ក្រុមហ៊ុន​សំអឿន​សុវណ្ណ ប្រមូល​ទិញ​ឈើ​ដឹក​ចេញពី​ខេត្តព្រះវិហារ យ៉ាង​ពេញបន្ទុក​

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​ឆែប និង​ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ក្រុមហ៊ុន​សំអឿន​សុវណ្ណ កំពុង​បង្កើន​សកម្មភាព​ប្រមូល​ទិញ​ឈើ​ពី​ប្រជាពលរដ្ឋ​ដែល​ចូលទៅ​កាប់​នៅក្នុង​ព្រៃ​ព្រះ​រកា ហើយ​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​យ៉ាង​រលូន​។ ការដែល​ក្រុមហ៊ុន​សំអឿន​សុវណ្ណ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​មានការ​ឃុបឃិត​ពី​សំណាក់​មន្ត្រី​អាជ្ញាធរខេត្ត​ព្រះវិហារ ក៏ដូចជា​មន្ត្រី​បរិស្ថាន​និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​។ បញ្ហា​នេះ​បង្ហាញ​យ៉ាងច្បាស់​ថា​បទបញ្ជា​របស់​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​ព្រៃឈើ​កំពុង​ក្លាយទៅជា​រឿង​ឥតន័យ ព្រោះ​ក្រុមហ៊ុន​សំអឿន​សុវណ្ណ កំពុង​បន្តសកម្មភាព​បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​ឆែប និង​ស្រុក​ជ័យ​សែន យ៉ាង​មហន្តរាយ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​ក្រុមហ៊ុន​សំអឿន​សុវណ្ណ បានធ្វើ​សកម្មភាព​ប្រមូល​ទិញ​ឈើ​ពី​ប្រជាពលរដ្ឋ​ដែល​ចូល​កាប់​នៅក្នុង​តំបន់​ព្រៃ​ព្រះ​រកា យ៉ាង​រលូន​ព្រោះ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​។ ប្រការនេះ​កំពុងតែ​ធ្វើ​ឲ្យ​ព្រៃឈើ​នៅក្នុង​តំបន់​ព្រៃ​ព្រះ​រកា រង​ការបំផ្លាញ​កាន់តែខ្លាំង​ព្រោះ​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​គឺជា​អ្នកសម្របសម្រួល​ដល់​អាជីវកម្ម​របស់​ក្រុមហ៊ុន​សំអឿន​សុវណ្ណ ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​យ៉ាង​ក្រអឺតក្រទម​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន​សំអឿន​សុវណ្ណ មាន​អាជ្ញាប័ណ្ណ​ប្រមូល​ទិញ​ឈើ​ពី​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​ជាង​៤០០០​ហិកតា​នៅ​ស្រុក​ឆែប និង​ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ ក៏ប៉ុន្តែ​ជាក់ស្ដែង​ក្រុមហ៊ុន​សំអឿន​សុវណ្ណ ប្រមូល​ទិញ​ឈើ​ពី​ពលរដ្ឋ​និង​ពី​ក្រុម​ជនល្មើស​ដែល​ចូលទៅ​កាប់​ដឹកជញ្ជូន​ចេញពី​តំបន់​ព្រៃ​ព្រះ​រកា​យ៉ាង​រាលដាល​។

​ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា ឥឡូវនេះ​ក្រុមហ៊ុន​សំអឿន​សុវណ្ណ បង្កើន​សកម្មភាព​ប្រមូល​ទិញ​ឈើ​និង​ដឹកឈើ​ចេញពី​ស្រុក​ឆែប និង​ស្រុក​ជ័យ​សែន យ៉ាង​ពេញបន្ទុក​ព្រោះ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​ទាល់តែសោះ​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​រិះគន់ថា នៅពេល​ប្រជាពលរដ្ឋ​កាប់​ឈើ​ដឹកឈើ​បន្តិចបន្តួច​យកទៅ​ជួសជុល​លំនៅដ្ឋាន​ត្រូវបាន​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​យ៉ាង​កំរោល​ដោយ​គ្មាន​យោគយល់​ទាល់តែសោះ​។ ប៉ុន្តែ​នៅពេល​ក្រុមហ៊ុន​សំអឿន​សុវណ្ណ ប្រមូល​ទិញ​ឈើ​ដឹក​ចេញពី​ស្រុក​ឆែប និង​ស្រុក​ជ័យ​សែន យ៉ាង​ពេញបន្ទុក​បែរជា​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ធ្វើជា​មិន​មើលរំលង​មិន​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ជាពិសេស​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ ក៏ដូចជា​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ ព្រមទាំង​ប្រធាន​មន្ទីរ​កសិកម្ម និង​ប្រធាន​មន្ទីរ​បរិស្ថាន ខេត្តព្រះវិហារ កំពុង​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​សំអឿន​សុវណ្ណ បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​ឆែប និង​ស្រុក​ជ័យ​សែន យ៉ាង​មហន្តរាយ​៕

Loading...