ក្រុមហ៊ុន លឹម រ៉ូយ៉ាល់គ្រុប កំពុងបំផ្លាញព្រៃឈើ នៅក្នុដែនជម្រកសត្វព្រៃភ្នំព្រេច

ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋ រួមទាំងអ្នកឃ្លាំមើលបទល្មើសព្រៃឈើបានឲ្យដឹងថា ដែនជម្រកសត្វព្រៃភ្នំព្រេច បាននិងកំពុងតែរងនូវការកាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរ ដែលអាចនិយាយថា ដែនមួយនេះនឹងត្រូវវិនាសហិនហោចប្រភេទ ឈើមានតម្លៃនាពេលឆាប់ៗនេះ ដោយស្នាដៃក្រុមហ៊ុន លឹម រ៉ូយ៉ាល់គ្រុប ដែលគេដាក់ការសង្ស័យថា អាជ្ញាធរខេត្ត និង មន្រី្តជំនាញក្នុងខេត្តមណ្ឌលគិរី អាចមានការឃុបឃិតជាមួយក្រុមហ៊ុនខាងលើនេះ ទើបសកម្មភាពកាប់បំផ្លាញព្រៃឈើ ក្នុងដែនជម្រកសត្វព្រៃភ្នំព្រិច អាចធ្វើទៅបានយ៉ាងអានាធិប្បតេយ្យនោះ។

ពាក់ព័ន្ធវិនាសកម្មព្រៃឈើនេះ ក្រុមហ៊ុន លឹមរូយ៉ាល់គ្រុប ដែលមានទីតាំងនៅឃុំរយ៉ក្រោម ស្រុកកោះញែក ខេត្ត មណ្ឌលគិរី ត្រូវបានគេដឹងថា កំពុងប្រើរូបភាពបំផុសឲ្យប្រជាពលរដ្ឋកាប់ទន្ទ្រានព្រៃឈើក្នុងដែនជម្រកសត្វព្រៃភ្នំព្រិច ដឹកយកមកលក់ឲ្យក្រុមហ៊ុន តាមរយៈគោយន្តកន្ត្រៃ និងរថយន្តកែច្នៃ ដើម្បីបន្លំឈើទាំងនោះជាឈើស្របច្បាប់ ។

ប្រភពច្បាស់ការបានឲ្យដឹងទៀតថា ក្រុមហ៊ុននេះបានប្រើរថយន្ត ម៉ាកវេអង ឬយីឌុប ផ្ទុកឈើពី៤០ ទៅ៥០តោន ក្នុងមួយរថយន្ត លើសពីPCអនុញ្ញាត ដឹកឈើទាំងនោះចេញពីក្រុមហ៊ុន លឹម រូយ៉ាល់ ឆ្លងកាត់ទៅខេត្តរតនគីរី ចូលទៅប្រទេសវៀតណាម តាមច្រកទ្វាអន្តរជាតិអូរយ៉ាដាវ និងផ្នែកខ្លះទៀត គឺក្រុមហ៊ុន លឹម រ៉ូយ៉ាល់ បានដឹកជញ្ជូនឈើ កាត់តាមស្រុកស្នួលខេត្តក្រចេះ ឆ្លងដែនតាមច្រកទ្វាអន្តរជាតិត្រពាំងស្រែ ទៅលក់នៅប្រទេសវៀតណាមយ៉ាងរលូន ដែលសកម្មភាពទាំងនេះ បានធ្វើឲ្យមហាជនរិះគន់មន្ត្រីជំនាញពាក់ព័ន្ធថា អាចមានការជាប់ពាក់ព័ន្ធ ជាមួយភាពមិនប្រក្រតីជាមួយក្រុមហ៊ុន លឹមរ៉ូយ៉ាល់ ទើបក្រុមហ៊ុននេះអាចធ្វើសកម្មភាពផ្ទុកឈើលើសច្បាប់ ឬពុំមាន ច្បាប់តែម្ដង ដឹកជញ្ជូនឈើយកទៅលក់នៅក្រៅប្រទេសបាន ។

ជុំវិញករណីនេះ នាយខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្មរុក្ខប្រមាញ់ និងនេសាទ លោក អ៊ុំ វណ្ណសុភៈ បានថ្លែង ថា ក្រុមហ៊ុនសម្បទាន លឹមរ៉ូយ៉ាល់ គឺមានទំហំផ្ទៃដីវិនិយោគជាង៩ពាន់ហិតា ហើយក្រុមហ៊ុននេះគឺបានបង់ពន្ធឈើ ចំនួន២លើកហើយ សរុបជាង៧ពាន់ម៉ែត្រគូប ដោយឈើដែលបានបង់ពន្ធនោះគឺក្រុមហ៊ុនបានយកផ្គត់ផ្គង់ក្នុងប្រទេស។ ជាមួយគ្នានេះដែរ លោក កែវ សុភក៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានឲ្យដឹងដែរថា ក្រុមហ៊ុន លឹម រ៉ូយ៉ាល់ គឺប្រមូលឈើនៅក្នុងរង្វង់ដីសម្បទានរបស់ក្រុមប៉ុណ្ណោះ មិនមានការកាប់ទន្ទ្រានក្រៅដែនទេ ប៉ុន្តែករណីនេះគឺប្រជាពលរដ្ឋ ក្នុងមូលដ្ឋានជាអ្នកប្រមូលឈើទៅលក់ឲ្យក្រុមហ៊ុន ហើយថ្មីៗនេះមន្ត្រីបរិស្ថានក៏បានធ្វើការទប់ស្កាត់ករណីនេះដែរ ដោយបានធ្វើកិច្ចសន្យាជាមួយប្រជាពលរដ្ឋដែលមកកាប់ឈើខុសច្បាប់ និងបានបណ្ដេញពួកគេឲ្យត្រលប់ទៅភូមិវិញ ចំនួន១០៥នាក់ ជាមួយគោយន្ត៨៣គ្រឿ និងរឹបអូសឈើ១៤០ កំណាត់។

លោកបន្តថា បច្ចុប្បន្នលោកបានដាក់កម្លាំងល្បាតចំនួន១០នាក់បន្ថែមទៀត ទៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រិច ដើម្បីធ្វើការបង្ក្រាប ករណីកាប់ឈើខុសច្បាប់នេះ ហើយនៅជំហ៊ានបន្ទាប់នេះ គឺមន្ត្រីជំនាញមិនលើកលែងទៀតទេ ចំពោះប្រជាពលរដ្ឋ ណាម្នាក់ ដែលកាប់ទន្ទ្រានឈើខុសច្បាប់ក្នុងដែនអភិរក្សនេះ ព្រោះមានការអប់រំផ្សព្វផ្សាយរួចហើយ ៕

ប្រភពអត្ថបទ និងរូបភាព៖ គេហទំព័រក្នុងស្រុក

Loading...