ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បាននាំយកគ្រឿងចក្រមកកាយវារីរុក្ខជាតិ ដែលហូរធ្លាក់ចុះមកកកស្ទះរន្ធស្ពាន និងទ្វារទឹក ដើម្បីសម្រួលឲ្យចរន្តទឹកហូរធ្លាក់ទៅផ្នែកខាងក្រោម បានលឿន នៅស្ពានព្រែកជីកអាងទឹកតាម៉ុក ក្រោយភ្លៀងធ្លាក់ជោគជាំ នាជាច្រើនថ្ងៃកន្លងមកនេះ !

ខេត្តឧត្តរមានជ័យ៖ ភ្លៀងបានធ្លាក់ជាប់ៗគ្នានាច្រើនថ្ងៃកន្លងមកនេះ បង្កើតបានជាចរន្តទឹក ហូរធ្លាក់ ចុះមកស្រោចស្រពលើស្ពានព្រែកជីក នៃទំនប់អាងទឹកតាម៉ុក ហើយខ្សែទឹកជំនន់បានហូរនាំវារីរុក្ខជាតិ ជាច្រើន មកកកស្ទះរន្ធទឹក និងទ្វារទឹក ក្រុមមន្ត្រីជំនាញ នៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានប្រញាប់ចាត់វិធានការចុះអន្តរាគមន៍ ដោយបាននាំយកគ្រឿងចក្រមកកាយ ដើម្បីរំដោះទឹកឲ្យហូរធ្លាក់ ចុះទៅក្នុងផ្ទៃទឹកបឹងតាម៉ុក បញ្ជៀសបានពីការជនលិចស្ពានព្រែកជីកតាម៉ុក។ ការចុះធ្វើអន្តរាគមន៍រំដោះ ជំនន់ទឹកភ្លៀងនោះ បានធ្វើឡើងកាលពីថ្ងៃទី៩សីហាឆ្នាំ២០២០ នៅអាងទឹកតាម៉ុក ស្ថិតនៅក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ លោក ញើន កួន បានប្រាប់អោយដឹងថា ស្ថានភាពទឹកនៅទំនប់អាងទឹកតាម៉ុក នាថ្ងៃទី១០សីហាឆ្នាំ២០២០នេះ ទឹកក្នុងអាងតាម៉ុកមានការហក់ឡើង ដល់កម្ពស់ ៣,៩០ម៉ែត្រនោះហើយ បើធៀបនឹងថ្ងៃទី៩សីហាឆ្នាំ២០២០ ទឹកអាងមានកម្ពស់៣,៨៣ម៉ែត្រ ឃើញថា ថ្ងៃនេះមានការកើនឡើង ០,០៧ម៉ែត្រ ខណៈដែលកម្ពស់ទឹកដែលត្រូវប្រកាសឲ្យមានការ ប្រុងប្រយ័ត្ន គឺមានកម្ពស់ ៣,៨០ម៉ែត្រ និងកម្រិតទឹកដែលត្រូវប្រកាសអាសន្ន គឺស្ថិតក្នុងកម្ពស់ ៤,២០ម៉ែត្រ។

លោក ញើន កួន បានអោយដឹងទៀតថា ការហក់ឡើងនៃទឹកបឹងតាម៉ុក ដែលជិតនឹងឈានដល់ កម្រិតប្រកាសអោយមានការប្រុងប្រយ័ត្ននេះ គឺបណ្តាលមកពីមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា នាច្រើនថ្ងៃកន្លង មក ពិសេស ភ្លៀងបានធ្លាក់ជោគជាំ នៅចន្លោះរវាងពីថ្ងៃទី៥សីហា ដល់ថ្ងៃទី៨សីហាឆ្នាំ២០២០ ហើយនៅក្នុងថ្ងៃនេះ ភ្លៀងក៏នៅតែបន្តធ្លាក់ថែមទៀតផង។ លោកថា របាយទឹកភ្លៀងបានធ្លាក់ចុះមកក្នុង កម្រិតមធ្យម ១១៨មីលីម៉ែត្រ ទៅ២២៣,២មីលីម៉ែត្រ និង២៦០មីលីម៉ែត្រ ដែលបានធ្លាក់ស្រោចស្រពទៅលើ ស្រុកចំនួនពីរ គឺស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ បង្កើតបានជាទឹកជំនន់ ជន់លិចតំបន់មួយចំនួន ពិសេស លិចផ្លូវ ១ខ្សែប្រវែង ៤០ម៉ែត្រ ព្រមទាំងប្រព័ន្ធធារាសាស្ត្រផងដែរ។

លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានអោយដឹងទៀតថា ដោយសារស្ថានភាពទឹក ស្ពានព្រែកជីក នៃអាងទឹកតាម៉ុក មានការហក់ឡើងជិតដល់កម្រិត ដែលត្រូវប្រកាសអោយប្រុងប្រយ័ត្ន នៅក្នុងកម្ពស់ ៣,៨០ម៉ែត្រ នោះហើយ ទើបមន្ទីរធនធានទឹក បានចាត់មន្ត្រីជំនាញ អោយនាំយកគ្រឿងច្រក ជាច្រើនគ្រឿង មកកាយវារីរុក្ខជាតិ« សំណាត់ឈើ »ចេញ ដើម្បីរំដោះទឹក បញ្ជៀសបានពីការជនលិចស្ពាន និងរាំងស្ទះដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននោះ ។ លោកបានបញ្ជាក់ថា បើភ្លៀងនៅ តែបន្តធ្លាក់ឥតស្រាកស្រាន្តទៀតនោះ ស្ពានព្រែកជីកអាងទឹកតាម៉ុក អាចនឹងរងការជនលិច និងទឹកហក់ ឡើងដល់កម្រិត ដែលត្រូវប្រកាសអោយប្រុងប្រយ័ត្ន ។ ហើយនៅក្នុងខណៈនេះ នៅមិនមានរបាយការណ៍ ពីការកើតឡើងនៃគ្រោះមហន្តរាយ នៅតាមមូលដ្ឋានដែលមានជំនន់ទឹកភ្លៀងនោះ នៅឡើយទេ ៕

Loading...