ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អំពាវនាវឲ្យមានការដោះលែងលោកស្រី អ៊ុង សាន ស៊ូជី

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអំពាវនាវឲ្យមានការដោះលែងលោកស្រី អ៊ុង សាន ស៊ូជី និងសន្យាបន្តជួយគាំទ្រដល់ដំណើរការប្រជាធិបតេយ្យរបស់ប្រទេសមីយ៉ាន់ម៉ា

នៅថ្ងៃនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៏ ដោយបានសម្តែងនូវក្តីបារម្ភយ៉ាងខ្លាំង (deep concern) ចំពោះការដាក់ប្រទេសមីយ៉ាន់ម៉ាក្នុងភាពអាសន្នដោយពួកយោធា កាលពីថ្ងៃទី១ ខែកុម្ភៈ និងបានតម្រូវឲ្យមានការដោះលែងជាបន្ទាន់នូវមេដឹកនាំជាប់ឆ្នោត ដែលរួមមាន លោកស្រី អ៊ុង សាន ស៊ូជី លោកប្រធានាធិបតី Win Myint និងអ្នកដែលត្រូវបានចាំឃុំខ្លួនដទៃទៀត។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបញ្ជាក់ពីការបន្តជួយគាំទ្រដល់ដំណើរការប្រជាធិបតេយ្យរបស់ប្រទេសមីយ៉ាន់ម៉ា។ សមាជិកក្រុមប្រឹក្សាសន្តិសុខទាំងអស់ បានបញ្ជាក់ពីភាពចាំបាច់ ក្នុងការលើកកម្ពស់ស្ថាប័នប្រជាធិបតេយ្យ ដំណើរការប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស សិទ្ធិសេរីភាពជាមូលដ្នាន នីតិរដ្ឋ និងជៀសវាងការប្រើប្រាស់អំពើហឹង្សា។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏បានសម្តែងនូវការព្រួយបារម្ភលើការរិតត្យិត លើសង្គមស៊ីវិល និងអ្នកសារព័ត៌មាន។​ សេចក្តីថ្លែងការណ៏នេះ បានកើតឡើង បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានកោះប្រជុំបន្ទាន់ កាលពីថ្ងៃទី២ ខែកុម្ភៈ ដើម្បីពិភាក្សាអំពីបញ្ហារដ្ឋប្រហារនៅប្រទេសភូមា។

ព្រមជាមួយគ្នានេះដែរ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ António Guterres មានប្រសាសន៏ថា លោកនឹងគៀងគរសហគមន៏អន្តរជាតិ «ដើម្បីធ្វើឲ្យប្រាកដថា រដ្ឋប្រហារនេះបរាជ័យ»។​ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា «វាមិនអាចទទួលយកបានទេបន្ទាប់ពីការបោះឆ្នោត ជាការបោះឆ្នោតដែលខ្ញុំជឿថា បានប្រព្រឹត្តទៅដោយត្រឹមត្រូវ ហើយវាពិតជាមិនអាចទទួលយកបានទេ ចំពោះការបដិសេធឆន្ទៈរបស់ប្រជាពលរដ្ឋ និងលទ្ធផលនៃការបោះឆ្នោត»។

លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ សង្ឃឹមថា ប្រជាធិបតេយ្យនឹងមានវឌ្ឍនភាពម្តងទៀតនៅប្រទេសមីយ៉ាន់ម៉ា។

ប្រភព៖ UN

Loading...