទប្រកាន់ប្រធានពន្ធនាគារខេត្ត លោក ទិន សុវណ្ណនី ជុំវិញរឿងអាស្រូវ ១៤ចំណុច។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សាវនា បញ្ជាក់នៅថ្ងៃទី១៦ ខែធ្នូ ថា ការផ្ទេរសាក្សី និងដើមបណ្ដឹងពីកន្លែងកើតហេតុជាបណ្ដោះអាសន្ន ធ្វើឡើងដើម្បីធានាការស៊ើបអង្កេតឲ្យមានភាពសុក្រឹត តម្លាភាព និងចៀសវាងកុំឲ្យមានការគាបសង្កត់ ឬការភ័យខ្លាចណាមួយទៅលើសាក្សីនៃអង្គហេតុ។ លោកបន្តថា ក្រុមការងារស៊ើបអង្កេត មិនទាន់វិលមកដល់រាជធានីភ្នំពេញទេ។ ហេតុនេះ លទ្ធផលយ៉ាងណានោះ ក្រុមការងារនឹងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ពន្ធនាគារនៅពេលបញ្ចប់បេសកកម្ម៖ «ការណែនាំរបស់ឯកឧត្តមអគ្គនាយក ក្នុងការស៊ើបអង្កេតដើម្បីឲ្យមានតម្លាភាព ចៀសវាងការគំរាមកំហែងនានា។ យើងផ្ទេរអ្នកពាក់ព័ន្ធសំខាន់ៗទៅកន្លែងមួយដែលមានសុវត្ថិភាព អាចឆ្លើយដោយគ្មានការគំរាមកំហែងបាន»។
ទណ្ឌិតដែលត្រូវបញ្ជូនទៅភ្នំពេញ គឺស្ត្រីឈ្មោះ ទីង ប៉េក និងអនុប្រធានពន្ធនាគារ គឺអ្នកស្រី ឆោម ស្រីពេជ្រ។
កាលពីដើមសប្ដាហ៍នេះ ពាក្យប្ដឹងរបស់មន្ត្រីពន្ធនាគារខេត្តរតនគិរី ចំនួន ៣២នាក់ ត្រូវបានគេបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ហើយត្រូវបានគេចែកចាយបន្តពីម្នាក់ទៅម្នាក់។ ពាក្យប្ដឹងរបស់មន្ត្រីពន្ធនាគារទាំង ៣២នាក់ ប្ដឹងទៅអគ្គនាយកពន្ធនាគារដោយចោទប្រកាន់ប្រធានពន្ធនាគារខេត្ត រតនគិរី រឿងអាស្រូវចំនួន ១៤ចំណុច រួមមាន ការប្រព្រឹត្តអំពើពុករលួយ នាំអ្នកទោសចេញទៅធ្វើការក្រៅពន្ធនាគារ និងនាំអ្នកទោសជាស្ត្រីទៅរួមរ័កក្រៅពន្ធនាគារ ជាដើម។
បានព្យាយាមទាក់ទងដើមបណ្ដឹងពីររូបជាមន្ត្រីពន្ធនាគារ គឺលោក ថ្វើ ថញ និងអ្នកស្រី ឆោម ស្រីពេជ្រ ដើម្បីសុំអធិប្បាយពីការចោទប្រកាន់ ក៏ប៉ុន្តែមិនអាចទាក់ទងមន្ត្រីទាំងពីរបានទេនៅថ្ងៃទី១៦ ខែធ្នូ។
ដោយឡែកប្រធានកងការពារពន្ធនាគារ លោក កយ ព្រេល កត់សម្គាល់ថា ការចោទប្រកាន់របស់មន្ត្រីពន្ធនាគារទាំង ៣២រូប មិនមានភស្តុតាងជាក់លាក់ឡើយ៖ «ខ្ញុំនៅធ្វើការហ្នឹងសឹង ២៤ម៉ោង អត់ដែលលេចឮសកម្មភាពហ្នឹងផង។ ស្រាប់តែផ្ទុះឡើងអ៊ីចឹង ខ្ញុំមិនទាន់សន្និដ្ឋានប្រាកដទេ»។
កំណត់ហេតុសាកសួររបស់មន្ត្រីពន្ធនាគារខេត្តរតនគិរី ទៅលើសាក្សីជាស្ត្រីទណ្ឌិតឈ្មោះ ទីង ប៉េក ដែលដើមចោទបានប្ដឹងថា នាងត្រូវបានប្រធានពន្ធនាគារនាំចេញក្រៅដើម្បីរួមភេទ ឃើញមានស្នាមមេដៃ និងបញ្ជាក់ថា ប្រធានពន្ធនាគារមិនបានរួមរ័កជាមួយនាងដូចពាក្យចចាមអារ៉ាមនោះទេ។
ទាក់ទិនករណីនេះដែរ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) ខេត្តរតនគិរី លោក ឆាយ ធី ស្នើសុំឲ្យមន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋានពន្ធនាគារ ស៊ើបអង្កេតប្រកបដោយតម្លាភាព ដើម្បីផ្តល់យុត្តិធម៌ដល់គូភាគីរឿងក្តី៖ «ទាល់តែអគ្គនាយកដ្ឋាន ពន្ធនាគារស៊ើបអង្កេតឲ្យដឹងមូលហេតុពិត ថាអ្នកណាខុស? អ្នកណាត្រូវ? ហើយហ៊ានអារកាត់ដើម្បីចាត់វិធានការផ្លូវច្បាប់ បានមានប្រសិទ្ធភាព»។
ទោះជាយ៉ាងនេះក្តី ប្រធានពន្ធនាគារខេត្តរតនគិរី លោក ទិន សុវណ្ណនី បានបដិសេធការចោទប្រកាន់ទាំងអស់របស់មន្ត្រីក្រោមឱវាទ។ លោកបានចោទប្រកាន់ក្រុមអ្នកដែលប្ដឹងរូបលោកនោះវិញថា ជាអ្នកដែលមិនបានបំពេញការងារតាមតួនាទី។ លើសពីនោះ មន្ត្រីខ្លះបានជក់គ្រឿងញៀន និងដើររកស៊ីជាឯកជន មិនមកធ្វើការ។ លោកថា ពួកគេខឹង ហើយប្រឌិតរឿងប្ដឹងរូបលោក បន្ទាប់ពីលោកបានហៅពួកគេមកអប់រំ និងធ្វើកិច្ចសន្យាឲ្យគោរពវិន័យអង្គភាព៕

11-12-201564921

Loading...

Leave a Reply

Your email address will not be published. Required fields are marked *