ក្រុម​ហ៊ុនថៃ ដែល​ប្រើ​ប្រាស់ព្រះឆាយាលក្ខ័ណ៍ «ទេពនាថវដ្តីឯក» ព្រះរាម នរោត្តម បុប្ផាទេវី ក្នុងខ្សែភាពយន្តចេញមុខសុំទោស

ភ្នំពេញ៖ ក្រោយ​រង​ការ​រិះគន់​ខ្លាំង ក្រុម​ហ៊ុន One 31 របស់​ថៃ ដែល​ប្រើ​ប្រាស់ព្រះឆាយាលក្ខ័ណ៍ «ទេពនាថវដ្តីឯក» ព្រះរាម នរោត្តម បុប្ផាទេវី ក្នុង​ខ្សែ​ភាព​យន្ត​របស់​ខ្លួន បាន​ចេញ​មុខ​សុំ​ទោសជាសាធារណៈ តាម​រយៈ​លិខិត​ផ្លូវការ បញ្ជូន​មក​កាន់​ក្រសួង​វប្បធម៏ និង​វិចិត្រ​សិល្បៈ។

ក្នុង​លិខិត​សុំ​ទោស​ជា​សាធារណៈ លោក Takonkiet Viravan នាយក​ប្រតិបត្តិ​ក្រុមហ៊ុន One 31 Co.,LTD បាន​លើក​ឡើង​ថា ក្រុមហ៊ុន​លោក មិន​មាន​ចេតនា​ណា​មួយ​ក្នុង​ន័យ​មិន​គោរព ព្រះ​អង្គម្ចាស់ ព្រះរាម នរោត្តម បុប្ផាទេវី នោះទេ។ លោក​ទទួល​ស្គាល់​ថា ក្រុម​ផលិតករ​របស់​លោក ពិត​ជា​មាន​កំហុស​ដោយ​ប្រើ​ព្រះឆាយាលក្ខ័ណ៍ ទាំង​មិន​បាន​ពិនិត្យ​ឲ្យ​ត្រឹម​ត្រូវ។ លោក Viravan អះអាង​ថា ឈុត​ឆាក​ក្នុង​ខ្សែ​ភាព​យន្ត​នេះ គ្រាន់​តែ​ចង់​បង្ហាញ​ពី​ការ​រៀន​ក្នុង​ម៉ោង​ប្រវត្តិសាស្ត្រ​ពាក់​ព័ន្ធ​នឹង​ចក្រភព​ខ្មែរ​សម័យ​បុរាណ ដែល​មាន​អ្នក​របាំ​ដ៏​ស្រស់​ស្អាត រាំ​របាំ​អប្សរា​របស់​ខ្មែរ ហើយ​តួ​អង្គ​ម្នាក់​ក្នុង​ឈុត​នោះ និមិត្ត​ឃើញ​ថា គាត់​ជា​នារី​របាំ​ម្នាក់​កាល​ពី​អតីត​ជាតិ​ប៉ុណ្ណោះ ដោយ​គ្មាន​ចេតនា​អ្វី​ក្រៅ​ពី​នេះ​ឡើយ ហើយ​ព្រះឆាយាលក្ខ័ណ៍​ «ទេពនាថវដ្តីឯក» ព្រះរាម នរោត្តម បុប្ផាទេវី ក៏​ត្រូវ​បាន​កាត់​ចេញ​ពី​ឈុត​ឆាក​ភាព​យន្ត​នេះ​រួច​ហើយ​ដែរ។

ក្នុង​លិខិត​ដដែល​នេះ លោក Takonkiet Viravan និង​ក្រុម​ផលិតករ​របស់​លោក បាន​បង្ហាញ​ការ​សោក​ស្តាយ​យ៉ាង​ពន់​ពេក និង​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ចំពោះ​កំហុស​នេះ ដោយ​សុំ​ព្រះ​រាជទាន​ទោស​ពី​ព្រះ​ញាតិវង្ស​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់ តាម​រយៈ​លោក​ជំទាវ ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។

លោក Takonkiet Virava បាន​សន្យា​យ៉ាង​មុត​មាំ​ថា នឹង​មិន​ឲ្យ​ហេតុការណ៍​បែប​នេះ​កើត​ឡើង​ម្តង​ទៀត​ឡើយ៕

Loading...