ក្រុមឈ្មួញនៅតែចិញ្ចឹមចិត្តឈូសដីព្រៃរបស់រដ្ឋដើម្បីលក់ឲ្យចិនសង្ស័យមានការបើកភ្លើងខៀវពីសំណាក់មន្ត្រីគ្រប់គ្រង

ខេត្តកំពង់ស្ពឺ: ក្រុមឈ្មួញដែលមានទំនាក់ទំនងជាមួយនឹងមន្ត្រីពាក់ព័ន្ធមួយចំនួននៅតែចិញ្ចឹមចិត្តដាក់គ្រឿងចក្រឈូសឆាយយកដីព្រៃរបស់រដ្ឋដែលដីពេកទាំងនោះស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។ការដាក់គ្រឿងចក្រឈូសឆាយនេះត្រូវបានមហាជនសង្ស័យថាអាចមានការបើកភ្លើងខៀវពីមន្ត្រីពាក់ព័ន្ធជាពិសេសគឺមន្ត្រីបរិស្ថានដែលស្ថិតការគ្រប់គ្រងរបស់លោកហ៊ុល ម៉ារ៉ាប្រធានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់តែម្តងអ្វីដែលជាការបារម្ភគឺនៅពេលក្រុមឈ្មួញធ្វើបែបនេះហើយស្រាប់តែលេចឮព័ត៌មានថាគេនឹងស្នើសុំអាជ្ញាប័ណ្ណថ្មគ្រាប់មកលើទីតាំងដីនេះទាំងមូលតែម្ដង។

យោងតាមសេចក្តីរាយការណ៍នៅថ្ងៃទី 12 សីហាឆ្នាំ 2020 នេះបានប្រាប់ថាក្រុមឈ្មួញបានចាប់ផ្ដើមដាក់គ្រឿងចក្រឈូសឆាយដីព្រៃរបស់រដ្ឋសារជាថ្មីម្ដងទៀតនៅចំណុចភូមិលាក់តានិងភូមិចំបក់ឃុំត្រពាំងជោរស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺបន្ទាប់ពីការឈូសឆាយលើកទី 1 នៅថ្ងៃទី 5 សីហាហើយត្រូវបានក្រុមមន្ត្រីចុះទៅផ្អាកសកម្មភាពបានមួយរយៈរហូតមកដល់ពេលនេះក្រុមឈ្មួញបានធ្វើសកម្មភាពជាថ្មីដោយយកគ្រឿងចក្រចូលឈូកឆាយដីព្រៃរបស់រដ្ឋក្នុងគោលបំណងលក់ទៅឲ្យក្រុមឈ្មួញដែលឈរចាំទិញពីក្រោយ។

ដីព្រៃដែលក្រុមឈ្មួញកំពុងតែធ្វើសកម្មភាពឈូសនេះគឺជាដីព្រៃរបស់រដ្ឋស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ត្រីបរិស្ថានជាពិសេសគឺស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់តែម្ដង។ឯកសារប្លង់ដែលក្រុមឈ្មួញផ្តិតលើក្រដាស់សគ្មានអាជ្ញាធរភូមិឃុំណាម្នាក់ចុះហត្ថលេខាទទួលស្គាល់នោះទេតែគេបែរជាកុហកថ្នាក់ដឹកនាំថាការឈូសឆាយនេះគឺឈូសឆាយលើដីប្លង់រឹង 01 ទៅវិញ។អនុប្រធានភូមិមួយរូប(បង ភា)បានបញ្ជាក់ប្រាប់តាមទូរស័ព្ទថាដីដែលគេឈូសឆាយនេះគឺជាដីព្រៃរបស់រដ្ឋនឹងពុំមែនជាដីប្លង់រឹង 01 ដូចក្រុមឈ្មួញនិងបក្សពួករបស់គេធ្វើសេចក្តីរាយការណ៍ទៅថ្នាក់ដឹកនាំនោះទេ។

ពាក់ព័ន្ធនឹងករណីនេះដែរលោកមួង់ ធីអភិបាលស្រុកឱរ៉ាល់ធ្លាប់បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងថាឃើញមានអ្នករត់ការឯកសារយកមកស្រុកដែរ តែលោកមិនបានចុះហត្ថលេខាអនុញ្ញាតនោះទេ(បើអនុញ្ញាតគឺបានត្រឹមតែដីមានប្លង់ទន់មួយតែប៉ុណ្ណោះ)។

លោកអភិបាលបន្តថាតាមពិតពេលនេះទើបតែបែកធ្លាយរឿងនៅកន្លែងដែលក្រុមឈ្មួញកំពុងធ្វើការឈូសឆាយនោះដោយសារតែឈ្មោះសំពេលពីមុនបានធ្វើកិច្ចព្រមព្រៀងទទួលលុយកក់ពីអ្នកទិញម្នាក់រួចទៅហើយក្រោយមកដោយដីបានថ្លៃឈ្មោះសំពេលនេះក៏លើកដីដដែលទៅលក់ឱ្យអ្នកផ្សេងម្នាក់ទៀតហើយស្នើសុំឲ្យអ្នកកក់លុយមុនទទួលយកលុយកក់គុណមួយនឹងពីរត្រឡប់ទៅវិញតែម្ចាស់មុនមិនបានយល់ព្រមនោះទេ

