ក្រុមទំនើងអនាធិបតេយ្យនៅតំបន់ពយម៉ាចូវបានប្រើអំពើហិង្សាទៅលើកម្មករយាមដី និង កម្មករសំណង់យ៉ាងសាហាវព្រៃផ្សៃ

(ខេត្តព្រះសីហនុ ) ៖ ក្រុមអនាធិបតេយ្យមួយក្រុមនៅប្រចាំតំបន់ពយម៉ាចូវបានប្រើអំពើហិង្សាមកលើកម្មករយាមដី និងកម្មករសំណង់ ដោយក្រុមទាំងនោះមានមេខ្លោងបួនទៅប្រាំនាក់ ដោយបានប្រើអំពើហឹង្សារជាញឹកញាប់យ៉ាងព្រៃផ្សៃ ហើយក្រុមទាំងនោះប្រជាពលរដ្ឋបានអះអាងថា មានសម្ព័ន្ធភាពយ៉ាងស្អិតរមួតជាមួយអ្នកមានលុយ មានអំណាច ហើយពួកគេទាំងនោះតែងដើរអុកឡុកបង្ករភាពអនាធិបតេយ្យ ដោយប្រើអំពើហិង្សាទៅលើកម្មករយាមដី និងកម្មករសំណង់ រំលោភបំពានលើដី មានកម្មសិទ្ធិស្របច្បាប់ សកម្មភាពក្រុមអនាធិបតេយ្យទាំងនោះពួកគេធ្វើអ្វីមិនខ្វល់ពីច្បាប់ និងមិនខ្លាចសម្តត្ថកិច្ចនោះឡើយ ។

ប្រភពព័ត៌មាន បានឲ្យដឹងថា ជាក់ស្តែងកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ក្រុមជនអនាធិបតេយ្យខាងលើមានគ្នាប្រមាណ ៤០នាក់ ប្រដាប់ដោយប្រើដំបង កាំបិត និងពូថៅ បានសម្រុកចូលទៅវាយធ្វើបាបកម្មករយាមដី ជាច្រើននាក់ និងដុតបំផ្លាញផ្ទះរបស់ម្ចាស់ដីចំនួន១ខ្នងឆេះអស់គ្មានសល់ និងវាយបំផ្លាញរបងថ្ម វាយបំផ្លាញសម្ភារៈផ្សេងៗ អស់ជាច្រើនផងដែរ ព្រមទាំងបានបណ្តេញកម្មករយាមដីទាំងនោះឲ្យចាកចេញដោយគំរាមថា “បើសិន បើមិននាំគ្នាចាក់ចេញ ប្រយ័ត្នងាប់វើយប្រាប់ឲ្យហើយ”។

ប្រជាពលរដ្ឋរស់នៅតំបន់ពយម៉ាចូវ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានប្រាប់ឲ្យដឹងថា ក្រុមពួកនេះសាហាវណាស់ ដោយសារពួកគេមានមេខ្លោងជាអ្នកមានលុយ មានអំណាច និងមានសម្ពន្ធភាពជាមន្រ្តី មានបុណ្យសក្ក័ធំនៅក្នុងខេត្តព្រះសីហនុថែមទៀតផង ។ ពលរដ្ឋថា សព្វថ្ងៃនេះពួកមេខ្លោងទាំងនោះគឺជាអ្នកផ្តល់សេដ្ឋកិច្ច និងការចំណាយផ្សេងៗសម្រាប់ក្រុមអនាធិបតេយ្យ ខាងលើដើម្បីធ្វើសកម្មភាព ។ ជុំវិញបញ្ហានេះមន្រ្តីសាលាស្រុកព្រៃនប់បានបញ្ជាក់ថា បញ្ហាខាងលើនេះវាពិតជាមានមែនប្រាកដមែន ករណីនេះត្រូវបានឯកឧត្តមអភិបាលខេត្តព្រះសីហនុ ចេញបទបញ្ជារឲ្យកម្លាំងចម្រុះរបស់គណៈបញ្ជារការឯកភាពខេត្តចុះធ្វើការស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញាជនដែលពាក់ព័ន្ធទាំងអស់ និងចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

នៅកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពខេត្ត បានចុះធ្វើរដ្ឋបាលចំហរតំបន់ខាងលើក្នុងគោលបំណងបោសសម្អាតជនបង្ករភាពអនាធិបតេយ្យទ ។ ប៉ុន្តែមិនទទួលបានលទ្ធផលនោះទេដោយសារក្រុមជនអនាធិបតេយ្យបានដឹងខ្លួនជាមុន នាំគ្នារត់គេចខ្លួនបាត់អស់ ។

គួរបញ្ជាក់ថា តំបន់ពយម៉ាចូវកន្លងមកកម្លាំងសមត្ថកិច្ចធ្លាប់បានចាប់ខ្លួនជនពាក់ព័ន្ធរំលោភបំពានដីរដ្ឋ និងបង្កភាពហិង្សាទៅលើអ្នកមានដីកម្មសិទ្ធិឯកជនមិនតិចជាង ១០០នាក់ ក្នុងនោះក្រុមអនាធិបតេយ្យមួយចំនួនក៏ត្រូវបានសមត្ថកិច្ចរកឃើញមានប្រើប្រាស់អាវុធខុសច្បាប់ផងដែរ៕

Loading...