ក្រុមការងារ​បក្ស​ប្រឆាំង​ខេត្តសៀមរាប​គ្រោង​ធ្វើ​បាតុកម្ម​បណ្ដេញ​អ្នកស្រី​ កែ​ សុវណ្ណ​រតន៍​

ប្រធាន​គណៈកម្មការ​សុខាភិបាល​ សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ យុវ​នីតិសម្បទា​ ការងារ​បណ្ដុះបណ្ដាល​ វិជ្ជាជីវៈ​និង​កិច្ចការ​នារី​នៃ​រដ្ឋសភា​ ឬ​ប្រធាន​គណៈកម្មការ​ទី​៨​នៃ​រដ្ឋសភា​ អ្នកស្រី​ កែ​ សុវណ្ណ​រតន៍​ កំពុង​ប្រឈម​នឹង​ការ​រិះគន់​ថា​ ជា​មនុស្ស​គ្មាន​តម្លាភាព​ការងារ​នៅ​ក្នុង​បក្ស​ មាន​បក្ខពួក​និយម​។​

 

អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ខេត្តសៀមរាប​ ទាមទារ​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​មួយ​នេះ​ ដោះ​ដូរ​អ្នកស្រី​ កែ​ សុវណ្ណ​រតន៍​ ពី​ប្រធាន​ក្រុមការងារ​ខេត្តសៀមរាប​ បន្ទាប់​ពី​អ្នកស្រី​ កាន់​តួនាទី​នេះ​ ៣​អាណត្តិ​ផ្ទួនៗ​។​ ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ ខេត្តសៀមរាប​ គ្រោង​ធ្វើ​បាតុកម្មអហិង្សា​តវ៉ា​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​នៅ​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​២​ មីនា​ ដើម្បី​សុំ​ឲ្យ​ថ្នាក់ដឹកនាំ​បក្ស​ដូរ​អ្នកស្រី​ កែ​ សុវណ្ណ​រតន៍​ ចេញពី​ប្រធាន​ក្រុមការងារ​ខេត្តសៀមរាប​។​ លេខា​អចិន្ត្រៃយ៍​ប្រតិបត្តិ​ខេត្តសៀមរាប​ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ ពុំ​ សុវណ្ណ​ ឲ្យ​ដឹង​ថា​ ក្រុមការងារ​គណបក្ស​ប្រមាណ​ជិត​ ៥០​នាក់​ ធ្វើ​ដំណើរ​មក​កាន់​រាជធានី​ភ្នំពេញ​ ទាំង​យប់​ ថ្ងៃ​ទី​១​ មីនា​ ដើម្បី​នាំ​គ្នា​មក​ឈរ​បាតុកម្មអហិង្សា​នៅ​មុខ​ស្នាក់​ការ​គណបក្ស​ ទាមទារ​ដូរ​អ្នកស្រី​ កែ​ សុវណ្ណ​រតន៍​ ចេញពី​ប្រធាន​ក្រុមការងារ​ខេត្តសៀមរាប​។​

 

លោក​ពន្យល់​ថា​ មូលហេតុ​សំខាន់​នៃ​ការ​ស្នើ​សុំ​ដូរ​នេះ​ ដោយសារ​តែ​អ្នកស្រី​ ធ្វើការ​បែប​បក្ខពួក​និយម​ ហើយ​អ្នក​ដែល​ធ្វើការ​ជាមួយ​អ្នកស្រី​បាន​ ទាល់តែ​អ្នក​នោះ​ចេះ​ហៃអើៗ​ បន្ទរ​តាម​ក្រោយ​ ឬ​ចេះ​អែបអប​៖​ «​គាត់​ (​កែ​ សុវណ្ណ​រតន៍​)​ បង្កើត​បក្ខ​ក្នុង​គណបក្ស​។​ អ្នក​ណា​ដែល​ហៃអើៗ​ ចេះ​តែ​អើៗ​ៗ​ៗ​ ទៅ​ជាមួយ​ អាហ្នឹង​បាន​អាច​ធ្វើការ​បាន​ តែ​អ្នក​ដែល​ធ្វើការ​ដើម្បី​ជាតិ​ ដើម្បី​បក្ស​ ធ្វើការ​ជាមួយ​មិនកើត​»​។​ តាម​គម្រោង​អ្នក​ដែល​ឡើង​មក​តវ៉ា​ទាំងនោះ​ នឹង​ឈរ​ស្រែក​ជ័យ​ឃោស​ និង​ស្រែក​សុំ​ដូរ​អ្នកស្រី​ កែ​ សុវណ្ណ​រតន៍​ នៅ​មុខ​ស្នាក់​ការ​គណបក្ស​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២​ មីនា​។​

 

