ក្រុមជំនាញរបស់ WHO បានទៅដល់ទីក្រុងវូហានដើម្បីចាប់ផ្តើមស៊ើបអង្កេតប្រភពដើមនៃវីរុសកូវីដ-១៩

សារព័ត៌មាន Channel News Asia បានឲ្យដឹងថា ក្រុមអ្នកជំនាញមកពីអង្គការសុខភាពពិភពលោក (WHO) បានទៅដល់ទីក្រុងវូហាននៅថ្ងៃព្រហស្បតិ៍ ទី១៤ មករានេះដើម្បីចាប់ផ្តើមស៊ើបអង្កេតទៅលើប្រភពដើមនៃវីរុសនេះ។

វីរុសកូវីដ-១៩នេះត្រូវបានគេរកឃើញដំបូងនៅទីក្រុងវូហាន (Wuhan) ប្រទេសចិននៅចុងឆ្នាំ២០១៩ ។ ចាប់តាំងពីពេលនោះមកវីរុសនេះត្រូវបានរាលដាលពាសពេញពិភពលោកដោយសម្លាប់មនុស្សជិត២លាននាក់ និងឆ្លងដល់មនុស្សរាប់សិបលាននាក់ ព្រមទាំងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះផងដែរ។

អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោក លោក Peter Ben Embarek បាននិយាយថា អ្នកជំនាញកំពូលរបស់អង្គការសុខភាពពិភពលោកអះអាងថា វីរុសនេះឆ្លងចេញសត្វដែលជាប្រភេទសត្វនៅប្រទេសចិនក្នុងបេសកកម្មស្រាវជ្រាវបឋមកាលពីខែកក្កដា ហើយកំពុងដឹកនាំអ្នកជំនាញឯករាជ្យចំនួន ១០នាក់ទៅកាន់ទីក្រុងវូហាននៅខែមករានេះ។

លោក Hung Nguyen ជីវវិទូជនជាតិវៀតណាម និងជាសមាជិកមួយរូបនៃក្រុមដែលមានសមាជិក១០ នាក់បានប្រាប់សារព័ត៌មានរ៉យទ័រថា លោកមិនរំពឹងថានឹងមានការរឹតត្បិតលើការងាររបស់ក្រុមស្រាវជ្រាវនៅក្នុងប្រទេសចិននោះទេ ប៉ុន្តែបានព្រមានប្រឆាំងនឹងការស្វែងរកចម្លើយដែលភាគីចិនរឹតត្បិត។

លោក Hung Nguyen បានបន្តថា ក្រុមនេះនឹងចំណាយពេល២សប្តាហ៍ក្នុងការស្រាវជ្រាវដាច់ដោយឡែក និងពីរសប្តាហ៍ទៀតធ្វើសម្ភាសមនុស្សពីវិទ្យាស្ថានស្រាវជ្រាវមន្ទីរពេទ្យ និងទីផ្សារអាហារសមុទ្រនៅវូហានជាកន្លែងដែលគេជឿថាមានវីរុសនេះកើតឡើង ហើយក្រុមនេះនឹងស្នាក់នៅទីក្រុង Wuhan ជាចម្បង។

ដំណើរទស្សនកិច្ចស្រាវជ្រាវនេះបានកើតឡើងនៅពេលដែលប្រទេសចិនបានរាយការណ៍ពីការស្លាប់ដោយកូវីដ-១៩ជាលើកដំបូងរបស់ខ្លួនក្នុងរយៈពេល៨ខែ។ ចំនួនអ្នកឆ្លងថ្មីចំនួន១៣៨នាក់ត្រូវបានរាយការណ៍ដោយគណៈកម្មការសុខភាពជាតិនៅថ្ងៃព្រហស្បតិ៍ ដែលជាចំនួនកើនឡើងខ្ពស់បំផុតគិតចាប់តាំងពីខែមីនាឆ្នាំមុន។ មិនមានព័ត៌មានលម្អិតអំពីការស្លាប់ចុងក្រោយត្រូវបានផ្តល់ឱ្យនោះទេ លើកលែងតែករណីដែលបានកើតឡើងនៅក្នុងខេត្តហឺប៉ីជាកន្លែងដែលរដ្ឋាភិបាលបានដាក់ទីក្រុងនេះស្ថិតក្នុងភាពអាសន្ន។

សូមបញ្ជាក់ថា សហរដ្ឋអាមេរិកដែលបានចោទប្រកាន់ប្រទេសចិនថា បានលាក់បាំងវិសាលភាពនៃការផ្ទុះវីរុសកូវីដ-១៩ដំបូងរបស់ខ្លួនកាលពីមួយឆ្នាំមុន បានអំពាវនាវឱ្យមានការស៊ើបអង្កេតដែលដឹកនាំដោយអង្គការសុខភាពពិភពលោកប្រកបដោយតម្លាភាព និងបានរិះគន់លក្ខខណ្ឌនៃដំណើរទស្សនកិច្ចនេះដែលក្នុងនោះអ្នកជំនាញចិនធ្លាប់បានស្រាវជ្រាវដំណាក់កាលដំបូង ដោយគ្មានភាគីអន្តរជាតិចូលរួមផងដែរ ៕

Loading...