ក្រុមហ៊ុន ឧកញ៉ា ឈាង ប៉ាក់សួ និង អាជ្ញាធរឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល នៅតែ រារាំងប្រជាពលរដ្ឋមិនឲ្យអាស្រ័យផលនៅដីរបស់ពួកគាត់

ខេត្តកណ្តាល៖ ប្រជាពលរដ្ឋភូមិទួលក្តី ហៅ ពាមសូស្ថិតក្នុងឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល បានសំដែងការខឹងសម្បា និង អាជ្ញាធរឃុំត្រើយស្លា ក៏ដូចក្រុមហ៊ុន ក្រុមហ៊ុន ឧកញ៉ា ឈាង ប៉ាក់សួ ដែលបានធ្វើទុក្ខ បុកម្និញ ដល់ការប្រមូលផល ចំការរបស់ពួកគាត់ ខណៈដែល ដំណាំបន្លែ ទាំងនោះ ត្រូវបានចងការលុយពីធនាគារ ។

ប្រជាពលរដ្ឋនិយាយថា ចំពោះដីធ្លីដែលមានទំនាស់នេះ គឺពួកគាត់បានកាប់ឆ្ការអាស្រ័យផលតាំងពីសម័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាត់រំសាយឡូត៍នេសាទមកម្ល៉េះ ពីព្រោះដីនេះស្ថិតនៅតំបន់ឡូត៍លេខ ៣ ជាដីសម្បទានរបស់រដ្ឋ ពួកគាត់ធ្វើការដាំដុះបង្កបង្កើនផលរាល់ឆ្នាំបើថ្ងៃណារដ្ឋដកហូតយកវិញ ក៏យល់ព្រមប្រគល់ជូនរដ្ឋវិញដែរហើយក្នុងអំឡុងពេលអាស្រ័យផលរាល់ឆ្នាំនោះក៏មិនមានបុគ្គលណាមកហាមឃាត់និងអះអាងថាជាដីរបស់ខ្លួនដែរ ។ ទើបតែបច្ចុប្បន្ននេះ ស្រាប់តែមានខាងតំណាងក្រុមហ៊ុន ឈាង ប៉ាក់សួ-ឈ្មោះ លន់ ឡា មកអះអាងថា ដីនេះជាដីរបស់ឧកញ៉ា ឈាង ប៉ាក់សួ ហើយបានហាមមិនឲ្យពួកគាត់ធ្វើការដាំដុះនៅលើដីនោះបន្តទៀតទេ ប្រសិនបើនៅតែរឹងទទឹង ដាំដុះបន្តទៀតនឹងប្តឹងទៅសមត្ថកិច្ចចាប់ដាក់គុកតែម្តង ។

ប្រជាពលរដ្ឋនិយាយទៀតថា ដោយសារតែពួកគាត់ខ្លាចអំណាច លោកឧកញ៉ាទើបបង្ខំចិត្តឲ្យពួកគាត់បោះបង់ចោលនូវដំណាំខ្លះកំពុងតែលូតលាស់ខ្លះទៀតរៀបចំប្រមូលផល បណ្តាលឲ្យដំណាំទាំងនោះស្រពោនក្រៀមស្វិតងាប់គ្មានសល់ ធ្វើឲ្យពួកគាត់ខាតបង់ប្រាក់រាប់លានរៀលជំពាក់ប្រាក់គេរាប់លានរៀល ហើយមិនដឹងរកប្រាក់ឯណាបានសងគេទេ មិនតែប៉ុណ្ណោះ ថែមទាំងប្តឹងចោទប្រកាន់ពួកគាត់ថាបានរំលោភយកដីរបស់ លោកឧកញ៉ា ឈាង ប៉ាក់សួទៅវិញ ហើយរឿងដែលពួកគាត់ហួសចិត្តនោះ គឺអាជ្ញាធរឃុំ ស្រុក ហាក់ដាក់គំនាបទៅលើពួកគាត់ទៀត ពីព្រោះវាមិនដែលមាន ធម្មតាការចេញលិខិតអញ្ជើញ ឬកោះហៅបុគ្គលណាម្នាក់អាជ្ញាធរនិងសមត្ថកិច្ចគួរចាត់លិខិតមុនមួយសប្តាហ៍ឬពីរសប្តាហ៍ ។ ចំណែកពួកគាត់អាជ្ញាធរចេញលិខិតអញ្ជើញទៅហៅពួកគាត់ឲ្យចូលខ្លួនដោះស្រាយនៅសាលាឃុំព្រឹកហ្នឹងតែម្តង ហើយចំពោះការដោះស្រាយទាំងមេឃុំ អភិបាលរងស្រុក និងមន្ត្រីជលផលហាក់លំអៀងទៅខាងឧកញ៉ា ឈាង ប៉ាក់សួ ហើយនិយាយសង្កត់ដាក់គំនាបមកលើពួកគាត់ទៅវិញ ។

សូមបញ្ជាក់ថា នៅថ្ងៃទី១២ ខែ ឧសភា ឆ្នាំ ២០១៦ កន្លងទៅលោកអភិបាលរងស្រុក ឈ្មោះ ញ៉ែម វន្ថា បាននិយាយថា ដីធ្លីស្ថិតក្នុងការដោះស្រាយមិនឲ្យមានគ្រឿងចក្រ ចូលឈូសឆាយបានទេ។ ប៉ុន្តែនៅថ្ងៃទី១៤-១៥ ខែឆ្នាំដដែលស្រាប់តែមានគ្រឿងចក្រចូលមកឈូសឆាយ ចំណែកអាជ្ញាធរធ្វើអត់ដឹង ។ ជាមួយគ្នានេះតំណាងឧកញ៉ា ឈាង ប៉ាក់សួ ចេះតែអះអាងថា ដីនោះជាដីរបស់ឧកញ៉ា ឈាង ប៉ាក់សួ ពួកគាត់ឆ្ងល់ថាដីនោះ ជាដីតំបន់ឡូត៍លេខ ៣ ជាដីសម្បទានរបស់រដ្ឋដែលសម្តេច ហ៊ុន សែនកាត់រំសាយទុកឲ្យប្រជាពលរដ្ឋមានឱកាសនេសាទត្រី និងធ្វើការដាំដុះ ហើយអាជ្ញាធរខ្លួនឯងបានហាមឃាត់មិនឲ្យមានការទិញលក់នោះទេ បើថាដីឈាង ប៉ាក់សួ តើអ្នកណាស៊ីញ៉េទទួលស្គាល់ការទិញលក់នោះ។ អ្វីដែលប្រជាពលរដ្ឋហួសចិត្ត បញ្ហាដីនេះមិនត្រូវបានដោះស្រាយអោយប្រជាពលរដ្ឋផង ក៏លេចលឺថា មានមន្រ្តីរាជការម្នាក់ឈ្មោះសេង ធីម នាយផ្នែកជលផលទន្លេបាសាក់ បានកំពុងរត់ការ សុំ ស-ជ-ណ ដើម្បីសុំសិទ្ធកាន់កាប់ និង វិនិយោគ ដោយលើកទំនប់ ក្នុងគោលបំណងថា នឹងចិញ្ចឹមត្រី និង ចិញ្ចឹមគោ ទៅវិញ ។

ទាក់ទងនឹងបញ្ហានេះ លោកម៉ៅ ភិរុណ អភិបាលខេត្ត បានឆ្លើបតប តាមទូរសព្ទថា បញ្ហានេះលោក បានដឹង តែក៏សូមប្រជាពលរដ្ឋដាក់ពាក្យមកសាលាខេត្ត ដើម្បីខេត្តស្វែងរកដំណោះស្រាយជូន ។រឺឯ ក្រុមហ៊ុន របស់លោកឧកញ៉ា ឈាង ប៉ាក់សួ មកឈូសឆាយដំណាំ ឬ ដី របស់ប្រជាពលរដ្ឋ គឺមិនត្រូវនោះទេ ៕

2

1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *