ក្រុម​ឧទ្ទាម​ចាប់ជំរិត​មនុស្ស​៤​នាក់​នៅ​ភាគ​ខាងត្បូង​ហ្វី​លី​ពី​ន​

​ប្រភព​ពី​យោធា​ហ្វី​លី​ពី​ន​បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​២២​ ខែកញ្ញា​ ឆ្នាំ​២០១៥​ថា​ អ្នក​ទេសចរណ៍​សញ្ជាតិ​កា​ណា​ដា​២​នាក់​ នាយក​គ្រប់គ្រង​រមណីយដ្ឋាន​សញ្ជាតិ​ន័​រវេ​សម្នាក់​ និង​ស្ត្រី​ជនជាតិ​ហ្វី​លី​ពី​ន​ម្នាក់​ត្រូវ​ខ្មាន់កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ​ចាប់ជំរិត​ចេញពី​រមណីយដ្ឋាន​ដ៏​ល្បីល្បាញ​មួយ​ស្ថិត​នៅ​ភាគ​ខាងត្បូង​ប្រទេស​ហ្វី​លី​ពី​ន​ ។​

​លោក​ Alberto​ Caber​ នាយទាហានជាន់ខ្ពស់​បាន​បញ្ជាក់​ថា​ ជន​រង​គ្រោះ​ទាំង​៤​នាក់​ខាងលើ​ត្រូវ​ខ្មាន់កាំភ្លើង​បើក​ការ​វាយឆ្មក់​ហើយ​ភ្ជង់​កាំភ្លើង​ចាប់ជំរិត​យក​ទៅ​កាលពី​វេលា​យប់​ថ្ងៃ​ទី​២១​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​រមណីយដ្ឋាន​ Oceanview​ កោះ​ Samal​ ជិត​ទីក្រុង​ Davao​ ជាទី​ក្រុង​ធំ​បំផុត​នៅ​លើ​ដែន​កោះ​ Mindanao​ ភាគ​ខាងត្បូង​ហ្វី​លី​ពី​ន​ ដែល​ជា​តំបន់​មួយ​មិនសូវ​ស្រាក​ស្រា​ន​ពី​អំពើ​ហិង្សា​នោះ​ ។​

​ទាំង​កម្លាំង​ប៉ូលិស​ និង​ទាហាន​ពិតជា​បាន​រន្ធត់​ចិត្ត​នៅ​ពេល​បានដឹង​ថា​ មាន​ហេតុការណ៍​នេះ​កើតឡើង​នោះ​ ។​ ករណី​នេះ​បាន​កើតឡើង​ចំ​ពេល​ដែល​មានការ​ផ្តួចផ្តើម​ឲ្យ​មានការ​ចរចា​សន្តិភាព​រវាង​រដ្ឋាភិបាល​ នឹង​ក្រុម​អិ​ស្លា​ម​ជ្រុលនិយម​ភាគ​ខាងត្បូង​ហ្វី​លី​ពី​ន​ ។​

​តំបន់​ Davao​ នេះ​ទទួល​បាន​សន្តិភាព​ពេញលេញ​រយៈពេល​ជាង​មួយ​ទសវត្សរ៍​កន្លង​មក​ហើយ​ ។​ កាលពី​ឆ្នាំ​២០១៤​ កិច្ចព្រមព្រៀង​សន្តិភាព​ត្រូវ​បាន​ធ្វើ​ឡើងជា​មួយ​ក្រុម​ឧទ្ទាម​អិ​ស្លា​ម​ស្ថិត​នៅ​ភាគ​ខាងត្បូង​ហ្វី​លី​ពី​ន​ដើម្បី​បញ្ចប់​ជម្លោះ​រ៉ាំរ៉ៃ​អូស​បន្លាយពេល​ជាង​៤៥​ឆ្នាំ​ ដែល​សម្លាប់​មនុស្ស​ជិត​១២០.០០០​នាក់​ និង​ធ្វើ​ឲ្យ​មនុស្ស​បាត់បង់​ជ​ម្រុ​ក​ប្រមាណ​២​លាន​នាក់​ ។​

​ថ្លែង​ជាមួយ​ក្រុម​អ្នក​យក​ព័ត៌មាន​ លោក​ Alberto​ Caber​ បាន​បញ្ជាក់​ថា​ មនុស្ស​៤​នាក់​ត្រូវ​បាន​ចាប់ជំរិត​ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ គេ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ថា​ តើ​ក្រុម​ណាមួយ​ស្ថិត​នៅ​ពីក្រោយ​សកម្មភាព​ចាប់ជំរិត​នោះ​ឡើយ​ ។​ ក្នុងអំឡុងពេល​មានការ​វាយឆ្មក់​កើតឡើង​ពី​សំណាក់​ក្រុម​ខ្មាន់កាំភ្លើង​នោះ​ នៅ​ក្នុង​រមណីយដ្ឋាន​ខាងលើ​នេះ​មាន​អ្នក​ទេសចរណ៍​បរទេស​ប្រមាណ​៣០​នាក់​ ។​ លោក​បញ្ជាក់​ថា​ វា​ហាក់ដូចជា​ថា​ អ្នក​ទេសចរណ៍​បរទេស​ជា​គោលដៅ​ សំខាន់​នៃ​ការ​ចាប់ជំរិត​នេះ​ ជា​ជាង​ការ​ចាប់ជំរិត​ដើម្បី​ទាមទារ​ប្រាក់​លោះ​ ។​

​លោក​ Alberto​ Caber​ បាន​បន្ត​ថា​ ជន​ដែល​ត្រូវ​ចាប់ជំរិត​នោះ​ឈ្មោះ​ John​ Ridsel​ និង​ Robert​ Hall​ ដែល​ជា​ភ្ញៀវ​ទេសចរណ៍​មក​ពី​ប្រទេស​កា​ណា​ដា​,​ ជនបរទេស​ម្នាក់​ទៀត​ ឈ្មោះ​ Kjartan​ Sekkingstad​ មក​ពី​ប្រទេស​ណ័​រវេ​ស​ ដែល​ជានា​យក​គ្រប់គ្រង​រមណីយដ្ឋាន​ ។​ រីឯ​ស្ត្រី​ជនជាតិ​ហ្វី​លី​ពី​ន​ម្នាក់​ទៀត​ មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ​។​

​ប្រភព​ព័ត៌មាន​ពី​កងកម្លាំង​យោធា​បាន​បញ្ជាក់​ថា​ ខ្មាន់កាំភ្លើង​ដែល​វាយឆ្មក់​នោះ​ និយាយ​ភាសា​អង់គ្លេស​ និង​ភាសា​ Tagalog​ ដែល​ជា​ភាសា​និយម​និយាយ​ជា​ទូទៅ​នៅ​ប្រទេស​ហ្វី​លី​ពី​ន​ ។​

​អ្នក​ទេសចរណ៍​ជប៉ុន​២​នាក់​ដែល​ស្ថិត​ក្នុង​ហេតុការណ៍​ខាងលើ​ដែរ​នោះ​បាន​ជួយ​អន្តរាគមន៍​ផង​ដែរ​ ប៉ុន្តែ​គ្មាន​ប្រសិទ្ធភាព​។​ ក្រុម​ខ្មាន់កាំភ្លើង​ដែល​វាយឆ្មក់​បាន​ភៀសខ្លួន​ទៅ​កាន់​ដែន​កោះ​ Mindanao​ ជាមួយ​ជន​រង​គ្រោះ​ ។​

​មេបញ្ជាការ​កម្លាំងយោធា​ក្នុង​តំបន់​ បញ្ជាក់​ថា​ នាវា​ទាហានជើងទឹក​ហ្វី​លី​ពី​ន​៣​គ្រឿង​ ត្រូវ​បញ្ជូន​ចេញ​ទៅ​ដើម្បី​ ធ្វើ​ប្រតិបត្តិការ​ស្វែងរក​ទូក​របស់​ក្រុម​ខ្មាន់កាំភ្លើង​ដែល​បាន​ធ្វើ​សកម្មភាព​ចាប់ជំរិត​។​ នៅ​លើ​ផ្ទៃដី​ផង​ដែរ​ ក៏​មានការ​ចល័ត​កងកម្លាំង​ដើម្បី​រក​ឲ្យ​ឃើញ​ទីតាំង​លាក់ខ្លួន​របស់​ក្រុម​ខ្មាន់កាំភ្លើង​ទាំងនោះ​ផង​ដែរ​ ។​

​កាលពី​ឆ្នាំ​២០០១​ ក្រុម​ឧទ្ទាម​អិ​ស្លា​ម​ជ្រុលនិយម​ Abu​ Sayyaf​ ដែល​មាន​ទំនាក់ទំនង​ជាមួយ​បណ្តាញភេរវកម្ម​អាល់​កៃ​ដា​ បាន​ព្យាយាម​ធ្វើ​សកម្មភាព​ចាប់ជំរិត​ភ្ញៀវ​ទេសចរណ៍​បរទេស​ស្ថិត​នៅ​លើ​ដែន​កោះ​ នៃ​រមណីយដ្ឋាន​ Pearl​ Farm​ ប៉ុន្តែ​ទទួល​ការ​បរាជ័យ​ ។​ កម្លាំង​សន្តិសុខ​៣​នាក់​បាន​បាត់បង់​ជីវិត​ក្នុង​ការ​បាញ់ប្រហារ​ជាមួយ​ក្រុម​ឧទ្ទាម​នា​ពេល​ នោះ​៕​

ByLkcRECAAA-TMJ.jpg-large

Loading...

Leave a Reply

Your email address will not be published. Required fields are marked *