ក្រុម​គ្រូបង្រៀន​នៃ​វិទ្យាល័យ​១០​មក​រា​ជាង​១​រយ​នាក់​ធ្វើ​កូដកម្ម​អត់​ចូល​បង្រៀន​

ខេត្តសៀមរាប​ ៖​ ក្រុម​គ្រូបង្រៀន​នៅ​វិទ្យាល័យ​១០​មក​រា​ ស្ថិត​ក្នុង​ក្រុង​សៀមរាប​ ចំនួន​១២៦​នាក់​ នៅ​ព្រឹក​ថ្ងៃនេះ​ បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​មិន​ចូល​បង្រៀន​សិស្ស​ ដោយ​ទាមទារ​ឲ្យ​ខាង​មន្ទីរ​អប់រំ​ខេត្តសៀមរាប​ផ្លាស់​គ្រូបង្រៀន​ម្នាក់​ឈ្មោះ​ ជាន​ ស៊ន​ ចេញពី​សាលា​នេះ​។​

​ក្រុម​គ្រូបង្រៀន​ទាំងនោះ​បាន​ឲ្យ​ដឹង​ថា​ បញ្ហា​របស់​លោកគ្រូ​ ជាន​ ស៊ន​ ជាមួយ​ក្រុម​គ្រូបង្រៀន​ក្នុង​វិទ្យាល័យ​១០​មក​រា​ បាន​កើត​ឡើងជា​ច្រើន​លើក​ច្រើន​សារ​ ដោយ​លោកគ្រូ​ ជាន​ ស៊ន​ នេះ​ តែងតែ​បង្ក​ជា​ជម្លោះ​ជាមួយ​ក្រុម​គ្រូ​ដទៃ​ទៀត​ដែល​ពេល​ខ្លះ​ឈាន​ទៅ​ដល់​ការ​ប្រើ​អំពើ​ហិង្សា​ និង​ការ​គំរាម​បើករថយន្ត​បុក​ទៀត​។​ បញ្ហា​ទាំង​អស់នោះ​ ត្រូវ​បាន​ក្រុម​គ្រូបង្រៀន​ នៃ​វិទ្យាល័យ​១០​មក​រា​លើកយក​ទៅ​ធ្វើការ​ដោះស្រាយ​ជាមួយ​ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្តសៀមរាប​ម្តង​ហើយ​កាលពីដើម​ខែមករា​ ហើយ​ក្រុម​គ្រូបង្រៀន​នៃ​វិទ្យាល័យ​១០​មក​រា​ បាន​ស្នើ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​កន្លែង​ការងារ​របស់​លោកគ្រូ​ ជាន​ ស៊ន​ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ ប្រធាន​មន្ទីរ​នៅ​មិន​ទាន់​បាន​ឆ្លើយ​តប​នៅឡើយ​ ដែល​វា​ផ្តើម​ឲ្យ​ពួក​គាត់​ធ្វើ​កូដកម្ម​យ៉ាង​ដូច្នេះ​។​

​បើ​តាម​ក្រុម​គ្រូបង្រៀន​ កូដកម្ម​នេះ​ នឹង​បន្ត​ធ្វើ​ទៀត​រហូត​ដល់​ថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ តែបើ​នៅ​តែ​គ្មាន​ដំណោះស្រាយ​ ពួក​គាត់​នឹង​បន្ត​ធ្វើ​ទៀត​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *