ក្រុមហ៊ុនហូលីវូដបញ្ចប់ការថតភាពយន្តខ្នាតធំនិយាយពីរបបខ្មែរក្រហម

ខេត្តបាត់ដំបង៖ការថតភាពយន្តខ្នាតធំដំបូងគេនៅកម្ពុជា គឺរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ» ដែលដឹកនាំដោយតារាហូលីវូដ (Hollywood) របស់សហរដ្ឋអាមេរិក ដែលមានតារាល្បីដឹកនាំថត គឺអ្នកស្រី អែនជេលីណា ចូលី ភីត (Angelina Jolie-Pitt) ថត ក្នុងទឹកដីខេត្តបាត់ដំបង រយៈពេលជាងមួយសប្ដាហ៍កន្លងមក បានបញ្ចប់ហើយកាលពីរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦។ ការថតភាពយន្តនេះ បានប៉ះពាល់ដល់ការធ្វើដំណើរ និងការលក់ដូររបស់ប្រជាពលរដ្ឋមួយចំនួនក្នុងក្រុងបាត់ដំបង ដោយសារសមត្ថកិច្ចបិទផ្លូវនៅតំបន់ថតកុននោះ ធ្វើឲ្យពួកគាត់មិនអាចប្រកបរបររកស៊ីបាន។
ការថតភាពយន្តខ្នាតអន្តរជាតិនេះ សមត្ថកិច្ចបានដាក់កម្លាំងយាមកាមយ៉ាងតឹងតែងបំផុតនៅតាមដងផ្លូវមួយ ចំនួន ក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ជាពិសេសផ្លូវកាត់ទទឹងពីចំណុចអតីតស្ពានដែកនៃស្ទឹងសង្កែ ឆ្ពោះទៅសាលាបឋមសិក្សា ២ ធ្នូ ក្បែរវត្តដំរីស ដែលជាទីតាំងសំខាន់ក្នុងការថតរឿងនេះ។
ថ្ងៃថតចុងក្រោយ សមត្ថកិច្ចបានបិទផ្លូវស្ទើរពាក់កណ្ដាលក្រុងបាត់ដំបង និងធ្វើឲ្យស្ទះចរាចរណ៍យ៉ាងខ្លាំង ទាំងត្រើយខាងលិច និងត្រើយខាងកើត គឺចាប់ពីស្ពានថ្មថ្មី រហូតទល់ផ្សារលើ ពីព្រោះនៅថ្ងៃទី១៣ កុម្ភៈ ជាថ្ងៃចុងបញ្ចប់នៃការថតសាច់រឿង និងមានប្រជាពលរដ្ឋចូលរួមសម្ដែងច្រើនជាងថ្ងៃធម្មតា។
ប្រជាពលរដ្ឋដែលត្រូវជ្រើសរើសឲ្យសម្ដែងជាតារា កិត្តិយស ភាគច្រើនស្លៀកពាក់ឯកសណ្ឋានដូចការរស់នៅក្នុងរបបសម័យខ្មែរក្រហម មានជាអាទិ៍ ពាក់អាវខ្មៅ ខោខ្មៅ និងមានបង់កកន្សែង ជាដើម។ ពលរដ្ឋអ្នកចូលរួមសម្ដែងមួយចំនួន ថ្លែងនៅពេលដែលធ្វើដំណើរទៅថតកុននៅមាត់ស្ទឹងសង្កែ ក្រុងបាត់ដំបង ថា ពួកគាត់មានក្ដីរំភើបជាខ្លាំងដែលបានចូលរួមសម្ដែងក្នុងរឿង ប្រវត្តិសាស្ត្រនេះ៖ «គេឲ្យពួក ខ្ញុំមកសម្ដែងធ្វើជាប្រជាពលរដ្ឋ ជម្លៀសជាជនភៀសខ្លួន ដោយនាំគ្នារត់ពីកន្លែងមួយទៅកន្លែងមួយទៀត ប៉ុន្តែពុំដឹងថា គេឲ្យរត់ទៅខាងណានៅឡើយទេ»។
