ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា គ្រោងបញ្ចប់កិច្ចពិភាក្សាឲ្យបានមុនថ្ងៃទី៩-១០ខែកញ្ញានេះគឺមុនពិធីបុណ្យភ្ជុំបិណ្ឌ

(ភ្នំពេញ)៖ ថ្លែងនៅក្នុងក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា(ក.ជ.ប.អ.) អាណត្តិទី១ឆ្នាំទី២ ស្ដីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរនិងផលិតស្បែកជើងសម្រាប់ឆ្នាំ២០២១ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានកំណត់ឲ្យក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមារួមគ្នាបញ្ចប់កិច្ចពិភាក្សាត្រឹមថ្ងៃទី៩ឬទី១០ខែកញ្ញានេះពោលត្រូវបញ្ចប់ឲ្យបានមុនពិធីបុណ្យភ្ជុំបិណ្ឌ។ ការថ្លែងជំរុញរបស់លោករដ្ឋមន្ត្រីធ្វើឡើង កាលពីព្រឹកថ្ងៃទី៣ខែកញ្ញាឆ្នាំ២០២០នៅទីស្ដីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

លោករដ្ឋមន្ត្រី អ៊ិត សំហេង មានប្រសាសន៍ថា ការពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមានៅប្រទេសកម្ពុជាត្រូវបានចាប់ផ្តើម អនុវត្តលើកដំបូងក្នុងឆ្នាំ២០០០ ហើយត្រូវបានធ្វើការកែលម្អជាបន្តបន្ទាប់តាមរយៈយន្តការត្រីភាគី ។ ជាក់ស្តែង រាជរដ្ឋាភិបាលបានរៀបចំសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមាក្នុងឆ្នាំ២០១៦និងទទួលបានការអនុម័ត និងប្រកាសឱ្យប្រើកាលពីថ្ងៃទី៦ខែកក្កដា ឆ្នាំ២០១៨ ដោយបានបញ្ចូលនូវគោលការណ៍ទាំង៥, លក្ខណវិនិច្ឆ័យផ្នែកសង្គម (ស្ថានភាពគ្រួសារអត្រាអតិផរណានិងចំណាយក្នុងការរស់នៅ) លក្ខណវិនិច្ឆ័យផ្នែកសេដ្ឋកិច្ច (ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារនិងកម្រិតចំណេញរបស់វិស័យ) ព្រមទាំងកាលវិភាគនៃការចរចាប្រាក់ឈ្នួលអប្បបរមា ដែលជាលទ្ធផលនៃសិក្ខាសាលាត្រីភាគីថ្នាក់ជាតិកាលពីថ្ងៃទី២៤-២៥ ខែមេសា ឆ្នាំ២០១៤ ។

លោករដ្ឋមន្ត្រីបានបន្តថា សម្រាប់ឆ្នាំ២០២០ ដំណើរការពិភាក្សាប្រាក់ឈ្នួលអប្បបរមា ប្រព្រឹត្តទៅតាមកាលបរិច្ឆេទធម្មតា ប៉ុន្តែដោយសារនៅខែមីនា ឆ្នាំ២០២០ មានការផ្ទុះឡើងនូវជំងឺកូវីដ១៩ ក្នុងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដែលជាទីផ្សារនាំចេញផលិតផលចម្បងរបស់ប្រទេសកម្ពុជា ហើយប្រទេសទាំងនោះបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ដែលជាហេតុធ្វើឱ្យការនាំចេញផលិតផលកាត់ដេរ និងស្បែកជើងរបស់ប្រទេសកម្ពុជាមានការធ្លាក់ចុះ។លោករដ្ឋមន្ត្រី អ៊ិត សំហេង បានកំណត់ឲ្យក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា រួមគ្នាបញ្ចប់កិច្ចពិភាក្សាប្រាក់ឈ្នួលមុនបុណ្យភ្ជុំបិណ្ឌ ខាងមុខ ដើម្បីឲ្យកម្មករនិយោជិត ក៏ដូចជាភាគីដែលមានសមាសភាពក្នុងក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា មានភាពស្ងប់ចិត្តក្នុងការឈប់សម្រាកនាឱកាសខាងមុខនោះ។ អង្គប្រជុំបានឯកភាពគ្នាកំណត់យកថ្ងៃទី៩-១០ខែកញ្ញា ជាពេលវេលាប្រជុំបញ្ចប់ចុងក្រោយសម្រាប់កិច្ចពិភាក្សាប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់និងផលិតស្បែកជើងរៀងរាល់ឆ្នាំពោលគឺចាប់ពីឆ្នាំ១៩៩៧ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតមានចំនួនតែ ៤០ ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយខែ រហូតដល់ឆ្នាំ២០២០នេះ ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតនៅកម្ពុជាមានចំនួន ១៩០ ដុល្លារអាមេរិកក្នុងមួយខែ ៕

Loading...