ក្រុមចិននៅខេត្តព្រះសីហនុកាប់ចាក់គ្នាស្លាប់យ៉ាងអាណោចអាធ័ម ក្នុងទំនាស់ពាក្យសម្ដី

ខេត្តព្រះសីហនុ៖ មានករណីប្រើអំពើហិង្សាមួយកើតឡើងវាងជនជាតិចិនដូចគ្នា បណ្តាលឱ្យបុរសម្នាក់ជាជនជាតិចិនស្លាប់ក្នុងថ្លុកឈាម បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង០៨និង៣០នាទីយប់ ថ្ងៃទី១៣ មីនា ឆ្នាំ២០២០ នៅចំណុចក្រុមហ៊ុនសំណង់អគារវិស្វកម្ម ភោជនីយដ្ឋានយ៉េហ្គាង ស្ថិតក្នុងក្រុម៨ ភូមិ០១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ត្រូវបានប៉ូលិសឃាត់ជនជាតិចិន៨នាក់សាកសួរ។

យោងតាមសាក្សីជាកម្មករសំណង់ក្នុងការដ្ឋានគុជអាស៊ី បាននិយាយថា ដំបូងគេឃើញជនជាតិចិនប្រមាណ១០នាក់ បានអង្គុយផឹកស៊ីជាមួយគ្នាក្នុងហាង«យ៉េហ្គាង»។ ក្រោយមកពួកគេ ក៏មានទំនាស់ពាក្យសម្ដីគ្នាយ៉ាងខ្លាំងក្លាស្រែកឡូឡាពេញក្នុងហាង រហូតឈានដល់ចាក់សម្លាប់ជនជាតិចិនម្នាក់ដែលអង្គុយផឹកស៊ីជាមួយគ្នាស្លាប់ភ្លាមៗ ក្នុងថ្លុកឈាមដោយមិនដឹងថា ទំនាស់ពាក្យសម្ដីនោះកើតឡើងដោយសាររឿងអ្វីនោះទេ។

ក្រោយពេលកើតហេតុភ្លាមៗកម្លាំងសមត្ថកិច្ចប៉ូលិសខេត្តព្រះសីហនុ បានចុះទៅកន្លែងកើតហេតុ និងបានឃាត់ខ្លួនជនជាតិចិន៨នាក់ដែលពាក់ព័ន្ធនាំយកទៅធ្វើការសាកសួរផងដែរ។ ចំណែកជនរងគ្រោះពុំទាន់ស្គាល់អត្តសញ្ញាណ និងនៅមិនទាន់ដឹងពីមូលហេតុរឿងរ៉ាវខាងលើនៅឡើយទេ។ ជនបង្កចំនួន០៨នាក់ត្រូវបានកម្លាំងប៉ូលិសខេត្តយកទៅធ្វើការសាកសួរតាមនីតិវិធី។

សពរបស់ជនជាតិចិនខាងលើត្រូវបានក្រុមគ្រូពេទ្យដឹកតាមរថយន្តសាមុយ យកទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕

Loading...