ក្រុមគ្រូពេទ្យសមាគមសុខាភិបាលខ្មែរអាមេរិកកាំងចុះពិនិត្យ និង ព្យាបាលជំងឺដោយមិនគិតលុយនៅខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ ប្រជាពលរដ្ឋប្រុសស្រី ក្មេងចាស់រាប់រយនាក់បានមកតំរៀបជួរគ្នាចាប់លេខរៀង ដើម្បីទទួលបានការពិនិត្យ និងព្យាបាលដោយមិនគិតប្រាក់នៅមន្ទីពេទ្យបង្អែកព្រះនរោត្តមសីហនុ ត្បូងឃ្មុំ ដែលមានទីតាំងនៅក្រុងសួង។

ការសំរុកមកទទួលសេវាព្យាបាលនេះគឺដោយសាមានក្រុមគ្រូពេទ្យជំនាញចំនួន28 នាក់ របស់សមាគមសុខាភិបាលខ្មែរអាមេរិកកាំង ដឹកនាំដោយលោកវេជ្ជបណ្ឌិត តាន់ សុង ចុះមកពិនិត្យ និងព្យាបាល ដោយមិនគិតប្រាក់រយះពេល6 ថ្ងៃគឺចាប់ពីថ្ងៃទី13ដល់ថ្ងៃ18 ខែគុម្ភៈ ឆ្នាំ2017 ។

លោកវេជ្ជបណ្ឌិត តាន់ សុង មានប្រសាសន៍ ថា នេះជាបេសកកម្មលើកទី7ហើយដែលក្រុមគ្រូពេទ្យ របស់លោកបានមកពិនិត្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋខ្មែរដោយមិនគិតប្រាក់ ហើយមូលហេតុដែលលោកជ្រើសរើសយកខេត្តត្បូងឃ្មុំគឺដោយសារខេត្តនេះទើបបង្កើតថ្មី ដែលប្រជាពលរដ្ឋអាចមានតម្រូវការច្រើនលើសេវាសុខាភិបាលនេះ។ លោកបន្តថានៅក្នុងបេសកកម្មរយះពេលពីថ្ងៃទី13ដល់18 ខែកុម្ភះនេះ ក្រុមគ្រូពេទ្យរបស់លោកអាចទទួលអ្នកជម្ងឺមកពិនិត្យ និងព្យាបាលបានប្រមាណ5000នាក់ ហើយក្រុមការងារ របស់លោកក៏នឹងខិតខំធ្វើយ៉ាងណាអោយបានច្រើនតាមដែលអាចធ្វើទៅបាន។

ជាមួយនិងការទទួលព្យាបាលនេះលោកក៏បានលើកឡើងដែរថា ពលរដ្ឋមួយចំនួនមានជម្ងឺរាំរ៉ៃគួរអោយរន្ធត់ទាំងក្មេង ទាំងចាស់ ដែលចាំបាច់ត្រូវតែទទួលបានការព្យាបាលជាមួយគ្រួពេទ្យជំនាញៗ ដែលនេះប្រទេសកម្ពុជាត្រូវការក្រុមគ្រួពេទ្យជំនាញច្រើនទៀតដើម្បីជួយពួកគាត់។

សូមជ្រាបថា ក្រុមគ្រូពេទ្យរបស់ សមាគមសុខាភិបាលខ្មែរនៅអាមេរិកគឺទទួលពិនិត្យ និងព្យាបាល ដោយមិនគិតថ្លៃនូវជម្ងឺទូទៅ ជម្ងឺ វះកាត់ទូទៅ ជម្ងឺស្រ្តី មាត់ធ្មេញ នឹងមានបំពាក់ជូនដៃសប្បនិមិត្ត ពិនិត្យភ្នែកផ្តល់វេនតា ចាប់ពីថ្ងៃច័ន្ទទី13 ដល់ថ្ងៃសៅរ៍ទី18ខែកុម្ភះ ឆ្នាំ2017 នៅមន្ទីពេទ្យបង្អែកព្រះនរោត្តម សីហនុត្បូងឃ្មុំ ៕

Loading...