ក្រុមបាតុករថៃផ្លាស់ទិសដៅតវ៉ាទៅកាន់ជាយក្រុងបាងកកវិញ

ក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាលថៃបានធ្វើបាតុកម្មនៅជាយក្រុងបាងកកកាលពីថ្ងៃសៅរ៍ ដោយមានក្បួនដង្ហែ និងការថ្លែងសុន្ទរកថាទាមទារឲ្យ នាយករដ្ឋមន្រ្តី ប្រាយុទ្ធ ច័ន្ទអូចា ចេញពីតំណែង, ការកែប្រែរដ្ឋធម្មនុញ្ញថ្មី និងកែទម្រង់រាជាធិបតេយ្យផងដែរ ។

បាតុកម្មរបស់ក្រុមបាតុករបានកើនឡើងនៅក្នុងសប្តាហ៍នេះ បើទោះបីមានការគំរាមគំហែងពីសំណាក់លោក ប្រាយុទ្ធ អតីតមេដឹកនាំរបបយោធាដែលថា នឹងប្រើច្បាប់ដែលមានទាំងអស់ប្រឆាំងតទល់ជាមួយក្រុមបាតុករដែលរំលោភបំពាន ហើយជាមួយនឹងការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រប្រឆាំងទៅលើមេដឹកនាំបាតុកម្មមួយចំនួនយ៉ាងណាក៏ដោយ ។

ប្រភពរ៉យទ័របានផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ថា មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅតំបន់ Nonthaburi និង Bang Na ភាគពាយព្យ និងភាគអាគ្នេយ៍ទីក្រុងបាងកក ។

បាតុករម្នាក់បាននិយាយជាមួយអ្នកសារព័ត៌មានថា «យើងមានរបបផ្តាច់ការពុករលួយច្រើនឆ្នាំហើយ ។ យើងចង់បានការបោះឆ្នោតមួយដែលសំឡេងរបស់យើង​ត្រូវបានគេដឹងឮ» ។

ក្រុមបាតុករក៏ទាមទារឲ្យលោកប្រាយុទ្ធ ដែលពួកគេគិតថា ជាអ្នកលួចបន្លំសន្លឹកឆ្នោត​ក្នុងការបោះឆ្នោតកាលពីឆ្នាំមុនដើម្បីរក្សាអំណាច បន្ទាប់ពីលោកដណ្តើមបានអំណាចពីរដ្ឋាភិបាលស្របច្បាប់របស់លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា ដោយសារការធ្វើរដ្ឋប្រហារយោធា​ឆ្នាំ២០១៤នោះ ឲ្យចុះចេញពីតំណែងផងដែរ ។ លោកប្រាយុទ្ធ បានថ្លែងថា ការបោះឆ្នោតគឺបានប្រព្រឹត្តទៅដោយត្រឹមត្រូវ ហើយថា លោកនឹងមិនលាលែងពីតំណែងនោះឡើយ ។

ជាមួយគ្នានេះផងដែរ ក្រុមបាតុករ​ក៏ទាមទារឲ្យកែទម្រង់​រដ្ឋធម្មនុញ្ញថ្មីដើម្បីកាត់បន្ថយអំណាច​រាជានិយមរបស់ព្រះមហាក្សត្រ ។ ក្រុមបាតុករ​និយាយថា រាជបល្ល័ង្គនេះបានបើកការត្រួតត្រាលើ​យោធាជាច្រើនទសវត្សរ៍មកហើយ ។

សូមបញ្ជាក់ថា ខាងរាជបល្ល័ង្គមិនបានធ្វើអត្ថាធិប្បាយអ្វីទាំងអស់​ចាប់តាំងពីពេលដែលបាតុកម្ម​ផ្ទុះឡើងរហូតដល់សព្វថ្ងៃ ។

ព្រះមហាក្សត្រ Maha Vajiralongkorn បានមានបន្ទូលថា ទោះបីមានការធ្វើបាតុកម្មក៏ដោយ ក៏ក្រុមបាតុករទាំងអស់ នៅតែទទួលបានការស្រឡាញ់“ ដូចគ្នាទាំងអស់” ៕

Loading...