ក្រុមឈ្មួញ នៅភូមិកំពង់ឃុំក្រវ៉ា នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើយកទៅច្រៀកដដែល!!!

ខេត្តកំពង់ធំ៖ កន្លែងច្រៀកឈើ និងស្តុកឈើក្រហមខ្នាតកណ្តាលចំនួន៧ទីតាំង ក្នុងភូមិកំពង់ស្ដេច,ឃុំក្រវ៉ា, ស្រុកបារាយណ៍, ខេត្តកំពង់ធំ ជំនាញធ្លាប់បង្ក្រាបបីដងហើយ ក៏ប៉ុន្តែក្រុមឈ្មួញនៅដំណើរការដដែល?

មានសេចក្តីរាយការណ៍មកថា មានម៉ាស៊ីនជ្រៀកឈើអាណាធិបតេយ្យ ស្ថិតនៅក្នុងភូមិកំពុងស្ដេច, ឃុំក្រវ៉ា, ស្រុកបារាយណ៍, ខេត្តកំពង់ធំ។

នៅរសៀលថ្ងៃទី២៤ខែកញ្ញាឆ្នាំ ២០២០អង្គភាពសារព័ត៌មានបានទៅដល់កន្លែង ប្រភព រាយការណ៍មកនោះ ពេលក្រុមការងារទៅដល់ក្រុមឈ្មួញ ចំនួន៧ ទីតាំងបានលើកម៉ាស៊ីនចេញពីទីតាំងទៅលាក់ក្នុងព្រៃ មិនអាចផ្ដិតយករូបភាពបាន ។ នៅសល់តែកន្លែងគំនរឈើខ្លះ និងឈើនៅសល់ខ្លះនឹងអាចម៍រណាជាច្រើន។

ប្រភពខ្លះបានផ្ដល់ព័ត៌មានថា កន្លងមកខាងរដ្ឋបាលព្រៃឈើខេត្តកំពង់ធំបានចុះបង្ក្រាប មួយលើកទៅពីលើកដែរក៏ប៉ុន្តែក្រុមឈ្មួញ នៅតែបន្តដំណើរការដាក់ច្រៀកឈើ នោះដដែល។

មហាជនជាទូទៅនៅភូមិឃុំជិតខាងនោះបានមានការងឿងឆ្ងល់យ៉ាងខ្លាំងចុះហេតុអ្វីក្រុមឈ្មួញទាំង៧ទីតាំងនោះនៅតែបន្តដំណើរការ ជ្រៀកឈើ អារឈើខុសច្បាប់ដដែលតើមកជា មកពីមូលហេតុអ្វីទៅ??។

ឈើទាំងអស់នោះបើតាមប្រភពរាយការណ៍មកថា ដឹកតាមគោយន្តចេញពីព្រៃអង់តែន កាត់ចំការកៅស៊ូក្រុមហ៊ុនវៀតណាមឆ្លងចូលភូមិឃុំខាងលើនោះតែម្ដង។

ប្រជាពលរដ្ឋ ដែលរកស៊ីស្លូតត្រង់ត្រឹមត្រូវតាមផ្លូវច្បាប់ និងអ្នកស្រឡាញ់ធនធានធម្មជាតិ បានសំណូមពរទៅដល់ជំនាញពាក់ព័ន្ធនៅក្នុងខេត្តកំពង់ធំ ជាពិសេសសំណូមពរទៅដល់  អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និង សំណូមពរទៅដល់ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលទទួលភារកិច្ច ចុះបង្រ្កាបធនធានធម្មជាតិមេត្តាចុះបង្រ្កាបកន្លែងទីតាំងខាងលើនេះផង។

ក្នុងករណីខាងលើនោះលោកមេប៉ុស្តិ៍ក្រវ៉ាបានឲ្យដឹងតាមទូរស័ព្ទថា លោកមិនដែលប៉ះពាល់ជាមួយប្រជាពលរដ្ឋសូម្បីតែមួយកាក់ ឬមួយសេន ក៏ប៉ុន្តែប្រជាពលរដ្ឋគាត់ទទួលស្គាល់ថាពិតជាបានរកស៊ីអារឈើទាំងអស់នោះមែន ឈើទាំងអស់នោះគឺឈើទ្រង់ទ្រាយឈើធ្លក,ចំបក់, ធម្មតា តែប៉ុណ្ណោះ។

ចំណែកលោកមេភូមិ កំពង់ស្តេចបានឲ្យដឹងតាមទូរស័ព្ទថា ប្រជាពលរដ្ឋរបស់ពួកគាត់ពិតជាបានរកស៊ីអារឈើក៏ពិតមែនក៏ប៉ុន្តែលក្ខណៈគ្រួសារនិងអារឈើធម្មតាតែប៉ុណ្ណោះ។

ចំណែកលោកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំមិនអាចទាក់ទងបានទេនៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ នេះដោយទូរស័ព្ទមិនចូល។
តែបើតាមពិនិត្យមើលឈើទាំងអស់នោះគឺមានឈើក្រហមធ្វើផ្ទះនិងឈើសាក្រុំខ្លះ ដែរ ៕

Loading...