ក្រុមហ៊ុន​ ដានីដេង​សម្រុកនាំជ្រូកឆ្លងដែនពីប្រទេសថៃ តាមច្រកអន្តរជាតិអូរស្មាច់​ក្នុងមួយថ្ងៃ​ៗ រាប់សិបឡាន​ អាងអាជ្ញាប័ណ្ណរបស់ក្រសួងកសិកម្ម ០១សន្លឹកដឹកមិនចេះអស់

ខេត្តឧត្តរមានជ័យ ៖​ ក្រុមហ៊ុន​ ដានីដេង​ បាននឹងកំពុងសម្រុកនាំសត្វជ្រូករស់ឆ្លងដែនពីប្រទេសថៃ​ តាមច្រកទ្វារអន្តរជាតិអូរស្មាច់​ ខេត្តឧត្តរមានជ័យ​ យ៉ាងពេញបន្ទុក​ ទោះបីប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ បានហាមយ៉ាងណាក៏ដោយ​ ព្រោះសំអាងទៅលើលិខិត​ និងអាជ្ញាប័ណ្ណរបស់ក្រសួងកសិកម្ម​ ០១សន្លឹក។

ថ្មីៗមានសេចក្តីរាយការណ៍​ ពីសង្កាត់អូរស្មាច់​ ក្រុងសំរោង​ ខេត្តឧត្តរមានជ័យ​ មកថា​ ក្នុងមួយថ្ងៃៗ​ គេសង្កេតឃើញរថយន្តក្រុមហ៊ុន​ ដានីដេង​ បានសម្រុកនាំសត្វជ្រូកចូលប្រទេសកម្ពុជា​ តាមច្រកទ្វាអន្តរជាតិអូរស្មាច់​ រាប់សិបរថយន្តធំៗដោយគេពុំដឹងពីចំនួនការនាំចូលអោយពិតប្រាកដនោះទេ។

ម្ចាស់អាជីវកម្មក្រុមហ៊ុនខាងលើ​ ត្រូវបានគេស្គាល់ ឈ្មោះ ចែ​ ធំ​ ប្តីលោកឧត្តមសេនីយ៍ត្រី កែវ ឋានៈ​ មានតួនាទី​ ជាមន្ត្រីទីចាត់ការទំនាក់ទំនងព្រំដែន។

ក្រុមហ៊ុនខាងលើ​សំអាង និងយកលេស​ លើលិខិតរបស់ក្រសួងកសិកម្ម​ ០១សន្លឹក​ បានសម្រុកនាំសត្វជ្រូករស់ឆ្លងដែនពីប្រទេសថៃ​ ក្នុងមួយថ្ងៃៗ​ រាប់សិបឡាន​ ទើបមហាជនសន្និដ្ឋាន​ និងសង្ស័យថា​ ការនាំចូលជ្រូករបស់ក្រុមហ៊ុនខាងលេី​ លើសច្បាប់អនុញ្ញាតរបស់ក្រសួងកសិកម្ម​ និងបានផ្គេីនទៅនិងបទបញ្ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ ដែលបានហាម​ និងឲ្យមានកាត់បន្ថយក្នុងការនាំសត្វរស់​ និងចំណីអាហារគ្រប់ប្រភេទ​ ដែលនាំចូលពីប្រទេសជិតខាង​ ដើម្បីលើកកម្ពស់​ និងលើកស្ទួយវិស័យកសិកម្ម​ ដល់អ្នកចិញ្ចឹមសត្វក្នុងស្រុក។

ប៉ុន្តែ​ម្ចាស់ក្រុមហ៊ុនខាងលើ​ បាននឹងកំពុងសម្រុកនាំចូលសត្វជ្រូកឆ្លងដែនពីប្រទេសថៃ​ យ៉ាងគំហុក ដោយពុំដឹងចំនួនការនាំចូលជ្រូកពិតប្រាកដ ដោយមានការបើកភ្លើងខៀវពីសំណាក់លោក​ វ៉ាន់​ ក្តេរ​ មេគយច្រកអន្តរជាតិអូរស្មាច់​ ខេត្តឧត្តរមានជ័យ ទើបម្ចាស់អាជីកម្មខាងលើ​ ដឹកជញ្ជូនឆ្លងដែនបានដោយសេរី។

ជុំវិញករណីខាងលើ​ អ្នកកាសែតមិនអាចសុំការបកស្រាយពីម្ចាស់ក្រុមហ៊ុនខាងលើបានទេ​ ព្រោះទៅលើកតែគ្រាន់តែដឹងថា អ្នកសារព័ត៌មាន​ ក៏បិទទូរស័ព្ទវិញ។ ចំណែកលោកវ៉ាន់ក្តេរមេគយច្រអូរស្មាច់មិនអាចសុំការបកស្រាយបានទេ៕

 

Loading...