ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​នៅ​កម្ពុជា​ព្រម​ចុះ​ថ្លៃ​១០០​រៀល​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ

ភ្នំពេញ៖ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​ដែល​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា ចំនួន ៥ ព្រម​សន្យា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ចុះ​ថ្លៃ​ប្រេងសាំង ១០០​រៀល​បន្ថែម​ទៀត​ក្នុង ១​លីត្រ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ចាប់​ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១៥ ខែ​តុលា។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល រំពឹង​ថា កា​បញ្ចុះ​តម្លៃ​នេះ នឹង​អាច​ជួយ​សម្រួល​បាន​ខ្លះ​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ក្នុង​ ឱកាស​បុណ្យ​ប្រពៃណី​ជាតិ ខណៈ​ដែល​តម្លៃ​ប្រេងសាំង​នៅ​កម្ពុជា បច្ចុប្បន្ន មាន​តម្លៃ​ក្រោម ៤​ពាន់​រៀល​រួច​ទៅ​ហើយ។

ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​នៅ​ពេល​នេះ ធ្វើ​ឡើង​ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​អន្តរក្រសួង​ជាមួយ​ក្រុមហ៊ុន​ ប្រេងឥន្ធនៈ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​៨ ខែ​តុលា នា​ទីស្ដីការ​ក្រសួង​ពាណិជ្ជកម្ម។

លោក ស៊ុន ចាន់ថុល ឲ្យ​ដឹង​ថា មាន​តែ​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​ចំនួន ៥ ទេ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន ៨ ដែល​ធ្វើ​ប្រតិបត្តិការ​នៅ​កម្ពុជា ព្រម​ចុះ​ថ្លៃ​ប្រេងសាំង​នេះ ហើយ​ដែល​នឹង​ត្រូវ​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១៥ ខែ​តុលា។ ក្រុមហ៊ុន​ទាំង​នោះ​រួម​មាន ក្រុមហ៊ុន តេលា (Tela) សាវីម៉ិច (Savimex) សូគីម៉ិច (Sokimex) ប៊ី.វ៉ី.អឹម (BVM) និង អិល.អេច្ឆ.អ (LHR)។

លោក​បាន​ឲ្យ​ដឹង​បន្ត​ថា ក្រុមហ៊ុន​ចំនួន ៣ ទៀត ដែល​មិន​ទាន់​ព្រម​ចុះ​ថ្លៃ ១០០​រៀល មាន​ក្រុមហ៊ុន តូតាល់ (Total) ភី.ធី.ធី (PTT) កាល់តិច (Caltex) កំពុង​ពិចារណា​ចំពោះ​ការ​ស្នើ​សុំ​នេះ៖ «»។

ក្រសួង​ពាណិជ្ជកម្ម ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​រ៉ែ និង​ថាមពល ជាមួយ​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​នៅ​កម្ពុជា រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​ឯកភាព​គ្នា​ចំពោះ​រូបមន្ត​កំណត់​ថ្លៃ​ ប្រេងសាំង​នៅ​កម្ពុជា នៅ​ឡើយ បើ​ទោះ​ជា​មាន​ការ​ជួប​ពិភាក្សា​គ្នា​ជា​ច្រើន​លើក​ច្រើន​សា​ហើយ​ក្តី។

ទន្ទឹម​នឹង​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ព្រម​ចុះ​ថ្លៃ ១០០​រៀល នា​ពិធី​បុណ្យ​ភ្ជុំ​នេះ​ដែរ រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក ឌិត ទីណា ក៏​បាន​បញ្ជាក់​ដែរ​ថា ទោះ​ជា​រូបមន្ត​កំណត់​ថ្លៃ​ប្រេងសាំង​នៅ​កម្ពុជា មិន​ទាន់​ឯកភាព​គ្នា តែ​ភាគី​ក្រសួង​ទាំង​បី​បាន​ទទួល​ព័ត៌មាន និង​ការ​បញ្ជាក់​ឲ្យ​ច្បាស់​ពី​តម្លៃ​ដើម​របស់​ភាគី​ក្រុមហ៊ុន​ប្រេងសាំង នៅ​កម្ពុជា រួច​ហើយ។

លោក​ថា ភាគី​ក្រសួង និង​ភាគី​ក្រុមហ៊ុន នឹង​ពិភាក្សា​គ្នា​បន្ត​ទៀត ដើម្បី​ស្វែង​រក​រូបមន្ត​លើ​តម្លៃ​លក់​ប្រេងសាំង នៅ​ក្រោយ​បុណ្យ​ភ្ជុំ។ រដ្ឋាភិបាល​រំពឹង​ថា រូបមន្ត​នេះ​នឹង​ជំរុញ​ឲ្យ​មាន​ការ​បញ្ចុះតម្លៃ​ប្រេងសាំង​នៅ​កម្ពុជា ឲ្យ​ស្រប​នឹង​ទីផ្សារ​អន្តរជាតិ​នៅ​ពេល​ឆាប់ៗ​នេះ។

ក្រុមហ៊ុន​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ព្រម​ចុះ​ថ្លៃ ១០០​រៀល គេ​សង្កេត​ឃើញ​ថា ធ្វើ​ឡើង​ក្រោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​អំពាវនាវ​ទៅ​កាន់​ក្រុមហ៊ុន​ប្រេងសាំង ឲ្យ​ចុះថ្លៃ​បន្ថែម​ទៀត​ក្នុង​ពេល​ដែល​ប្រេង​លើ​ពិភពលោក​បាន​ធ្លាក់​ថ្លៃ កាល​ពី​ថ្ងៃ​ទី​២២ កញ្ញា កន្លង​ទៅ។

ផ្ទុយ​ទៅ​វិញ ជុំវិញ​ការ​ព្រម​ចុះ​ថ្លៃ ១០០​រៀល​នេះ​ដែរ ត្រូវ​បាន​ពលរដ្ឋ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​រិះគន់​ថា ជា​តម្លៃ​ដែល​មិន​អាច​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ និង​ឆ្លុះ​បញ្ចាំង​លើ​ការ​ចំណាយ​ជាក់ស្ដែង​របស់​ពលរដ្ឋ​កម្ពុជា នា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នោះ​ឡើយ។ ជាង​នេះ អ្នក​សិក្សា​ស្រាវជ្រាវ​បញ្ហា​សង្គម ក៏​ធ្លាប់​ឲ្យ​ដឹង​ថា តម្លៃ​ប្រេងសាំង​នៅ​កម្ពុជា បច្ចុប្បន្ន កំពុង​ប៉ះពាល់​ខ្លាំង​ដែល​ភាគ​ច្រើន​ជា​អ្នក​ដែល​មាន​ចំណូល​ទាប​តិច​ជាង ២​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ជាពិសេស​ប្រជា​កសិករ​ក្រីក្រ៕

image

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *