ក្រុមគ្រូពេទ្យស្ម័គចិត្តអាមេរិកបានចុះជួយវះកាត់និងព្យាបាលជម្ងឺជាច្រើនប្រភេទជូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ ទទួលបានការព្យាបាលជម្ងឺដោយឥតគិតថ្លៃ ពីក្រុមវេជ្ជបណ្ឌិត និងគ្រូពេទ្យស្ម័គ្រចិត្តអាមេរិក មានរយះពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី៩ធ្នូ ដល់ថ្ងៃទី១០ធ្នូ២០១៧ នៅក្នុងមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ ។

ពិធីវះកាត់ និងព្យាបាលជម្ងឺទូទៅជូនពលរដ្ឋនោះ បានប្រព្រឹត្តទៅក្រោមកិច្ចស្វាគមន៍ពី អភិបាលរងខេត្តព្រះវិហារ លោកស្រី ចឹក ហេង ប្រធានមន្ទីរសុខាភិបាលខេត្ត លោក វេជ្ជបណ្ឌិត គួង ឡូ មន្ត្រីសុខាភិបាល និងមន្ត្រីមន្ទីរពេទ្យខេត្តព្រះវិហារ ជាច្រើនរូបទៀតផងដែរ ចំពោះការបង្ហាញវត្តមានរបស់ លោកវេជ្ជបណ្ឌិត Elliot blender ដែលលោកបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តអាមេរិក ចុះជួយព្យាបាលជម្ងឺ ដោយឥតគិតថ្លៃនេះ ។

ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងថា ថ្ងៃនេះមន្ទីរសុខាភិបាលខេត្ត មានកិត្តិយសដោយលោកវេជ្ជបណ្ឌិត Elliot blender បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តអាមេរិក ចុះជួយព្យាបាល និងធ្វើការវះកាត់ជម្ងឺជាច្រើនប្រភេទ ជូនប្រជាពលរដ្ឋ ខេត្តព្រះវិហារ ដោយឥតគិតថ្លៃក្នុងពេលនេះ ។ លោកថា នៅក្នុងរយះពេល២ថ្ងៃនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តអាមេរិក បានជួយព្យាបាល និងវៈកាត់ជម្ងឺជូនប្រជាពលរដ្ឋបានជិត២០នាក់ ទៅលើជម្ងឺជាច្រើនមុខ ដូចជា ព្យាបាល និងវៈកាត់ជម្ងឺកូនតូច គ្រួសក្នុងថង់ទឹកប្រមាត់ ឆែបមាត់ ឆែបច្រមុះ ដុំនៅលើផ្ទៃមុខ ដុំដោះ ម្រាមដៃជាប់គ្នា ដុំសរសៃឈាមនៅជើង និងវះកាត់ដុំផ្សេងៗជាច្រើនករណី នោះផងទៀត ។

លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងទៀតថា សកម្មភាពមនុស្សធម៌នេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ហើយនេះ គឺជាតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋនៅទីនេះ ក៏ដូចជាតម្រូវការរបស់មន្ត្រីសុខាភិបាល មន្ត្រីមន្ទីរពេទ្យខេត្ត ដែលកំពុងបំរើការងារនៅក្នុងខេត្តព្រះវិហារ ព្រោះថា សកម្មភាពនេះ បានចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ និងបានជួយបង្កើនសមត្ថភាព ដល់មន្ត្រីសុខាភិបាល និងមន្ត្រីមន្ទីរពេទ្យបង្អែក១៦ មករានោះផងដែរ។

ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តអាមេរិក លោកវេជ្ជបណ្ឌិត Elliot blender លោកក៏ថ្លែងដែរថា លោក និងក្រុមគ្រូពេទ្យ មានក្តីរំភើបយ៉ាងក្រៃលែង ដែលបានមកជួប និងបានជួយព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋនៅទីនេះ ដែលបងប្អូនបានមករកសេវាព្យាបាលច្រើន ដូច្នេះ លោក នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីជួយព្យាបាលដល់ប្រជាពលរដ្ឋកម្ពុជា ។ លោកថា លោកគ្រោងនឹងបង្កើតគ្លីនិចចំនួន២ គឺនៅរាជធានីភ្នំពេញ និងនៅក្នុងក្រុងព្រះសីហនុ ដោយមានការគាំទ្រដោយជនជាតិអាមេរិក គ្លីនិចនេះនឹងទទួលការព្យាបាល និងវះកាត់ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្រីក្រនៅកម្ពុជា ។

អភិបាលរងខេត្តព្រះវិហារ លោកស្រី ចឹក ហេង បានថ្លែងឲ្យដឹងថា លោកស្រីមានមោទនភាពណាស់ ដោយបានក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត របស់ប្រទេសអាមេរិក ចុះមកពិនិត្យ និងព្យាបាលជម្ងឺ ពិសេស បានធ្វើការវះកាត់ ជូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ ដោយឥតបង់ប្រាក់កម្រៃ ។ លោកស្រីបន្តថា ការវះកាត់របស់ក្រុមគ្រូពេទ្យស្មគ្រ័ចិត្តមេរិកនៅពេលនេះ ពិតជាបានចូលរួមក្នុងការសម្រាលបន្ទុកចំណាយ របស់ប្រជាពលរដ្ឋបានមួយភាគដែរ ហើយក៏សមស្របទៅតាមគោលនយោយបាយ រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសនោះដែរ ៕

Loading...