ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័តចុះឃាត់ខ្លួនស្ត្រីសង្ស័យមេឈ្មួញម្នាក់រឹបអូសសាច់សត្វព្រៃ៤ប្រភេទមានទម្ងន់ជាង៣០គីឡូក្រាមនៅផ្សារខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ សត្វព្រៃរស់ និងសាច់សត្វព្រៃ៤ប្រភេទ មានទម្ងន់ជាង៣០គីឡូក្រាម ព្រមទាំងស្ត្រីសង្ស័យមេឈ្មួញម្នាក់ បានរងការបង្ក្រាប រឹបអូស និងឃាត់ខ្លួន ពីកម្លាំងអន្តរាគម ន៍បង្ក្រាបបទល្មើសសត្វព្រៃចល័ត នៃរដ្ឋបាលព្រៃឈើ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គការសម្ព័ន្ធសត្វព្រៃ នាព្រឹកថ្ងៃ១៣កក្កដា២០១៧នេះ នៅក្នុងផ្សារខេត្តស្ទឹងត្រែង។

សមត្ថកិច្ចនៅក្នុងការបង្ក្រាបបានឲ្យដឹងថា សត្វព្រៃរស់ និងសាច់សត្វព្រៃដែលរងការបង្ក្រាបនៅពេលនេះ មាន៤ប្រភេទ គឺ សាច់ឈ្លូសមានទម្ងន់ ១,៧គីឡូក្រាម សាច់ប្រើសទម្ងន់៨គីឡូក្រាម សាច់ជ្រូកព្រៃទម្ងន់ ១៣,៥០គីឡូក្រាម និងសត្វអណ្តើករស់ ចំនួន៤ក្បាល មានទម្ងន់ស្មើនឹង៧,៨០គីឡូក្រាម សរុបមានទម្ងន់ស្មើនឹង៣១គីឡូក្រាម។ ចំណែក ស្ត្រីសង្ស័យលក់ដូរសត្វព្រៃម្នាក់ ដែលរងការឃាត់ខ្លួននោះ ត្រូវគេស្គាល់ឈ្មោះ ឆោម ធីតា អាយុ១៨ឆ្នាំ រស់នៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

មន្ត្រីបង្ក្រាបសត្វព្រៃបានឲ្យដឹងទៀតថា សត្វព្រៃទាំងនេះ ត្រូវបានព្រានព្រៃធ្វើការបរបាញ់នៅដែនព្រៃអភិរក្សជ្រៅៗ ហើយបាននាំយកមកលក់ឲ្យឈ្មួញកណ្តាល ធ្វើការលក់ និងចែកចាយបន្ត នៅលើទីផ្សារខេត្តស្ទឹងត្រែង យ៉ាងអនាធិបតេយ្យ ហាក់ដូចជាគ្មានក្រែងរអែង ពីច្បាប់បន្តិចសោះឡើយ។

លោកថា កម្លាំងអន្តរាគមន៍បង្ក្រាបសត្វព្រៃ បានឆ្មក់ចុះបង្ក្រាបសត្វព្រៃនៅក្នុងផ្សារខេត្តស្ទឹងត្រែងនេះ ជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែ សកម្មភាពជួញដូរសត្វព្រៃនេះ ក៏ត្រូវគេឃើញ នៅតែបន្តកើតមានឥតឈប់ឈរនោះទេ។

លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ការបរបាញ់សត្វព្រៃធ្វើជំនួញនេះទាំងអស់គ្នា ហើយត្រូវសហការផ្តល់ព័ត៌មានឲ្យសមត្ថកិច្ច ពេលឃើញការបរបាញ់ និងជួញដូរសត្វព្រៃ ដើម្បីថែរក្សាសត្វព្រៃ ដែលនៅសេសសល់តិចតួចនេះឲ្យបានគង់វង្ស។

មន្ត្រីដដែលបានបញ្ជាក់ថា នៅក្រោយរឹបអូសសាច់សត្វព្រៃ និងឃាត់ខ្លួនស្ត្រីម្នាក់នោះរួចមក ជនសង្ស័យ និងវត្ថុតាងបទល្មើស ត្រូវបានបញ្ជូនមកកាន់ ខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង។

សាច់សត្វព្រៃត្រូវបានដុតកំទេចចោល ហើយសត្វអណ្តើកព្រៃត្រូវបាននាំទៅព្រលែងនៅសួនសត្វភ្នំតាម៉ៅ ក្នុងស្រុកបាទី ខេត្តតាកែវ ឯស្ត្រីសង្ស័យបានធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការលក់ដូរសត្វព្រៃតទៅទៀត ព្រមទាំងបានដោះលែងឲ្យមានសេរីភាពឡើងវិញហើយដែរ៕

Loading...