ក្រុមប្រជាពលរដ្ឋដែលមានរថយន្ត ប្រកបមុខរបរ ដឹកកសិផលដំឡូងមីនៅ ខេត្តរតនគិរី បានបញ្ចេញកំហឹង អហឹង្សា ឆ្លើយតប ទៅនឹងក្រុមមន្ត្រី ជញ្ជីងថ្លឹងរថយន្ត

ខេត្តរតនគិរី: ដោយយករថយន្ត ធំៗ ដឹកដំឡូងមី ១៨ គ្រឿង បិទផ្លូវជាតិលេខ៧៨នៅត្រង់ចំណុច ភូមិ ១ ឃុំត្រពាំងក្រហម ស្រុកកូនមុំ បណ្តាលអោយស្ទះផ្លូវធ្វើដំណើរ របស់ប្រជាពលរដ្ឋ ទូទៅ ហើយមានការកកស្ទះ រថយន្តជាង ៤០ គ្រឿង ក្នុងរយៈពេលតែជិត មួយម៉ោង ។

ហេតុការណ៍នេះបាន កើតឡើងកាលពីវេលាម៉ោង១នឹង៣០នាទីរសៀល ថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ២០១៧ ។

តាមការលើកឡើង របស់ម្ចាស់រថយន្តបិទផ្លូវខាងលើនេះបានអោយដឹងថា ក្រុមសមត្ថកិច្ច ជញ្ជីង របស់មន្ទីរសារធារណៈការ ខេត្តរតនគិរី គិតតែពីយកលុយ មិនលើសទំងន់ ក៍យកលុយ លើសទំងន់ក៍យកលុយ ធ្វើអោយពួកគាត់ខាតបង់ លុយកាក់យ៉ាងច្រើន ។ ហើយពេលនេះ ធ្វើការផាកពិន័យ រថយន្តដែលដឹកលើសទំងន់ ក្នុងមួយតោន ពី ៣០ ម៉ឺនរៀល ទៅ ៤០ ម៉ឺនរៀល ដែលធ្វើអោយពួកគាត់ មិនអាចទទួលយកបាន ទើបធ្វើការបិទផ្លូវតែម្តង ។

ទាក់ទងនឹង ហេតុការណ៍នេះ លោក ភោក បូរិទ្ធ អធិការនគរបាលស្រុកកូនមុំ បានប្រាប់អោយដឹងថា លោក បានដឹកនាំ កម្លាំងចុះសម្រប សម្រួលចរាចរណ៍ ហើយ ។

ចំណែកលោក ឃឹម រមនី អនុប្រធានមន្ទីរ សារធារណៈការ និងដឹកជញ្ជូន ខេត្តទទួលបន្ទុក ការងារថ្លឹងរថយន្ត បានប្រាប់តាមទូរស័ព្ទអោយថា លោក កំពុងធ្វើការដោះស្រាយបញ្ហានេះហើយ ។

គួបញ្ជាក់ផងដែរថា៖ ព័ត៌មានចុងក្រោយ ទើបតែទទួលបានថ្មីៗ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានបញ្ជា អោយរថយន្តទាំង ១៨គ្រឿងដែលធ្វើការបិទផ្លូវនោះ ត្រូវយករថយន្ត ចេញពីផ្លូវជាបន្ទាន់ ហើយ ឯកឧត្តម ក៍បានអោយធ្វើចរាចរណ៍ធម្មតាឡើងវិញ ដោយអោយក្រុម ប្រជាពលរដ្ឋដែលមានរថយន្តដឹកលើសទំងន់ទាំងនោះ ធ្វើកិច្ចសន្យា បញ្ឈប់ការដឹកលើស ទំងន់ បើថ្ងៃក្រោយមានការដឹកលើសទំងន់ទៀត សមត្ថកិច្ច និងធ្វើការផាកពិន័យទៅតាម ផ្លូវច្បាប់ ៕ វុទ្ធឦសាន

Loading...