ក្រុមញៀនល្បែង១២នាក់ ត្រូវកម្លាំងនគរបាលខេត្តកំពង់ចាម ឃាត់ខ្លួន

កំពង់ចាម៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១២ និង១០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ និងអាជ្ញាធរមូលដ្ឋាន ដោយក្នុងកិច្ចប្រតិបត្តិការក្រោមការដឹកនាំសម្របសម្រួលបញ្ជាផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះបង្ក្រាបករណីបើក និងលេងល្បែងស៊ីសងខុសច្បាប់ (លេងបៀរភ្នាល់ដាក់ប្រាក់) នៅចំណុចភូមិតាកុច ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

ក្នុងប្រតិបត្តិការខាងលើសមត្ថកិច្ចឃាត់ខ្លួនបានមុខសញ្ញាចំនួន១២នាក់។

ដកហូតវត្ថុតាងរួមមាន៖ ១-ទូរស័ព្ទដៃចំនួន១០គ្រឿង, ២-ម៉ូតូចំនួន២០គ្រឿង, ៣-បៀរចំនួន០៣ហ៊ូ, ៤-តុចំនួន០៣, ៥-កៅអីជ័រចំនួន០៥, ៦-ប្រាក់រៀលចំនួន២,៦៨០,៥០០រៀល, ៧-ប្រាក់ដុល្លារចំនួន១០៩០$។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ចូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី តាមបទបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ៕

Loading...