ក្រុមជនខិលខូចយកបង្គោល មកបោះលើដីមានប័ណ្ណកាន់កាប់ប្លង់រឹង បង្កអោយប្រជាពលរដ្ឋ១១គ្រួសារមានការភ្ញាក់ផ្អើល

ខេត្តកំពង់ស្ពឺ៖ ក្រុមជនខិលខូច បានលួចយកបង្គោល(ជើងតាង)មកបោះនៅចំពាក់កណ្តាលដីរបស់បងប្អូនប្រជាពលរដ្ឋ ដែលមានប័ណ្ណកម្មសិទ្ធិស្របច្បាប់(ប្លង់រឹង) ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋចំនួន១១គ្រួសារមានការភ្ញាក់ផ្អើល នាំគ្នាចុះទៅពិនិត្យមើលឃើញថា ក្រុមជនខិលខូច ចង់បំពានយកមិនញញើត ទាល់តែសោះ។

ជាក់ស្តែងកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋជាច្រើននាក់(ក្នុងចំណោមប្រជាពលរដ្ឋ១១គ្រួសារ) បាននាំគ្នាប្រតិកម្មទៅនឹងទង្វើរបស់ក្រុមជនខិលខូច ដែលមកលួចបោះបង្គោលព្រំចំពាក់កណ្តាលដីធ្លីរបស់ពួកគាត់ទៅវិញ។

តាមការឲ្យដឹងពីប្រជាពលរដ្ឋឈ្មោះម៉ូត នឿន ភេទស្រី អាយុ៥២ឆ្នាំ .ឈ្មោះសុត សំបូរ ភេទប្រុស អាយុ២៥ឆ្នាំ .ឈ្មោះហាំង សឿន ភេទប្រុស អាយុ៥៥ឆ្នាំ .ឈ្មោះតុប វ៉ាន ភេទស្រី អាយុ៥១ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិក្បាលដំរី ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បាននិយាយស្រដៀងគ្នាថា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ ពួកគាត់ជាប្រជាពលរដ្ឋម្ចាស់ដី(មានប្លង់រឹង) បានមកប្រមូលចំប៉ើង ដែលច្រូតកាត់រួចរាល់នោះ ស្រាប់តែឃើញមានបង្គោលជាច្រើន ក្រុមជនខិលខូចលួចមកបោះចំពាក់កណ្តាលដីធ្លី ដីទឹក របស់ពួកគាត់ ធ្វើអោយពួកគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នាំគ្នាមកមើល និងគ្រោងដាក់ពាក្យបណ្តឹងអោយ អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធជួយចុះពិនិត្យ ការឈ្លានពានរបស់ក្រុមជនខិលខូចនោះផង។

ប្រជាពលរដ្ឋដដែលបានបន្តថា ទង្វើរបស់ក្រុមជនខិលខូចនេះ គោលបំណងចង់បានដីធ្លីរបស់ពួកគាត់ហើយ ដោយសារតែកន្លងមកធ្លាប់មានគេសុំទិញដីរបស់ពួកគាត់ក្នុងតម្លៃពួកគាត់មិនអាចទទួលយកបាន គឺឲ្យតម្លៃប៉ុណ្ណាក៏ពួកគាត់មិនលក់ដែរ ដីធ្លីរបស់ពួកគាត់បន្សល់ទុកពីដូនតារបស់ពួកគាត់មកម្ល៉េះ កាន់កាប់អាស្រ័យផលនៅលើដីនេះរហូត ដល់ឆ្នាំ២០១២ ក្រុមនិស្សិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះបញ្ជីជាប្រព័ន្ធ វាស់វែង ចេញប័ណ្ណកម្មសិទ្ធិស្របច្បាប់ឲ្យ ពួកគាត់រួចរាល់អស់ហើយ ចុះម្តេចឡើយបានជាមានជនខិលខូច លួចមកបោះបង្គោលចង់រំលោភយកទៅវិញ ទង្វើរបស់ក្រុមជនខិលខូចខាងលើនេះ សង្ស័យតែជនខិលខូច ឃើញពួកគាត់ មេម៉ាយ ក្រីក្រ គ្មានទីពឹងហើយទើប ក្រុមជនខិលខូចធ្វើបែបនេះនោះ។ ពួកគាត់សម្រេចចិត្តរួចហើយ ដាច់ខាតត្រូវតែរក្សាការពារដីធ្លីរបស់ពួកគាត់អោយបាន បើទោះបីជាត្រូវស្លាប់នៅលើដីធ្លី ដីទឹក របស់ពួកគាត់ទាំងអស់គ្នា។

ជាចុងក្រោយពួកគាត់ធ្វើការសំណូមពរតាមកញ្ចក់ទូរទស្សន៍ ស្នើសុំអោយអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធ ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ និងជាពិសេសសំណូមពរដល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយអន្តរាគមន៍ ចាត់សមត្ថកិច្ចជំនាញជួយប្រជាពលរដ្ឋស្លូតត្រង់ ក្រីក្រគ្មានទីពឹងផង៕

Loading...