ក្នុង​លិខិត​ជូនដំណឹង​ជា​មុន​មក​កាន់​គណបក្ស​សង្គ្រោះ​ជាតិ​ បញ្ជាក់​ថា​ អ្នក​តវ៉ា​ទាំងនោះ​គ្មាន​ចេតនា​បំបែកបំបាក់​ផ្ទៃក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​ ហើយ​ការ​តវ៉ា​នោះ​ក៏​មិនមែន​ទំនាស់​ដណ្ដើម​អំណាច​គ្នា​ដែរ​ ពិសេស​គ្មាន​គណបក្ស​ណាមួយ​ស្ថិត​នៅ​ពីក្រោយ​ខ្នង​ញុះញង់​ឲ្យ​មានការ​ស្នើ​សុំ​ដោះ​ដូរ​អ្នកស្រី​ កែ​ សុវណ្ណ​រតន៍​ ឡើយ​។​ វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នកស្រី​ កែ​ សុវណ្ណ​រតន៍​ បាន​ទេ​ នៅ​រសៀល​ថ្ងៃ​ទី​១​ ខែមីនា​ ដោយ​អ្នកស្រី​មិន​លើក​ទូរស័ព្ទ​។​ យ៉ាងណា​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ យឹ​ម​ សុវណ្ណ​ គិត​ថា​ ការ​គ្រោង​ចេញ​មុខ​តវ៉ា​របស់​ក្រុមការងារ​នៅ​ខេត្តសៀមរាប​នោះ​ អាច​ជា​ល្បិច​នយោបាយ​របស់​គូបដិបក្ខ​ដែល​លោក​ទំនងជា​សំដៅ​ទៅ​លើ​គណបក្សកាន់អំណាច​។​ លោក​ពន្យល់​ថា​ ចំណុចខ្លាំង​របស់​គូប្រជែង​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​ការ​បំបែកបំបាក់​ផ្ទៃក្នុង​គណបក្ស​នេះ​ហើយ​៖​ «​ក្នុង​ឆាកនយោបាយ​មានរឿង​ល្អ​និង​រឿង​អាក្រក់​ច្រើន​ណាស់​ដែល​យើង​ត្រូវ​ដោះស្រាយ​ដោយ​ប្រុង​ប្រយ័ត្ន​។​ គូបដិបក្ខ​របស់​យើង​នៅ​សល់​ចំណុចខ្លាំង​តែ​មួយ​គត់​ គឺ​បំបែកបំបាក់​ផ្ទៃក្នុង​របស់​គណបក្ស​»​។​

 

លោក​បន្ត​ថា​ បើ​ទោះបីជា​លោក​មិន​ទាន់​ដឹង​ព័ត៌មាន​លំអិត​ពី​រឿង​នេះ​ក្តី​ តែ​ខាង​គណបក្ស​នឹង​ស្រាវជ្រាវ​ឲ្យ​ច្បាស់​ពី​រឿង​នៅ​ខាងក្រោយ​ឆាក​ដែល​នាំ​ឲ្យ​មានការ​ប្រឆាំង​នឹង​អ្នកស្រី​ កែ​ សុវណ្ណ​រតន៍​ ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​របស់​ក្រុមការងារ​មួយ​ចំនួន​នៅ​ខេត្តសៀមរាប​ ដែល​ចោទ​ពី​របៀប​ធ្វើការ​អ្នកស្រី​ប្រកាន់​បក្ខពួក​។​ ពាក់ព័ន្ធ​បញ្ហា​នេះ​ អ្នកវិភាគ​បញ្ហា​នយោបាយ​ លោក​បណ្ឌិត​ សុខ​ ទូច​ ឲ្យ​ដឹង​ថា​ រឿងអាស្រូវ​របស់​អ្នកស្រី​ កែ​ សុវណ្ណ​រតន៍​ ធ្វើការ​មាន​បក្ខពួក​ និង​គ្មាន​ចរិត​ជា​អ្នកដឹកនាំ​ បាន​លេចឮ​តាំងពី​មុន​ការ​បោះ​ឆ្នោតជាតិ​ឆ្នាំ​២០១៣​ មក​ម្ល៉េះ​៖​ «​អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ ស្អប់​បក្ស​ប្រជាជន​ ខ្លួន​កំពុង​តែ​ដើរ​តាម​។​ ឧទាហរណ៍​ដាក់​បក្ខពួក​និយម​ គ្រួសារ​និយម​»​។

 

​ លោក​បណ្ឌិត​ សុខ​ ទូច​ បន្ត​ថា​ ករណី​នេះ​ប្រសិនបើ​គណបក្សកាន់អំណាច​ប្រើ​ល្បិច​បំបែកបំបាក់​ផ្ទៃក្នុង​បាន​មែន​នោះ​ គណបក្ស​សង្គ្រោះ​ជាតិ​ គួរ​កុំ​បន្ទោស​បក្ស​ប្រជាជន​ ហើយ​ងាក​មក​ឆ្លុះ​បញ្ចាំង​បក្ស​របស់​ខ្លួន​វិញ​ដើម្បី​ធ្វើ​កំណែទម្រង់​ក្នុង​បក្ស​។​ ការ​បំបែកបំបាក់​ផ្ទៃក្នុង​បក្ស​ប្រឆាំង​បាន​សម្រេច​ គឺ​ស្មើនឹង​ការ​បង្ហាញ​ឲ្យ​ឃើញ​ថា​ បក្ស​ប្រឆាំង​ខ្សោយ​ គណបក្សប្រឆាំង​ត្រូវ​រក​ឲ្យ​ឃើញ​ពី​មូលហេតុ​ពិត​ ថា​ហេតុ​អ្វី​បានជា​បក្ស​កាន់​អំណាច​អាច​បំបែកបំបាក់​បក្ស​ប្រឆាំង​បាន​ ដោយសារ​តែ​ជំងឺ​គ្មាន​ប្រជាធិបតេយ្យ​នៅ​ក្នុង​បក្ស​ គ្មាន​យុត្តិធម៌​នៅ​ក្នុង​បក្ស​ ឬ​ក៏​មាន​មូលហេតុ​អ្វី​ផ្សេង​ទៀត​ ដែល​ចេះ​តែ​ធ្វើ​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង​ត្រូវ​អូស​ទាញ​បាន​ដូច្នេះ​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *