ក្រុមឈ្មួញរកស៊ីឈើខុសច្បាប់ដឹកទៅលក់នៅស្រុកយួនតាមច្រកព្រំដែនចាន់មូល និងបឹងច្រូងរាល់ថ្ងៃ

ត្បូងឃ្មុំ៖ ក្រុមឈ្មួញរកស៊ីឈើខុសច្បាប់នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលប្រជាពលរដ្ឋស្គាល់យ៉ាងច្បាស់មានដូចជា នាយ ផ្លោក លោក ជាម ដែន ហៅតក មេប៉ុស្តិ៍ច្រករបៀងបឹងច្រូង លោក ម៉ែន ដេត មន្រ្តីនគរបាលភូមិភាគ២ លោក អ៊ាត សុភាព មន្រ្តីយោធាសឹករងខេត្តត្បូងឃ្មុំ លោក ស្រ៊ុន ផឹងឡាយ មន្រ្តីកងរាជអាវុធហត្ថស្រុកមេមត់ ជាដើមបានធ្វើសកម្មភាពដឹកឈើខុសច្បាប់ទៅលក់នៅប្រទេសវៀតណាម រាល់ថ្ងៃ ខណៈមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួនត្រូវបានប្រភពបង្ហើបឲ្យដឹងថា ចាំតែរាប់ក្បាលឡានគិតលុយ ដើម្បីជាថ្នូរមិនមានវិធានការទប់ស្គាត់។

ក្រុមឈ្មួញខាងលើបានប្រមូលទិញឈើគ្រប់រូបភាពពីបណ្តាខេត្តផ្សេង រួចដឹកចេញទៅប្រទេសវៀតណាម តាមច្រកព្រំដែន ចាន់មូល គ្រប់គ្រងដោយលោកមេគយ ចាន់ សុផាត និងច្រករបៀងបឹងច្រូង ដែលគ្រប់ដោយលោក ជាម ដែន ហៅតក ។

ជុំវិញ បញ្ហានេះមិនដឹងថា លោក ចាន់ សុផាត និងលោក ជាម ដែន អាងខ្នងខាងណានោះទេ ទើបហ៊ានបើកដៃឲ្យក្រុមឈ្មួញដឹកឈើខុសច្បាប់ទៅលក់នៅប្រទេសយួនបែបនេះ។

ប្រភពពីប្រជាពលរដ្ឋដែលរស់នៅជិតច្រកព្រំដែនចាន់មូល និងច្រករបៀងបឹងច្រូង បានឲ្យដឹងថា ភាគច្រើនក្រុមឈ្មួញដឹកឈើទៅប្រទេសវៀតណាម នៅពេលយប់ដោយក្នុងមួយយប់ៗមិនក្រោម៥រថយន្តនោះទេ។

មន្រ្តីជំនាញសុំមិនបញ្ចេញអត្តសញ្ញាណបានឲ្យដឹងថា ជុំវិញបញ្ហានេះមន្រ្តីមានសម្ថកិច្ចពិបាកទប់ស្កាត់ណាស់ ព្រោះក្រុម ឈ្មួញមួយចំនួនជាមន្រ្តីមានសមត្ថកិច្ចជាក់ស្តែងដូចជាលោក ជាម ដែន ហៅតក ជាប្រធានច្រក ហើយរកស៊ីឈើខុសច្បាប់ ដឹកចេញទៅប្រទេស វៀតណាមស្ទើររ៉ាល់ថ្ងៃតាមច្រករបស់ខ្លួន៕

Loading...