ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. យល់ព្រមបញ្ជូនទាហានទៅ Burundi

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តយល់ព្រមដាក់ពង្រាយកងកម្លាំងប៉ូលិសអង្គការសហប្រជាជាតិទៅកាន់ប្រទេសបូរ៉ាន់ឌី (Burundi) ដើម្បីព្យាយាមបង្ក្រាបអំពើហិង្សា និងរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសនេះ ។ នេះបើតាមការផ្សព្វផ្សាយរបស់គេហទំព័រប៊ីប៊ីស៊ីកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ ។

ក្រុមប្រឹក្សាសន្តិសុខបានយល់ព្រមតាមដំណោះស្រាយដែលព្រាងឡើងដោយបារាំង ដោយស្នើបញ្ជូនកម្លាំងប៉ូលិសអង្គការសហប្រជាជាតិរហូតដល់២២៨នាក់ក្នុងអំឡុងឆ្នាំដំបូងនៃការចាប់ផ្តើម ។

កាលពីអំឡុងពេលកន្លងទៅថ្មីៗនេះ ប្រទេស បូរ៉ាន់ឌី បានប្រកាសថា ខ្លួនអាចទទួលកងកម្លាំងសន្តិសុខមិនលើសពី៥០នាក់នោះឡើយ ។

មនុស្សជាង៤០០នាក់បានបាត់បង់ជីវិត នៅក្នុងអំពើហិង្សាផ្ទុះឡើង ចាប់តាំងអំពីការប្រកាសរបស់លោកប្រធានាធិបតី Pierre Nkurunziza ថា លោកមានបំណងគ្រប់គ្រងប្រទេសអាណត្តិទី៣ កាលពីខែមេសា កន្លងមកនោះ ។ ជាមួយគ្នានេះ ដែរ ពលរដ្ឋជាង២០០.០០០នាក់ផ្សេងទៀតបានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ។

ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅអង្គការសហប្រជាជាតិ លោក Francois Delattre បានថ្លែងថា ដើម្បីកម្ចាត់បង់ការកើនឡើងនូវអំពើហិង្សា និងស្ថានការណ៍តានតឹងនោះ ក្រុមប្រឹក្សាសន្តិសុខត្រូវតែមានភ្នែក និងត្រចៀកនៅដោយផ្ទាល់នៅដែនដីនោះដើម្បីប្រាកដធានាថា ស្ថានការណ៍អាក្រក់នឹងមិនកើតមានទៀតឡើយនៅក្នុងទឹកដីបូរ៉ាន់ឌី ។ លោកបញ្ជាក់ថា នេះជាសកម្មភាពបង្ការតាមផ្លូវការទូតដ៏ខ្លាំងក្លាមួយ ។

រដ្ឋាភិបាលបូរ៉ាន់ឌី កាលពីពេលកន្លងមកបានប្រកាសថា ខ្លួនអាចយល់ព្រមទទួលយកកងទ័ពអង្គការសហប្រជាជាតិមិនលើសពី៥០នាក់នោះឡើយ ។

នៅពេលនេះក្រុមអ្នកការទូតបាននិងកំពុងពិភាក្សាទៅលើថា តើត្រូវអនុវត្តយ៉ាងដូចម្តេចទៅលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។

ទាំងកម្លាំងរដ្ឋាភិបាល និងកម្លាំងប្រឆាំង សុទ្ធតែមានលាយឡំដោយក្រុមជនជាតិភាគតិចរួមបញ្ចូលគ្នា ។ ហេតុដូច្នេះហើយ មានការព្រួយបារម្ភថា អំពើហិង្សាអាចធ្លាក់ចូលក្នុងដាននៃអំពើប្រល័យពូជសាសន៍ជាថ្មីម្តងទៀត ដូចដែលប្រទេសនេះធ្លាប់មានបទពិសោធន៍នាពេលកន្លងមក ។

ប្រធានាធិបតីបូរ៉ាន់ឌី លោក Nkurunziza ជាអតីតមេដឹកនាំក្រុមឧទ្ទាម Hutu ដែលប្រយុទ្ធតស៊ូជាមួយកងកម្លាំងប្រដាប់អាវុធត្រួតត្រាដោយក្រុម Tutsi អស់រយៈពេលជាច្រើនឆ្នាំ រហូតទាល់តែលោកទទួលបានអំណាចក្នុងឆ្នាំ២០០៥ ក្រោមកិច្ចព្រមព្រៀងសន្តិភាព ៕ សុរ្ម័ន

burundi

Loading...

Leave a Reply

Your email address will not be published. Required fields are marked *