ម្យ៉ាងទៀតដីដែលកំពុងឈូសឆាយនេះគឺមានជាប់ដីការក្សាការពារទៀតផង។លោកអភិបាលបានលើកឡើងថារឿងនេះស្មុគស្មាញហើយអាចពាក់ព័ន្ធទៅដល់តុលាការទៀតផងព្រោះតែឈ្មោះសុំពេលតែម្នាក់គត់បង្កឱ្យមានបញ្ហាបែបនេះ។

បើតាមមន្ត្រីសាលាស្រុកឱរ៉ាល់រូបបានបង្ហើបប្រាប់ថាក្រោយពីបរាជ័យក្នុងការស្នើសុំធ្វើការឈូសឆាយដោយលោកអភិបាលមិនចុះហត្ថលេខារួចមកឥឡូវនេះស្រាប់តែលេចឮថាក្រុមឈ្មួញបាននិងកំពុងរត់ការដើម្បីស្នើសុំអាជ្ញាប័ណ្ណថ្មគ្របមកលើទីតាំងដីនេះយកតែម្ដង។

ប្រជាពលរដ្ឋដែលមានដីនៅជិតនោះបានធ្វើការសំណូមពរទៅថ្នាក់ដឹកនាំក៏ដូចជាលោករដ្ឋមន្ត្រីក្រសួងបរិស្ថាននិងលោករដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលផងដែរសូមមេត្តាកុំផ្ដល់អាជ្ញាប័ណ្ណដល់ក្រុមឈ្មួញដែលស្នើសុំចេញពីទីតាំងចំណុចខាងលើនេះអោយសោះព្រោះថាដីដែលស្ថិតនៅក្នុងទីតាំងខាងលើនេះឈ្មោះសំពេលធ្លាប់បានលក់ទៅឲ្យបុគ្គលម្នាក់រួចទៅហើយដោយដីបានថ្លៃឈ្មោះសំពេលនេះក៏លក់ទៅឱ្យបុគ្គលផ្សេងម្នាក់ទៀតបង្កឲ្យមានបញ្ហាមិនចេះចប់មិនចេះហើយកាលណាបើខាងក្រសួងផ្ដល់អាជ្ញាប័ណ្ណឲ្យនោះជម្លោះនឹងកើតមានមិនចប់នោះទេ។

បើយោងតាមមន្ត្រីសាលាឃុំត្រពាំងជោរមួយរូបក៏បានប្រាប់ផងដែរថាតាមដឹងករណីនេះក្រុមឈ្មួញមានគំនិតនិងមហិចតាចង់បានដីនៅចំណុចខាងលើជាច្រើនរយហិកតារដោយគេធ្វើការឈូសឆាយរួចហើយគេទៅយកកូនឈើធំៗយកមកដាំដូចជាដូងស្វាយនិងខ្នុរជាដើមហើយធ្វើរបាយការណ៍ដាក់ទៅថ្នាក់លើស្នើសុំថាជាដីរបស់ប្រជាពលរដ្ឋកាន់កាប់អាស្រ័យផលដែលការធ្វើនេះអាជ្ញាធរមិនទទួលស្គាល់និងដឹងឮនោះទេ។ព្រោះជាការកុហកថ្នាក់ដឹកនាំទាំងភ្នែកស្រស់តែម្ដង។

មិនអាចសុំការពន្យល់បកស្រាយពីឈ្មោះសំពេលមេឈ្មួញដីរូបនេះបានទេដោយលេខទូរស័ព្ទចូលហើយពុំមានអ្នកលើក។ដោយឡែកថៅកែគ្រឿងចក្រវិញបាននិយាយប្រាប់តាមទូរស័ព្ទផងដែរថាទោះជាអាជ្ញាធរមិនអនុញ្ញាតក៏គេនៅតែបន្តឈូសដដែលព្រោះអីឈ្មោះសំពេលធានាអះអាងថាបើមានការចាប់ឃាត់គ្រឿងចក្រគឺសំពេលជាអ្នកធានាចេញសងដូច្នេះគាត់ដឹងតែធ្វើការយកកម្រៃតែប៉ុណ្ណោះ។

ពលរដ្ឋដែលមានដីជាប់ព្រំដីដែលក្រុមឈ្មួញកំពុងតែឈូសឆាយក៏បានសំណូមពរផងដែរទៅលោកវីសំណាងអភិបាលខេត្តកំពង់ស្ពឺនិងជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តសូមមេត្តាជួយពិនិត្យមើលករណីនេះផងបើបណ្ដែតបណ្ដោយតទៅទៀតក្រុមឈ្មួញរឹតតែបានដៃខ្លាំងឡើងៗជាក់ជាមិនខានឡើយ៕

Loading...