ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេច ហេង សំរិន ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃនៅក្រុងសួង

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានរៀបចំពិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ មិនប្រកាន់សាសនា ឬនិន្នាការនយោបាយ លើជំងឺទូទៅមនុស្សចាស់ កុមារ ជំងឺវះកាត់តូច រោគស្ត្រី ជំងឺមាត់ធ្មេញ និងអេកូសាស្រ្ត នៅក្នុងបរិវេណសាលាបឋមសិក្សា ជ្រៃបិតមាស ស្ថិតក្នុងភូមិជ្រៃបិតមាស សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនេះដឹកនាំដោយលោក កែវ វណ្ណៈ ប្រធានមន្ទីសុខាភិបាលខេត្តត្បូងឃ្មុំ និងលោក ឆន មុនី ប្រធានគណៈគ្រូពេទ្យខេត្តត្បូងឃ្មុំ រួមទាំងមានកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។

លោក កែវ វណ្ណៈ មានប្រសាសន៍អោយដឹងថាក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ចុះព្យាបាលនេះគឺមិនប្រកាន់ជាតិសាស និន្នាការនយោបាយឡើយ ពោលគឺអោយតែប្រជាពលរដ្ឋរស់លើទឹកដីខ្មែរហើយ ក្រុមគ្រូពេទ្យទាំងអស់ និងពិនិត្យជូនរយៈពេលមួយថ្ងៃពេញចាប់ពីម៉ោង 8ព្រឹក រហូតដល់ម៉ោង4រសៀល ។

លោកបន្តថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនេះ បានបង្កើតឡើងតាំងពីឆ្នាំ២០០៧ មកម្ល៉េះ ហើយតែងចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេស ខណៈបន្ទាប់ពីក្រុងសួងនេះទៅក្រុមការងារ និងជ្រើសរើសយកស្រុកពញាក្រែកដើម្បីពិនិត្យ និងព្យាបាលបន្តទៀត។

ជាមួយនឹងការចុះពិនិត្យ និងព្យាបាលនេះ លោក កែវ វណ្ណៈ ក្នុងនាមប្រធានមន្ទីសុខាភិបាលខេត្តត្បូងឃ្មុំក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមេត្តាមានអនាម័យល្អជានិច្ច និងការទទួលទាន និងជ្រើសរើសត្រីសាច់ បន្លែ យកមកទទួលទានព្រោះសព្វថ្ងៃនេះសំបូអាហារមានជាតិគីមីធ្វើអោយប៉ះពាល់ដល់សុខភាព។ ជាងនេះទៅទៀតត្រូវសំអាតបរិស្ថានជុំវិញផ្ទះ ប្រុងប្រយ័ត្នកុំអោយមុះខ្លាខាំកើតជម្ងឺគ្រុនឈាម ព្រោះជិតដល់រដូវភ្លៀងហើយ ៕

Loading...