ក្រុមហ៊ុន២ឧបត្ថម្ភអំណោយជាច្រើនដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីយកទៅជួយផ្គត់ផ្គង់ជីវភាពប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់

ភ្នំពេញ៖ក្រុមហ៊ុនចំនួន២ បានឧបត្ថម្ភអំណោយជាថវិកានិងគ្រឿងឧបភោគបរិភោគជាច្រើនជូនដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីយកទៅចាត់ចែងជួយដោះស្រាយផ្កត់ផ្គង់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងនៅក្នុងរាជធានីភ្នំពេញ។ គ្រាដែលសកម្មភាពរបស់កម្លាំងនគរបាលរាជធានីភនំពេញនៅតែត្រៀមបន្តជួយសង្រ្គោះប្រជាពលរដ្ឋនៅក្នុងតំបន់ទឹកលិចក្នុងរាជធានីភ្នំពេញនិងសកម្មភាពចែកអំណោយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាកបាទក្រហមកម្ពុជា អាជ្ញាធររាជធានីភ្នំពេញ និងសប្បុរសជននានាកំពុងធ្វើឡើងចូលរួមដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។ ការជួបសំណេះសំណាលទទួលអំណោយបានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាមួយតំណាងក្រុមហ៊ុន ហ័រ ហ្សុងឌីង សេង អ៊ិនវេសម៉ិន(Hua zhong Ding seng Investment) លោក ខុក ស៊ុនលី និងតំណាងក្រុមហ៊ុន ភីក ឃែភីថលមេនេជឺមិន(Peak Capital Menagement)តំណាងដោយលោក Wen Xiao Yong។ក្នុងនោះក្រុមហ៊ុនហ័រ ហ្សុងឌីង សេង អ៊ិនវេសម៉ិន(Hua zhong Ding Investment)ឧបត្ថម្ភអំណោយត្រីខ៥០កេសធំ, មី១០០កេសធំ,ទឹកត្រី២០០យួរ,ទឹកស៊ីអ៊ីវ២០០យួរ និងថវិកា១ម៉ឺន៥ពាន់ដូល្លារ។ចំណែកក្រុមហ៊ុនភីក ឃែភីថលមេនេជរមិន(Peak Capital Menagement) ឧបត្ថម្ភអង្ករចំនួន០៦តោន។

​ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនដល់ម្ចាស់ក្រុមហ៊ុនទាំង២ខាងលើដែលបានផ្តល់នូវអំណោយទាំងនេះ ក្នុងការឆ្លើយតបលើកិច្ចការងារជួយសង្រ្គោះប្រជាពលរដ្ឋកំពុងរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងប្រកបទឹកចិត្តមនោសញ្ចេតនាអាណិតស្រលាញ់ប្រជាជនកម្ពុជា។

​ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏បានជម្រាបជូនតំណាងក្រុមហ៊ុនផងដែរខណៈដែលទឹកជំនន់ទឹកភ្លៀងបានជន់លិចនៅតាមបណ្តាខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ កម្លាំងនគរបាលរាជធានីភ្នំពេញនិងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតបានចេញជួយសង្រ្គោះប្រជាពលរដ្ឋមកទីទួលសុវត្ថិភាពនិងគេចផុតពីការបាត់បង់អាយុជីវិតខណៈនេះទឹកបានស្រកចុះបន្តិចវិញ។ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងមិនទាន់ត្រឡប់ទៅផ្ទះវិញនៅនោះឡើយ។

​ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានជម្រាបជូនទៀតថា ទឹកជំនន់ទឹកភ្លៀងនេះមិនត្រឹមតែលិចលង់មួយផ្នែកនៅរាជធានីភ្នំពេញប៉ុណ្ណោះទេ នៅតាមបណ្តាខេត្តមួយចំនួននៅភាគពាយព្យនិងភាគឦសាន ប្រទេសកម្ពុជាក៏រងការជន់លិចផងដែរ។

​តំណាងក្រុមហ៊ុនទាំង២ខាងលើក៏បានលើកឡើងនិងចូលរួមសោកស្តាយជាមួយប្រជាពលរដ្ឋកម្ពុជាដែលរងគ្រោះដោយទឹកជំនន់និងបង្កការខូចខាតទ្រព្យសម្បត្តិ។តំណាងក្រុមហ៊ុន ក៏បានសន្យាកៀរគរក្រុមហ៊ុនចិនជាមិត្តមួយចំនួនទៀតដើម្បីឧបត្ថម្ភជាអំណោយសម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋកម្ពុជា កំពុងរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងនេះ៕

Loading...