ក្រុមហ៊ុន ដួង ស្រួច បំផ្លាញព្រៃឈើនៅខេត្តព្រះវិហារឆ្អែតឆ្អន់ ឥឡូវបានសិទ្ធិពីក្រសួងកសិកម្មទៅកាប់បំផ្លាញនៅខេត្តរតនគិរីទៀតហើយ?

ភ្នំពេញ៖ ក្រុមហ៊ុន ដួង ស្រួច គ្រុប ដែលទទួលបានអាជ្ញាប័ណ្ណឈូសឆាយដី នៅក្នុងស្រុកជាំក្សាន្តខេត្តព្រះវិហារ តែធាតុពិតកាប់តែឈើអារលក់ ដោយឈើប្រណីត កាប់លក់ឲ្យក្រុមហ៊ុនផ្សេងចាំទិញ និងឈើលេខ២ ឈើក្រៅលំដាប់ថ្នាក់ខ្លួនឯងកាប់អារដឹកលក់ពេញផ្ទៃប្រទេសរហូតដល់ ផ្ដល់លុយឲ្យប្រជាពលរដ្ឋក្រីក្រ ចូលទៅកាប់ឈើនៅក្នុងព្រៃសហគមន៏ព្រះរកា ព្រៃសហគមន៏ឈើភ្លើង កោងយ៉ោង នៅក្នុងស្រុកជំក្សាន្ត ខេត្តព្រះវិហារ រាប់ឆ្នាំមកហើយនោះ ឥឡូវទំនងអស់ ឈើកាប់ក៏រត់ការទៅទទួលបានសិទ្ធិពីក្រសួងកសិកម្មបោសសំអាតដីសង្គមកិច្ចជាង៦០០០ហិកតានៅក្នុងស្រុក បរកែវ និងស្រុកលំផាត់ទៀតហើយ។

មន្ត្រីមួយរូបដែលដឹងរឿងនេះ បានបង្ហើបឲ្យដឹងថា ការផ្ដល់សិទ្ធិឲ្យក្រុមហ៊ុនដួង ស្រួច គ្រុប ធ្វើអាជីវកម្មកាត់ប្រមូលផល អនុផលព្រៃឈើ ពីគម្រោងដីសម្បទាន សង្គមកិច្ចដែលមានទំហំ៦១៣១,០៧៩៣ហិកតានៅក្នុងស្រុកបរកែវ និងស្រុកលំផាត់ ខេត្តរតនគិរីថ្មីៗនេះ គឺគ្រាន់តែជាលេស ដើម្បីបានសិទ្ធិកាប់ និងដឹកជញ្ជូនឈើស្របច្បាប់តែប៉ុណ្ណោះ តាមពិតពាក្យថា ដីសង្គមកិច្ចដែលរាជរដ្ឋាភិបាលកាត់ទុកចែកជូនប្រជាពលរដ្ឋក្រីក្រ និងបំរើឲ្យប្រយោជន៏សាធារណៈ ជាដើមនោះ ទាល់តែដីនោះជាដីព្រៃរិចរិល ទើបរាជរដ្ឋាភិបាលកាត់ធ្វើដីសង្គមកិច្ច ចុះបើដីរិចរិល តើមានព្រៃឈើមកពីណាទៀតសំរាប់ឲ្យក្រុមហ៊ុន ដួង ស្រួច ឈូសឆាយកាត់ធ្វើអាជីវកម្មនោះ?។

តាមអ្នកដឹងរឿងបានអះអាងថា តាមពិតដីដែលគេប្រគល់សិទ្ធិអោយក្រុមហ៊ុនដួងស្រួចធ្វើអាជីវកម្មកាត់ប្រមូលផល អនុផលព្រៃឈើនោះ គឺគ្មានដើមឈើសំរាប់ធ្វើ អាជីវកម្មទៀតទេ គឺឈើនៅតំបន់នោះគេកាប់អស់ជាយូរឆ្នាំមកហើយ មានតែឈើធ្វើអុសប៉ុណ្ណោះ តែមូលហេតុដែលក្រុមហ៊ុន ដួង ស្រួច រត់ការយកធ្វើអាជីវកម្ម គឺដើម្បីកាប់ឈើចេញពីតំបន់ដែនជម្រកព្រៃលំផាត់ និងព្រៃសហគមន៏នៅជាប់ក្បែរៗនោះតែប៉ុណ្ណោះ ព្រោះតំបន់នោះកាលរាជរដ្ឋាភិបាលផ្ដល់ដីសម្បទានសេដ្ឋកិច្ច ឲ្យក្រុមហ៊ុន ហ័ង អាញ់ របស់វៀតណាមធ្វើអាជីវកម្មដាំកៅស៊ូ ដូងប្រេង…ជាដើមនោះគឺក្រុមហ៊ុនដែលទទួលបានសិទ្ធិឈូសឆាយសំអាតដី បានកាប់ទន្ទ្រានយកអស់គ្មានសល់នោះទេ។

មន្ត្រីជំនាញមួយចំនួននៅខេត្តរតនគិរី ដែលត្រូវបានគេអញ្ជើញឲ្យទៅចូលរួមវាស់វែងកំណត់ព្រំដីសង្គមកិច្ចតាមការស្នើសុំពីក្រុមហ៊ុន ដួង ស្រួច បាននាំគ្នារិះគន់ថា ថ្នាក់លើចេះតែចេញច្បាប់ឲ្យហើយ មិនចេះមើលទេអី! ឬមួយជាការឃុបឃិតគ្នាដើម្បីឲ្យគេកាប់ឈើលក់ចែកប្រយោជន៏គ្នាទេដឹង!។ ក្នុងនោះមន្ត្រីនៅខេត្តរតនគិរី បានសំណូមពរសូមឲ្យសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលជួយពិនិត្យមើលរឿងនេះឲ្យបានល្អិតល្អន់ផង ប្រយ័ត្នមន្ត្រី និងឈ្មួញឃើញកន្ទេលធំនាំគ្នាបន្លំដេក។

ពាក់ព័ន្ធការលើកឡើងខាងលើនេះ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧នេះ​ ការិយាល័យនិពន្ធព័ត៌មាន Fresh News មិនអាចធ្វើការទាក់ទងសុំការបំភ្លឺពីក្រុមហ៊ុនដួង ស្រួច គ្រុបបានឡើយ ព្រោះមិនមានលេខទូរស័ព្ឌសំរាប់ទាក់ទង៕

 

Loading...