នៅទីកន្លែងថតកុននេះ មានរៀបចំឆាកឈុតសម្ដែងស្រដៀងនឹងសម័យខ្មែរក្រហម ទាំងរថយន្ត និងការស្លៀកពាក់របស់ទាហានខ្មែរក្រហម និងទាហានរបស់លោកសេនាប្រមុខ លន់ នល់ ជាដើម។ ក្រៅពីនេះ ក៏មានទាហាន និងតារាភាពយន្តខ្មែរ ដូចជា លោក ទេព រិនដារ៉ូ លោក ជា សំណាង ព្រមទាំងប្រជាពលរដ្ឋមកពីក្រុងបាត់ដំបង ចូលរួមជិត ៤ពាន់នាក់។
អភិបាលក្រុងបាត់ដំបង លោក សៀង ឯមវូនហ្សី មានប្រសាសន៍ថា អ្នករួមសម្ដែងក្នុងចំណោម ៤ពាន់នាក់នោះ មានប្រជាពលរដ្ឋដែលសម្ដែងចាប់ពីម៉ោង ១២ ដល់ម៉ោង ៥រសៀល នៅថ្ងៃទី១៣ កុម្ភៈ ចំនួន ២ពាន់នាក់ ទទួលប្រាក់ឈ្នួលម្នាក់ ១០ដុល្លារសហរដ្ឋអាមេរិកក្នុងមួយថ្ងៃ។ ក្រៅពីនោះ អ្នកដែលបានហ្វឹកហាត់ខ្លះប្រមាណជាង ១ពាន់នាក់ ទទួលបានប្រាក់ឈ្នួល ២៥ដុល្លារក្នុងមួយថ្ងៃ៖ «នៅ ក្នុងទីក្រុងបាត់ដំបង បានកំណត់ទីតាំងចំណុចធំៗ។ ទី១ នៅកែងផ្លូវលេខ១២៣ និងផ្លូវលេខ២ ក្រុងបាត់ដំបង នៅកែងបណ្ណាគារអាងឈួង និងចំណុចទី២ នៅមុខប្រៃសណីយ៍ខេត្ត ទៅបញ្ចប់នៅសួនយុវ័ន»។
លោកបន្ថែមថា អ្នកស្រី អែនជេលីណា ចូលី ជា អ្នកដឹកនាំរឿង និងនៅប្រចាំការផ្ទាល់ទីកន្លែងថតភាពយន្ត តែពុំបានចូលរួមសម្ដែងនោះទេ។ លោកបញ្ជាក់ទៀតថា ការថតកុននេះជាមោទនភាពមួយរបស់ខ្មែរ ដើម្បីបង្ហាញបរទេសឲ្យបានស្គាល់កម្ពុជា កាន់តែច្រើនថែមទៀត៖ «អ្នកស្រី អែនជេលីណា ចូលី គាត់ ចង់រំឭកឲ្យកូនខ្មែរបានដឹង និងទុកជាឯកសារដើម្បីមើលនៅថ្ងៃក្រោយ ដែលបានឆ្លងកាត់ការឈឺចាប់ក្នុងសម័យខ្មែរក្រហម»។
ទន្ទឹមគ្នានេះ សាលាបឋមសិក្សា ២ ធ្នូ ត្រូវបានបិទទ្វារអស់មួយសប្ដាហ៍ ដោយសិស្សមិនបានរៀនសូត្រនោះទេ។ ចំណែកឯពលរដ្ឋរស់នៅសង្កាត់ស្វាយប៉ោ មួយចំនួន បានលើកឡើងថា ការថតភាពយន្តនេះ ជាមោទនភាពរបស់ខេត្តបាត់ដំបង ក៏ដោយ ក៏ប៉ុន្តែបានប៉ះពាល់ដល់របររកស៊ីរបស់ពួកគាត់ ធ្វើឲ្យមិនអាចលក់ដូររកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារបាននោះ ឡើយ៖ «ខ្ញុំចង់ឲ្យអាជ្ញាធរ និងក្រុមហ៊ុនថតកុនដោះស្រាយផ្ដល់សំណងដែលខាតបង់មិនបានរកស៊ី ប្រចាំថ្ងៃ បើមិនបានទាំងអស់ ក៏បាន ៥០ភាគរយដែរ ព្រោះអីខ្ញុំរកស៊ីមួយថ្ងៃសម្រាប់រស់បានតែមួយថ្ងៃទេ»។
