ក្រុមគ្រួសារតារាកំប្លែង នាយ ចឺម ត្រូវក្រុមគ្រូពេទ្យទៅដឹកដល់ផ្ទះយកទៅធ្វើចត្តាឡីស័ក

ភ្នំពេញ៖ ក្រុមគ្រួសាររបស់តារាកំប្លែង នាយ ចឺម ត្រូវបានក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាល ទៅដឹកដល់ផ្ទះ ក្នុងខេត្តកំពង់ស្ពឺ នាល្ងាចនេះ ដើម្បីយកទៅធ្វើចត្តាឡីស័ក បន្ទាប់ពីធ្វើតេស្តរកជំងឺកូវីដ-១៩ និងបន្ទាប់ពីរកឃើញថា មានជាប់ទាក់ទងជាមួយតារាកំប្លែង ស្រីអ៉ីត ដែលមានវិជ្ជមានកូវីដ-១៩។

នាយចឺម បានប្រាប់ប្រភពព័ត៌មានថា ក្រុមគ្រូពេទ្យបានទៅយកក្រុមគ្រួសាររបស់ខ្លួន មានចំនួន១០នាក់ ដើម្បីយកមកធ្វើចត្តាឡីស័កនៅក្រុមច្បារមន ខេត្តកំពង់ស្ពឺ ដោយក្រុមគ្រូពេទ្យបានឲ្យបន្ទប់មកគ្រួសារលោកចំនួន៤ ដើម្បីធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ។

នាយចឺម បានបន្តថា តារាកំប្លែងស្រីអ៉ីត បានទៅលេងផ្ទះលោកនៅក្នុងថ្ងៃខួបកំណើតក្មួយ កាលពីថ្ងៃទី៤ ខែមីនា ហើយពាក់ព័ន្ធជាមួយនឹងលទ្ធផល លោកមិនទាន់ដឹងទេ គឺកំពុងរង់ចាំលទ្ធផលនៅថ្ងៃទី១៧ ខែមីនា ស្អែកនេះ។ លោកថា ទោះជាលទ្ធផលបែបណាក៏ដោយ ក្រុមគ្រូពេទ្យនៅតែបន្តឲ្យលោក និងក្រុមគ្រួសារ ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃដដែល៕

Loading...