ក្រុមអ្នកសារព័ត៌មានជាង១០០នាក់ត្រូវបានហាមឃាត់ចូលរួមក្នុងពិធីប្រកាសតែងតាំងស្នងការខេត្តបាត់ដំបង

(បាត់ដំបង) ៖ ក្រុមអ្នកសារព័ត៌មានក្នុងស្រុកប្រមាណជាង១០០នាក់មកពីច្រើនស្ថាប័ណ្ណ បានសម្តែងការមិនពេញចិត្តក្រោយមន្ត្រីអនុវត្តច្បាប់ហាមមិនអោយពួកគាត់ចូលរួមផ្តិតយករូបភាពក្នុងពិធីប្រកាសតែងតាំងស្នងការដ្ឋាននគរបាលថ្មីនៃខេត្តបាត់ដំបង ដើម្បីធ្វើការផ្សព្វផ្សាយអោយត្រូវគោលដៅនិងវិជ្ជាជីវអ្នកសារព័ត៌មាន ។ នៅក្នុងពិធីប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិស្នងការនគរបាលខេត្តបាត់ដំបងនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២០ នៅអាគារប្រជុំសាលាខេត្ត ។

លោក អ៊ូ សុវណ្ណឌី អ្នកសារព័ត៌មានអប្សរា ប្រចាំខេត្តបាត់ដំបង ក្នុងចំណោមអ្នកសារព័ត៌មានជាង១០០នាក់បានសម្តែងការមិនពេញចិត្តនៅពេលដែលពួកគាត់លះបង់ពេលវេលាផ្លូវឆ្ងាយដើម្បីមកធ្វើព័ត៌មានពិត ប៉ុន្តែនៅពេលដែលអ្នកសារព័ត៌មានទៅដល់សាលប្រជុំនៃសាលាខេត្តកន្លែងប្រារព្ធពិធី ពួកគាត់មិនត្រូវបានអនុញ្ញាតចូលឡើយ។

លោកបានថា អ្នកសារព័ត៌មានបានលះបង់ពេលវេលា ដើម្បីមកយកពត៌មាន ជូនឲ្យអង្គភាពរៀងៗខ្លួន នៅពេលមកដល់សាលាខេត្តបាត់ដំបង គេអនុញ្ញាតអោយចូលតែផ្នែកអ្នកយកព័ត៌មាន ទូរទស្សន៍ពីរ បីអង្គភាពតែប៉ុណ្ណោះ ។ ពាក់ព័ន្ធករណីខាងលើនេះដែរ ក្រុមអ្នកសារព័ត៌មាន ដែលរងចាំនៅខាងក្រៅមិនអាចសុំការបំភ្លឺអ្វីបាននោះទេ ដោយពួកគាត់បានរុញបញ្ហានេះដាក់គ្នា និងពុំមានពេលផ្តល់បទសម្ភាសន៍នោះឡើយ ។

តាមប្រភពព័ត៌មានខាងក្រៅបានបង្ហើបឲ្យដឹងថា ការតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរស័ក្តិស្នងការនគរបាលខេត្តបាត់ដំបងនេះ គឺលោក សាត គឹមសាន ស្នងការរងទទួលបន្ទុកផែននគរបាលចរាចរណ៍ ត្រូវបានតែងតាំង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ជំនួស លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ត្រូវបានដាក់ឲ្យចូលនិវត្តន៍ ៕

 

Loading...