ក្រុមហ៊ុន​សំអឿន​សុវណ្ណ កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​ព្រះ​រកា មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​

ខេត្តព្រះវិហារ៖ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ក្រុមហ៊ុន​សំអឿន​សុវណ្ណ កំពុង​ធ្វើ​សកម្មភាព​បំពាន​កាប់​ឈើ​ក្នុងព្រៃ​ព្រះ​រកា យ៉ាង​ពេញបន្ទុក​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​។ ទន្ទឹមនឹងនេះ​ក្រុមហ៊ុន​សំអឿន​សុវណ្ណ បាន​ដំឡើង​ម៉ាស៊ីន​អារឈើ​ជាច្រើន​គ្រឿង​នៅក្បែរ​ព្រៃ​ព្រះ​រកា ដើម្បី​ងាយស្រួល​ដឹកជញ្ជូន​ពី​ក្នុងព្រៃ​ព្រះ​រកា ចូលមក​អារច្រៀក​ហើយ​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​យ៉ាង​រលូន​។

បញ្ហា​នេះ​កំពុង​ធ្វើ​ឲ្យ​បទបញ្ជា​របស់លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ កំពុង​ក្លាយជា​រឿង​ឥតន័យ ព្រោះ​ក្រុមហ៊ុន​សំអឿន​សុវណ្ណ នៅតែ​បំពាន​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​ព្រះ​រកា យ៉ាង​មហន្តរាយ​ហើយ​អារច្រៀក​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​យ៉ាង​ពេញបន្ទុក​តែម្តង​។ ​ថ្មីៗ​នេះ​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អូរ​ស្នៀត ឃុំ​តស៊ូ ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន​សំអឿន​សុវណ្ណ បង្កើត​រោងចក្រ​អារឈើ​មួយ​នៅ​ចំណុច​អូរ​ស្នៀត ហើយ​ដំឡើង​ម៉ាស៊ីន​អារឈើ​ជាច្រើន​គ្រឿង​ដើម្បី​អារឈើ​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​តាម​អំពើ​ចិត្ត​។

ប្រភពពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​អូរ​ស្នៀត បាន​ឲ្យ​ដឹង​ទៀតថា​ក្រុមហ៊ុន​សំអឿន​សុវណ្ណ ដឹកជញ្ជូន​ឈើ​ពី​តំបន់​ព្រៃ​ព្រះ​រកា មក​គរ​ទុក​ក្នុង​ទីតាំង​រោងចក្រ​របស់ខ្លួន​ជាច្រើន​គំនរ រួចហើយ​អារច្រៀក​ដឹកជញ្ជូន​ទៅ​ចែកចាយ​តាម​ដេប៉ូ​ច្រើន​កន្លែង​ក្នុង​ខេត្តសៀមរាប ខេត្តកំពង់ធំ និង​បណ្ដា​ខេត្ត​មួយចំនួនទៀត​។

ចំណែក​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តព្រះវិហារ មិន​ហ៊ាន​ទប់ស្កាត់​សកម្មភាព​របស់​ក្រុមហ៊ុន​សំអឿន​សុវណ្ណ នោះទេ​ដោយសារ​ពួកគេ​ខ្លាច​បាត់បង់​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​បណ្ដោយ​ឲ្យ​ព្រៃឈើ​ប្រឈម​នឹង​សេចក្ដី​វិនាស​។ មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​តស៊ូ ស្រុក​ជ័យ​សែន បាន​បង្ហើប​ឲ្យ​ដឹងថា​ន​មេការ​ក្រុមហ៊ុន​សំអឿន​សុវណ្ណ ថែមទាំង​ហ៊ាន​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ចូល​ព្រៃ​កាប់​ឈើ​យកទៅលក់​ឲ្យ​រោងចក្រ​អារឈើ​របស់ខ្លួន​ទៀតផង ព្រោះ​មាន​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ជួយ​សម្របសម្រួល​យ៉ាង​រលូន​។

ដូច្នេះហើយ​ទើប​ក្នុង​មួយថ្ងៃៗ​មាន​ប្រជាពលរដ្ឋ​មួយចំនួន​កាប់​ឈើ​ដឹកជញ្ជូន​ចូលទៅ​ទីតាំង​រោងចក្រ​អារឈើ​របស់​ក្រុមហ៊ុន​សំអឿន​សុវណ្ណ រាប់សិប​គ្រឿង​ហើយ​ក្រុមហ៊ុន​សំអឿន​សុវណ្ណ ក៏បាន​ប្រើប្រាស់​គោយន្ត រថយន្ត​បង្កុង និង​រថយន្ត​យី​ឌុប ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ព្រះ​រកា យ៉ាង​គគ្រឹកគគ្រេង​ផងដែរ​។

ប្រជាពលរដ្ឋ​ក្នុង​ឃុំ​តស៊ូ ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ បាន​អំពាវនាវ​ឲ្យ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃ​ព្រះ​រកា ជាបន្ទាន់​ព្រោះ​បច្ចុប្បន្ន​ក្រុមហ៊ុន​សំអឿន​សុវណ្ណ កំពុង​ធ្វើ​សកម្មភាព​បំផ្លាញ​ព្រៃ​ព្រះ​រកា យ៉ាង​មហន្តរាយ​។

ប្រជាពលរដ្ឋ​បាន​រិះគន់​ចំៗ​ថា លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ គ្មាន​ឆន្ទៈ​ក្នុងការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃ​ព្រះ​រកា​នោះទេ ហើយ​កំពុង​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​សំអឿន​សុវណ្ណ បន្ត​បំផ្លាញ​ព្រៃ​ព្រះ​រកា យ៉ាង​កំរោល​៕

Loading...