ក្រុមអ្នកទេសចរម៉ូតូធំម្នាក់ក្នុងចំណោមជាង៥០នាក់ដែលបង្ហាញពីផលិតផលប្រេងម៉ាស៊ីនរបស់ក្រុមហ៊ុនមួយបានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់នៅខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ បុរសអ្នកជិះម៉ូតូធំម្នាក់ ក្នុងចំណោមអ្នកជិះម៉ូតូធំជាង៥០នាក់ទៀត ដែលគេដឹងថា បានធ្វើដំណើរក្នុងលក្ខណៈទេសចរ ដើម្បីបង្ហាញពីផលិតផលប្រេងម៉ាស៊ីន របស់ក្រុមហ៊ុនមួយ បានជួបគ្រោះថ្នាក់ចរាចរណ៍រហូតដល់ស្លាប់ ដោយធ្លាក់ពីលើកំណាត់ផ្លូវជាតិលេខ៩ នៃចំណុចបង្គោលលេខ៥១៤ ទល់មុខដីស្រែមេឃុំអន្លង់ជ្រៃ ស្ថិតក្នុងភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីថ្ងៃ២៣កក្កដាម្សិលមិញ។

មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអន្លង់ជ្រៃ បានប្រាប់ឲ្យដឹងថា បុរសម្នាក់ដែលជួបគ្រោះថ្នាក់ចរាចរដោយខ្លួនឯង រហូតដល់បាត់បង់ជីវិតនោះ មានឈ្មោះ រុង រឿងរតនា អាយុ២៦ឆ្នាំ មានទីលំនៅ ភូមិខ្ទពផាល ឃុំទូកមាស ស្រុកទូកមាស ខេត្តកំពត។ បច្ចុប្បន្ន រស់នៅផ្ទះលេខ៣៥បេ ក្រុម១១ ភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ លោកថា ជនរងគ្រោះបានជិះម៉ូតូប្រភេទធុនធំ ដោយមានបិទស្លាកសញ្ញាប្រេងម៉ាស៊ីន ម៉ាក « SK and ZIC » ផងនោះ បានជិះម៉ូតូនៅលើកំណាត់ផ្លូវជាតិលេខ៩ ពីខេត្តស្ទឹងត្រែង ទៅកាន់ខេត្តព្រះវិហារ ដោយជិះជាក្រុមក្នុងតម្រិតល្បឿនលឿន ពេលមកដល់ចំណុចផ្លូវកោងមួយកន្លែង ក៏ត្រូវគេឃើញ បានរេចង្កូតអូសជាង១០០ម៉ែត្រ ជ្រុកធ្លាក់ទៅក្នុងស្នាមភ្លោះផ្កាប់មុខទៅក្នុងទឹក ហើយម៉ូតូបានសង្កត់ពីលើ ធ្វើឲ្យជនរងគ្រោះដាច់ខ្យល់ស្លាប់ភ្លាមៗ នៅគ្រានោះទៅ។

មន្ត្រីដដែលបានបញ្ជាក់ថា បើតាមការសាកសួរ ក្រុមម៉ូតូធំនេះមានជាង៥០គ្រឿង ហើយក្នុងម្នាក់ជិះម៉ូតូតែ១គ្រឿងទេ ក្បួនម៉ូតូធំនេះចេញដំណើរពីរាជធានី កាលពីថ្ងៃ២២កក្កដា ឆ្ពោះទៅកាន់ខេត្តរតនគិរី។ ហើយនៅថ្ងៃ២៣កក្កដាម្សិលមិញ បានបន្តដំណើរចាកចេញពីខេត្តរតនគិរី ឆ្លងកាត់ខេត្តស្ទឹងត្រែង ក្នុងបំណងបន្តឆ្ពោះទៅកាន់ ខេត្តព្រះវិហារ និងនៅថ្ងៃបន្ទាប់ នឹងត្រូវវិលត្រឡប់ ទៅកាន់រាជធានីភ្នំពេញវិញ។ ប៉ុន្តែ ជាអកុសលផលអាក្រក់ ពេលមកដល់ចំណុចគ្រោះថ្នាក់ខាងលើ ក៏ជួបរឿងយ៉ាងដូច្នេះទៅ ហើយមូលហេតដែលបណ្តាលឲ្យបាត់ បង់ជីវិតនេះ ក្រុមគ្រូពេទ្យជំនាញខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ដោយសារឈ្លក់ទឹក។

ក្រោយមរណៈភាព សាកសពជនរងគ្រោះ ត្រូវបានបញ្ចូនតាមរថយន្តសាមុយ របស់មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ពីដែនដីរដ្ឋបាលខេត្តស្ទឹងត្រែង ទៅកាន់លំនៅដ្ឋាន ឯរាជធានីភ្នំពេញ ប្រគល់ឲ្យក្រុមគ្រួសារ ធ្វើបុណ្យទៅតាមប្រពៃណី៕

Loading...