ក្រុមហ៊ុនអាមេរិក Pfizer កំពុងធ្វើតេស្តថ្នាំគ្រាប់ ដែលអាចព្យាបាលជំងឺកូវីដ-១៩ ក្នុងដំណាក់កាលដំបូងៗ

(វ៉ាស៉ីនតោន)៖ ក្រុមហ៊ុនអភិវឌ្ឍវ៉ាក់សាំងអាមេរិក Pfizer កំពុងចាប់ផ្តើមធ្វើតេស្តវិធីសាស្រ្តព្យាបាលថ្មីមួយ ប្រឆាំងនឹងជំងឺ COVID-19 គឺតាមរយៈកាប្រើថ្នាំគ្រាប់។ នេះបើតាមការចេញផ្សាយដោយ វែបសាយព័ត៌មាន Newsweek នៅព្រឹកថ្ងៃពុធ ទី២៤ ខែមីនា ឆ្នាំ២០២១។

នៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ក្រុមហ៊ុន Pfizer បានបានប្រកាសពីការចាប់ផ្តើមធ្វើតេស្តដំណាក់កាលដំបូង នៃការប្រើប្រាស់ថ្នាំប្រភេទ ប្រូធីស អ៉ីនហ៊ីប៊ីទ័រ (Protease inhibitor) ជាបច្ចេកវិទ្យាថ្នាំដូចគ្នា ដែលជាទូទៅត្រូវបានប្រើប្រាស់ សម្រាប់ការព្យាបាលជំងឺអេដស៍។ ថ្នាំនេះបច្ចុប្បន្នមានឈ្មោះសម្គាល់ថា PF-07321332។

ក្រុមហ៊ុន Pfizer បានបញ្ជាក់ថា ថ្នាំ PF-07321332 ត្រូវបានអភិវឌ្ឍឡើងដើម្បីធ្វើជាវិធីសាស្រ្តព្យាបាលមួយ តាមរយៈការលេបប្រឆាំងនឹងជំងឺ COVID-19។ គ្រូពេទ្យនឹងអាចចេញវេជ្ជបញ្ជា ឲ្យប្រើប្រាស់ថ្នាំនេះសម្រាប់អ្នកជំងឺ នៅពេលពួកគេចេញរោគសញ្ញាដំបូងនៃការឆ្លងតែម្តង ដោយមិនតម្រូវឲ្យទាល់តែដល់ពេលអ្នកជំងឺ ត្រូវទទួលការព្យាបាលនៅមន្ទីរពេទ្យ ឬក៏ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនោះឡើយ។

កន្លងមកក្រុមហ៊ុន Pfizer ក៏ធ្លាប់បានអភិវឌ្ឍវិធីសាស្រ្តព្យាបាល COVID-19 មួយបែបទៀតផងដែរ គឺតាមរយៈការចាក់បញ្ចូលថ្នាំប្រភេទ Protease inhibitor ចូលតាមសរសៃឈាម ប៉ុន្តែសម្រាប់តែអ្នកជំងឺ ដែលតម្រូវឲ្យទទួលការព្យាបាលនៅមន្ទីរពេទ្យប៉ុណ្ណោះ ហើយវិធីសាស្រ្តនេះក៏កំពុងបន្តស្ថិតក្រោមការធ្វើតេស្តដែរ។

គួរបញ្ជាក់ថា ខណៈគ្មានវ៉ាក់សាំងណាមួយ អាចផ្តល់ការការពារបានទាំងស្រុង ពីការឆ្លងជំងឺ COVID-19 ក៏ដោយ ពួកវាអាចប្រឆាំងទប់ទល់នឹងការវាយលុក នៃជំងឺនេះបានយ៉ាងប្រសើរ ជាពិសេសនោះគឺក្នុងការទប់ស្កាត់ មិនឲ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ឬទទួលមរណភាព។

សម្រាប់ការស្រាវជ្រាវរកវិធីសាស្រ្តព្យាបាលថ្មីៗ ដើម្បីប្រឆាំងនឹង COVID-19 គឺសុទ្ធតែជារឿងល្អ ព្រោះពួកវាអាចជួយកាត់បន្ថយក្តីបារម្ភ ដែលកើតមានដោយសារតែការលេចឡើងនៃ COVID-19 ដែលអាចបំប្លែងខ្លួនថ្មីៗនៅជុំវិញពិភពលោក ហើយខ្លះមានលទ្ធភាពក្នុងកម្រិតតិចតួចមួយ ប្រឆាំងនឹងប្រសិទ្ធភាពវ៉ាក់សាំង។ ប៉ុន្តែទន្ទឹមគ្នានេះ ក្រុមហ៊ុនវ៉ាក់សាំងនានា ក៏កំពុងប្រឹងប្រែងបង្កើនសមត្ថភាព វ៉ាក់សាំងរបស់ពួកគេផងដែរ៕

Loading...