ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដំណើរការកិច្ចប្រជុំពិភាក្សាអំពីរដ្ឋប្រហារនៅប្រទេសភូមា

នៅក្នុងកិច្ចប្រជុំបិទទ្វារ នៅថ្ងៃនេះ ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសមីយ៉ាន់ម៉ា បានស្នើសុំឲ្យក្រុមប្រឹក្សាសន្តិសុខរួមគ្នាគាំទ្រលិទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសនេះ បន្ទាប់ពីការធ្វើរដ្ឋប្រហាររបស់ពួកយោធា។

លោកស្រី Christine Schraner Burgener ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសភូមា បានថ្កោលទោសពួកយោធាភូមា និងជំរុញឲ្យអង្គការសហប្រជាជាតិបញ្ជួនសញ្ញាច្បាស់ៗរួមគ្នា ដើម្បីគាំទ្រលិទ្ធិប្រជាធិបតេយ្យនៅប្រទេសភូមា។

ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិ បានបញ្ជាក់អំពីជ័យជំនះរបស់គណបក្សសម្ព័ន្ធជាតិដើម្បីលិទ្ធិប្រជាធិបតេយ្យរបស់លោកស្រី អ៊ុង សាន ស៊ូជី នៅក្នុងការបោះឆ្នោតនាខែវិច្ឆិកាកន្លងទៅ ដែលឆ្លុះបញ្ចាំងពីឆន្ទៈច្បាស់លាស់របស់ពលរដ្ឋមីយ៉ាន់ម៉ា ក្នុងការគាំទ្រជោគជ័យនៃកំណែទម្រង់ប្រជាធិតេយ្យ។ លោកស្រី ប្រេសិត មានប្រសាសន៏ថា៖ «វាជាការសំខាន់ណាស់ ដែលយើងត្រូវតែជួយធានាឲ្យពួកយោធាគោរពឆន្ទៈរបស់ពលរដ្ឋមីយ៉ាន់ម៉ា និងប្រកាន់ខ្ជាប់នូវបទដ្ឋានប្រជាធិបតេយ្យ»។

ព្រមជាមួយគ្នានេះដែរ ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លោក Volkan Bozkir បានអំពាវនាវឲ្យមានការដោះលែងជាបន្ទាន់នូវមេដឹកនាំនយោបាយដែលត្រូវបានឃុំខ្លួន និងបានថ្កោលទោសអំពើរដ្ឋប្រហារនៅប្រទេសភូមា៕

Loading...