ក្រុមហ៊ុន​៣ នៅ​បន្ត​ជីកដី​ភ្នំ​លក់ បើទោះបី​ក្រសួង បញ្ឈប់​អាជ្ញាប័ណ្ណ​ក៏ដោយ

បន្ទាយមានជ័យ: ក្រុមហ៊ុន​ចំនួន​៣ ក្នុងចំណោម​៤ ក្រុមហ៊ុន កំពុងតែបន្ត​ជីកដី​ភ្នំ​លក់ តាម​រថយន្ត រាប់រយ​គ្រឿង យ៉ាង​អនាធិបតេយ្យ នៅក្នុង​ក្រុង​សិរីសោភ័ណ បើទោះបីជា ក្រុមហ៊ុន​ទាំងនោះ ត្រូវបាន​ក្រសួង​រ៉ែ និង​ថាមពល បានសម្រេច​បញ្ឈប់​អាជ្ញាប័ណ្ណ នៅ​ឆ្នាំ​២០១៤ ហើយក៏​ដោយ​។​

​កន្លងមក ក្រុមហ៊ុន​ចំនួន​៤ ដែល​ធ្វើ​សកម្មភាព កាយ​ដីភ្នំ​លក់​នោះ រួមមាន​៖ ១.​ក្រុមហ៊ុន​ភ្ល​ន់​ហង្ស ដែល​កំពុង​ធ្វើ​សកម្មភាព​កាយ​ដី នៅ​ខាងត្បូង និង​ខាងកើត​ភ្នំ​ដូងព្រះ ស្ថិតក្នុង​សង្កាត់​អូរ​អំបិល​។ ២.​ក្រុមហ៊ុន​យឿ​ម​គង់ កំពុង​ធ្វើ​សកម្មភាព​កាយ​ដី នៅ​ភ្នំ​បាក់ ស្ថិតក្នុង​សង្កាត់​ទឹក​ផ្លា​។ ៣.​ក្រុមហ៊ុន​ឡា​ច​ហុក​កំពុង​ធ្វើ​សកម្មភាព​កាយ​ដី ខាង​ជើងភ្នំ​ដូងព្រះ ស្ថិតក្នុង​សង្កាត់​កំពង់ស្វាយ និង​៤.​ក្រុមហ៊ុន​ញ៉ាំ​សា​វ៉ូ​ន កំពុង​ធ្វើ​សកម្មភាព​កាយ​ដី ភ្នំ​កង​វ៉ា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​លោក សុ​ត វ​ឌ្ឍ​នា ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​សារព័ត៌មាន​ថាៈ កន្លងមក លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ ប្រកាសប្រាប់​ដល់​មន្ទី​រ៉ែ ថាមពល​ខេត្តបន្ទាយមានជ័យ សុំ​គោលការណ៍​ទៅដល់ ក្រសួង​រ៉ែ និង​ថាមពល​ថា នៅ​ឆ្នាំ​២០១៤ ត្រូវ​បញ្ឈប់​អាជ្ញាប័ណ្ណ ដល់​ក្រុមហ៊ុន​កកាយ​ដីភ្នំ​លក់​ទាំង​៤ ពីព្រោះថា ក្រុមហ៊ុន​ទាំងនោះ បានធ្វើ​សកម្មភាព កាយ​ដីភ្នំ​លក់ ជាច្រើន​ឆ្នាំ​មកហើយ ហើយ​បង្ក​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ធម្មជាតិ លើ​ភ្នំ ដែល​ខេត្ត​គ្រោង នឹង​រៀបចំ​តំបន់​ទេសចរ ធម្មជាតិ​ភ្នំ នៅ​កណ្តាល​ក្រុង​សិរីសោភ័ណ ដើម្បី​រក្សា​ទុកជា​សម្បត្តិ​រដ្ឋ​។

​ក្រោយ​អភិបាលខេត្ត​ស្នើសុំ​ក្រសួង​រ៉ែ និង​ថាមពល កន្លងមក​នោះ ក្រសួង​បាន​យល់ព្រម ឯកភាព​ឲ្យ​បញ្ចប់ អាជ្ញាប័ណ្ណ​ក្រុមហ៊ុន កកាយ​ដីភ្នំ​លក់​ទាំង​៤​ក្រុម នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៤​។ ពេល​បញ្ចប់​អាជ្ញាប័ណ្ណ​ហើយ ក្រុមហ៊ុន​ចំនួន​៣ រួមមាន​៖១.​ក្រុមហ៊ុន​ភ្ល​ន់​ហង្ស ២.​ក្រុមហ៊ុន យឿ​ម គង់ ៣.​ក្រុមហ៊ុន​ញ៉ាំ​សា​វ៉ូ​ន នៅតែ​បន្ត​លួចលាក់ ធ្វើ​សកម្មភាព​កកាយ​ដីភ្នំ​លក់ ដែល​មិន​ញញើត​និង​ច្បាប់​នោះឡើយ​។

​មន្ទីរ​រ៉ែ និង​ថាមពល ខេត្តបន្ទាយមានជ័យ បានធ្វើ​លិខិត​រាយការណ៍ ជូន​លោក​អភិបាលខេត្ត ហើយ​បាន​ចុះ​ហាមឃាត់ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៥ ព្រមទាំង​ព្រមាន​ថា បើ​មាន​ក្រុមហ៊ុន​ណាមួយ ហ៊ាន​ធ្វើ​សកម្មភាព​កាយ​ដីភ្នំ បន្តទៀត ត្រូវមាន​វិធានការ​តាមច្បាប់​៕

mountain in Svay

Loading...

Leave a Reply

Your email address will not be published. Required fields are marked *