ក្រៅអំពីថតកុននៅក្រុងបាត់ដំបង ហើយ នៅអាងកំពីងពួយ ក៏ជាទីតាំងមួយសំខាន់ដែរ ដោយនៅទីនោះបានថតរយៈពេលមួយថ្ងៃ ពាក់ព័ន្ធនឹងពេលបំពេញការងាររបស់ពលរដ្ឋក្នុងសម័យខ្មែរក្រហម។
មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្ត បាត់ដំបង លោក យិន ម៉េងលី សាទរចំពោះការថតកុនរឿងប្រវត្តិសាស្ត្រនេះ ប្រសិនបើអាជ្ញាធរ និងក្រុមហ៊ុនថតកុនដោះស្រាយឲ្យមានការប៉ះពាល់តិចតួចបំផុត និងផ្ដល់សំណងសមរម្យដល់អ្នកដែលខាតបង់អត្ថប្រយោជន៍ ដោយសារមិនបានលក់ដូរប្រចាំថ្ងៃ៖ «អ្នក ដែលចូលរួមការថតភាពយន្តនោះ បានទទួលថវិកាមែន ប៉ុន្តែផ្ទះពលរដ្ឋមួយចំនួនក៏បានបិទទ្វារ ដោយសារតែការថតនេះដែរ ហើយពួកគាត់ទាំងនោះ អាជ្ញាធរមិនបានដោះស្រាយអីឲ្យនៅឡើយទេ»។
ទាក់ទងនឹងបញ្ហានេះ លោក សៀង ឯមវូនហ្សី អះអាងថា ក្រុមការងាររបស់អ្នកថតកុន នឹងចុះស្រង់ចំនួនផ្ទះរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការថត ភាពយន្តនេះ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦។
ទោះបីជាយ៉ាងនេះក្ដី លោកពុំបានបញ្ជាក់អំពីការផ្ដល់សំណងប៉ះពាល់មួយគ្រួសារប៉ុន្មាននោះទេ។
សាច់រឿងដែលថតនៅក្នុងទឹកដីខេត្តបាត់ដំបង ភាគច្រើនជាការសម្ដែងសាច់រឿងបញ្ចប់នៃរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ» គឺជាការចងចាំរបស់កុមារកម្ពុជា ម្នាក់ កាលពីសម័យខ្មែរក្រហមពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ រឿងនេះ ត្រូវបាន អ្នកស្រី អែនជេលីណា ចូលី ជ្រើស យកខេត្តសៀមរាប និងខេត្តបាត់ដំបង ធ្វើជាទីតាំងសំខាន់សម្រាប់ថតរឿង។ ដោយខេត្តបាត់ដំបង តំណាងឲ្យទីក្រុងភ្នំពេញនៃសម័យនោះ និងខេត្តសៀមរាប ជាទីកន្លែងសម្ដែងសាច់រឿង និងមានឆាកប្រយុទ្ធសំខាន់ៗរបស់ទាហានខ្មែរក្រហម។ រឿងនេះ ចំណាយរយៈពេលថតប្រមាណ ៣ខែ ហើយបានបញ្ចប់នៅទីតាំងខេត្តបាត់ដំបង។ អ្នកចូលរួមសម្ដែងមួយចំនួនរំពឹងថា ភាពយន្តខ្នាតអន្តរជាតិមួយនេះ នឹងដាក់បញ្ចាំងឲ្យទស្សនាទូទាំងពិភពលោកប្រមាណ ២ឆ្នាំខាងមុខ៕

IMG-31

Loading...

Leave a Reply

Your email address will not be published. Required fields are marked *