ក្រុមជំនួយការ លោក ហ៊ុន ម៉ាណែត នាំយកអំណោយប្រគេនព្រះសង្ឃវត្តចំបក់ និង កូនឈើប្រណីត ចំនួន៦០០ដើមសម្រាប់ដាំ ក្នុងមូលដ្ឋានឃុំចំបក់ ជើងភ្នំគីរីរម្យ

ខេត្តកំពង់ស្ពឺ៖ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ លោក មែ ស៊ីថន ជំនួយការ លោក ហ៊ុន ម៉ាណែត រួមជាមួយក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកំពង់ស្ពឺ និង លោក សរ សុពុទ្ធត្រា បាននាំយកស៊ីម៉ង់តិ៍ ២០តោន ឥដ្ឋ ១០.០០០ដុំ បច្ច័យ និង១១លានរៀល និងកូនឈើប្រណីត ៦០០ដើម ដែលជាអំណោយដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ លោក ហ៊ុន ម៉ាណែត ទៅប្រគេនព្រះសង្ឃវត្តចំបក់ ស្ថិតនៅជើងភ្នំគីរីរម្យ ក្នុងមូលដ្ឋានឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

លោក មែ ស៊ីថន បានពាំនាំការផ្តាំសាកសួរសុខទុក្ខ និងការប្រគេនពរ ជូនពរសព្វសាធុការជ័យពីសំណាក់ លោក ហ៊ុន ម៉ាណែត និងភរិយា ប្រគេនចំពោះព្រះសង្ឃគ្រប់អង្គ លោកយាយលោកតា លោកគ្រូអ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំចំបក់ទាំងអស់ ផងដែរ ។

លោកបានមែ ស៊ីថនបានលើកឡើងថា តម្លៃសន្តិភាពគឺជាតម្លៃជីវិតមនុស្ស មរតកសន្តិភាព និងការអភិវឌ្ឍដែលយុវជនជំនាន់ ៤០ឆ្នាំមុនខិតខំកសាងបាននេះ គឺមិនមែនបានមកដោយងាយនោះទេ ។ សម្តេចតេជោ ដែលជាយុវជនជំនាន់មុន រួមជាមួយឥស្សរជនរួមជាតិជាច្រើនទៀត បានយកអាយុជីវិតខ្លួនឯងធ្វើជាដើមទន់ ដើម្បីរំដោះជាតិចេញពីសង្គ្រាម និងកសាងមាតុភូមិឲ្យទទួលបានសុខសន្តិភាព និងសម្រេចបាននូវសមិទ្ធផលរាប់មិនអស់ទាំងអាណាចក្រ និងពុទ្ធចក្រផងដែរ ។ ដូច្នេះអ្វីជាកាតព្វកិច្ខរបស់យុវជនជំនាន់នេះ គឺបន្តថែរក្សាតម្លៃសុខសន្តិភាព និងការពារសមិទ្ធផលនានាឲ្យបានគង់វង់សម្រាប់កូនចៅ និងប្រជាជាតិយើងគ្រប់ជំនាន់ឲ្យបានសុខសាន្ត ។

លោកបន្តថា ការដាំកូនឈើនៅថ្ងៃនេះគឺជាគំរូល្អ សម្រាប់យុវជន បច្ចុប្បន្ន និងដើម្បីផលប្រយោជន កូនចៅយើងជំនាន់ក្រោយៗផង ។ យើងត្រូវតែចាប់ផ្តើមដាំនៅថ្ងៃនេះ គឺដើម្បីកុំឲ្យយើងស្តាយក្រោយនៅ ១០ឆ្នាំខាងមុខទៀត ។

លោក សរ សុពុទ្ធត្រា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺបានលើកឡើងថា អ្វីដែលមានមកដល់នៅពេលនេះ គឺបានមកពីកត្តាសុខសន្តិភាព និងអ្នកដឹកនាំដែលទទួលខុសត្រូវ រួមសុខរួមទុក្ខ និងបានគិតគូរជាប់ជានិច្ចជំពោះសុខទុក្ខជីវភាពរស់នៅរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករកម្មការិនី និងប្រជាពលរដ្ឋទូទាំងប្រទេសឲ្យរស់នៅបានសុខសាន្ត និងមានជីវភាពកាន់តែប្រសើរឡើង។

លោក ទួន ចែម ក្នុងនាមក្រុមការងារថ្នាក់ជាតិរបស់គណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាជននៅទូទាំងប្រទេស។ ក្រៅពីសកម្មភាពដាំកូនឈើរួមគ្នាយ៉ាងសប្បាយរីករាយក្នុងមូលដ្ឋានឃុំចំបក់ (ជើងភ្នំគីរីរម្យ) និងការប្រគេនអំណោយដល់វត្តចំបក់ ក្រុមការងារក៏បានចែកជូននូវអំណោយអនុស្សាវរីយ៍ជូនដល់លោកយាយលោកតា លោកគ្រូអ្នកគ្រូ ប្រជាការពារ និងពុទ្ធបរិស័ទចំណុះជើងវត្ត និងផ្តល់ជូនសម្ភារៈសិក្សាដល់សិស្សានុសិស្សផងដែរ៕





 

Loading...