ក្រុមហ៊ុន​ទ្រីភាព​សមត្ថកិច្ចពាក់​ពន្ធ័មិន​ហ៊ាន​ប៉ះពាល់រថយ​ន្ត​ខ្នាតយក្ស​​ដែលដឹកជញ្ជូន​ឈើចេញពីស្រុក​វាលវែងជា​រៀងរាល់​ថ្ងៃ​ 

ខេត្តពោធិ៍សាត់​ ៖ប្រភពពី ​ប្រជាជន​​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា អភិបាលខេត្ត​ពោធិ៍សាត់ ក៏ដូចជា​មេ​រដ្ឋបាល​ព្រៃ ឈើ​ ខេត្តពោធិ៍សាត់ មិន​ហ៊ាន​ប៉ះពាល់​មេ​ឈ្មួញ ទ្រី ភាព នោះទេ​ព្រោះ​ពួកគេ​បានដឹង​ពី ​ឥទ្ធិពល​អ្នក​នៅ​ពីក្រោយ ​ខ្នង ​ឧកញ៉ា ទ្រី ភាព យ៉ាងច្បាស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា រថយន្ត​របស់​ក្រុមហ៊ុន​អឹម​ឌី​អេស បាន​ដឹកជញ្ជូន ​ឈើ​ទៅ​ចែក ចាយ​តាម​ដេប៉ូ​ក្នុង​ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ និង​ខេត្តកំពង់ឆ្នាំង ហើយ​មួយចំនួន ទៀត​អាច​ចូល​មក ដល់​ខេត្តកណ្ដាល​ផងដែរ​។ ជាក់ស្ដែង​ប្រភពពី​មន្ត្រីនគរបាល​ក្នុងស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា ពួកគេ​បានឃើញ​រថយន្ត​ធំៗ​ដឹកឈើ​គ្រប​តង់​ជិតៗ​មកពី​ខេត្តពោធិ៍សាត់ តាមផ្លូវ​ជាតិ​លេខ​៥​ចូលមក​ផ្លូវជាតិ​លេខ​៥១ រួច​យកទៅ​ស្តុក​ទុក​ក្នុង​ឃ្លាំង​នៅ​ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​យប់​កន្លងទៅនេះ​គឺ​ក្នុង​មួយ​យប់ៗ​មាន​រថយន្ត​យី​ឌុប​ធំៗ​ដឹកឈើ​ប្រណី​តរបស់​ក្រុមហ៊ុន​ទ្រី​ភាព បើកបរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥៥ មិនតិចជាង​១០​គ្រឿង​នោះទេ​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​ទោះបី​រថយន្ត​ក្រុមហ៊ុន​ទ្រី​ភាព ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥៥ យ៉ាង​គគ្រឹកគគ្រេង​ទាំងយប់​ក៏ដោយ ក៏​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​នោះទេ​។ ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា ទោះបី​ឧកញ៉ា ទ្រី ភាព បញ្ជាក់​អំពី​ការបញ្ឈប់​ជំនួញ​ឈើ​យ៉ាងណាក៏ដោយ ក៏​ជាក់ស្ដែង​រថយន្ត​យី​ឌុប​ធំៗ​របស់​ក្រុមហ៊ុន​ទ្រី​ភាព នៅតែ​បន្ត​ដឹកឈើ​ចេញពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ យ៉ាង​ពេញបន្ទុក​ដដែល​។

សមត្ថកិច្ច​មូលដ្ឋាន​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​មាន​រថយន្ត​យី​ឌុប​ធំៗ​របស់​ក្រុមហ៊ុន​អឹម​ឌី​អេស​(MDS) ដឹកជញ្ជូន​ឈើ​ចេញពី​ឃ្លាំង​នៅ​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ យ៉ាង​គគ្រឹកគគ្រេង​តែម្តង​។ ក្រុមហ៊ុន​អឹម​ឌី​អេស ត្រូវបាន​គេ​ដឹងថា​ជា​ក្រុមហ៊ុន​របស់​ឧកញ៉ា ទ្រី ភាព ហើយ​កន្លងមក​បាន​ផ្អាក​សកម្មភាព​មួយរយៈ​មិនសូវ​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ​នោះទេ​។ ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​រថយន្ត​ក្រុមហ៊ុន​អឹម​ឌី​អេស បាន​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥៥​ចូលទៅ​ផ្លូវជាតិ​លេខ​៥​យ៉ាង​ពេញបន្ទុក​តែម្តង ហើយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​តាម​ដងផ្លូវ​បាន​រក្សា​ភាព​ស្ងៀមស្ងាត់​។

​ទាក់ទង​បញ្ហា​ខាងលើនេះ​មានការ​អំពាវនាវ​ឲ្យ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក អ៊ុង សំអាត ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម ពិនិត្យមើល​សកម្មភាព​របស់​ក្រុមហ៊ុន​ទ្រី​ភាព ដែល​កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​យ៉ាង​គគ្រឹកគគ្រេង​នោះ​ផង​។ ដោយហេតុថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​មិន​ហ៊ាន​ប៉ះពាល់​សកម្មភាព​ដឹកជញ្ជូន​ឈើ​របស់​ក្រុមហ៊ុន​ដែលមាន​ម្ចាស់​ជា​ឧកញ៉ា​មាន​ឥទ្ធិពល​ខ្លាំង​នោះទេ​។ ហេតុនេះហើយ​ទើប​ក្រុមហ៊ុន​របស់​ឧកញ៉ា ទ្រី ភាព កំពុងតែបន្ត​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ យ៉ាង​ពេញបន្ទុក​ក្នុងខណៈដែល​ព្រៃឈើ​នៃ​ស្រុក​ទាំង​២​នេះ កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​រយះពេលដ៏ខ្លីខាងមុខ៕

 

 

Loading...