ក្រុម​ឧទ្ទាម​ផ្តាច់ខ្លួន​ និង​ចលនា​ព្រះសង្ឃ​ជ្រុលនិយម​ជា​ចំណោទ​គំរាមកំហែង​ការ​បោះ​ឆ្នោត​នៅ​មី​យ៉ា​ន់​ម៉ា​

​បញ្ហា​ក្រុម​ឧទ្ទាម​ផ្តាច់ខ្លួន​ និង​ចលនា​ព្រះសង្ឃ​ពុទ្ធសាសនា​ជ្រុលនិយម​នៅ​តែ​ជា​ចំណោទបញ្ហា​ ហើយ​វា​ជា​ការ​គំរាមកំហែង​មួយ​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​មី​យ៉ា​ន់​ម៉ា​ ខណៈ​ដែល​ប្រទេស​នេះ​នៅ​សល់​តែ​ជាង​មួយ​ខែ​ទៀត​ប៉ុណ្ណោះ​ ការ​បោះ​ឆ្នោត​សកល​ ឬ​ បោះ​ឆ្នោត​តំណាងរាស្ត្រ​មី​យ៉ា​ន់​ម៉ា​ដែល​ត្រូវ​ បាន​គេ​រំពឹង​ថា​ជា​ការ​បោះ​ឆ្នោត​លទ្ធិប្រជាធិបតេយ្យ​ដំបូង​បង្អស់​ក្ន​ង​ប្រវត្តិសាស្ត្រ​នយោបាយ​មី​យ៉ា​ន់​ម៉ា​ នឹង​ត្រូវ​ចាប់ផ្តើម​។​

​មន្ត្រី​រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា​បាន​អះអាង​ថា​ នៅ​ថ្ងៃ​ទី​១៥​ ខែតុលា​ រដ្ឋាភិបាល​ មី​យ៉ា​ន់​ម៉ា​ នឹង​ចុះ​កិច្ចព្រមព្រៀង​ស្តី​បទ​ពី​ឈប់​បាញ់​ថ្នាក់​ជាតិ​ជាមួយនឹង​តំណាង​ក្រុម​ឧទ្ទាម​ជនជាតិភាគតិច​៨​ក្រុម​។​ កិច្ចព្រមព្រៀង​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា​ បាន​បរាជ័យ​ក្នុង​ការ​ចរចា​ ជាមួយនឹង​តំណាង​ឧទ្ទាម​ទាំង​១៥​កាលពី​ថ្មីៗ​នេះ​។​ កិច្ចព្រមព្រៀង​នេះ​ នឹង​ក្លាយជា​សមិទ្ធផល​មួយ​របស់​លោក​ប្រធានាធិបតី​ថេ​ន​សេន​ ដែល​អាច​ឲ្យ​លោក​ទាញ​យក​សំឡេង​គាំទ្រ​ពី​ប្រជាជន​ក្នុង​ការ​បោះ​ឆ្នោត​ ។​

​បើ​ទោះជា​ដូច្នេះ​ក៏​ដោយ​ អវត្តមាន​នៃ​ការ​ចូលរួម​របស់​ឧទ្ទាម​៧​ក្រុម​ផ្សេង​ទៀត​ដែល​មាន​ក្រុម​កា​ឈិ​ន​ និង​ឧទ្ទាម​កូ​កាង​ ដែល​រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា​ បាន​បដិសេធ​ចរចា​ជាមួយ​ ដ្បិត​ពួក​គេ​ធ្លាប់​ប្រយុទ្ធ​ជាមួយ​កាលពី​កន្លង​មក​ នឹង​ក្លាយជា​បញ្ហា​មួយ​ថ្មី​។​ បញ្ហា​នោះ​គឺ​ ពួក​គេ​នឹង​ក្លាយជា​ការ​គំរាមកំហែង​មួយ​សម្រាប់​ការ​បោះ​ឆ្នោត​ ពោល​គឺ​បរាជ័យ​នៃ​ការ​ចរចា​ជាមួយនឹង​ក្រុម​ឧទ្ទាម​ទ័ព​ឯករាជ្យ​ នឹង​ធ្វើ​ឲ្យ​ការ​ប្រយុទ្ធ​គ្នា​កើតឡើង​គ្មាន​ថ្ងៃ​អាច​បញ្ឈប់​បាន​ ។​

​កាលពី​អំឡុង​ពេល​ប្រារព្ធ​ពិធីបុណ្យ​ជាតិ​មី​យ៉ា​ន់​ម៉ា​ថ្មីៗ​កន្លង​ទៅ​នេះ​ ក្រុម​ឧទ្ទាម​កូ​កាង​ និង​ កា​ឈិ​ន​ បាន​ប៉ះទង្គិច​គ្នា​ទ្រង់ទ្រាយ​ធំ​ជាមួយនឹង​កងកម្លាំង​រដ្ឋាភិបាល​នៅ​ភាគ​ខាងជើង​ ហើយ​តំបន់​ ទាំងនោះ​ បច្ចុប្បន្ន​ កំពុង​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ដោយ​ច្បាប់អាជ្ញាសឹក​នៅឡើយ​ទេ​។​ ការ​បោះ​ឆ្នោត​ខាង​មុខ​ ក៏​អាច​នឹង​ជា​ពេល​មួយ​ ដែល​ក្រុម​ឧទ្ទាម​ទាំងនេះ​ យក​ឱកាស​ប្រឆាំង​នឹងរ​ដ្ឋា​ភិ​ បាល​មី​យ៉ា​ន់​ម៉ា​ក៏​អាច​ថា​បាន​ ។​

​ជាមួយ​គ្នា​នេះ​ដែរ​ បញ្ហា​ចម្រូងចម្រាស​មួយទៀត​ នោះ​គឺ​វត្តមាន​ព្រះសង្ឃ​ជ្រុលនិយម​ក្នុង​នយោបាយ​មី​យ៉ា​ន់​ម៉ា​ ។​ ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​លើក​ឡើង​ថា​ មាន​ព្រះសង្ឃ​ពុទ្ធសាសនា​ និង​ អ្នកគាំទ្រ​រាប់​ពាន់​នាក់​ បាន​ប្រមូលផ្តុំ​គ្នា​ទ្រង់ទ្រាយ​ធំ​ដើម្បី​សាទរ​ចំពោះ​ច្បាប់​ថ្មី​ដែល​សង្ឃ​ បាន​ជុំរុញ​ឲ្យ​រដ្ឋាភិបាល​ មី​យ៉ា​ន់​ម៉ា​អនុម័ត​ឡើង​នោះ​ ។​ ការ​អនុម័ត​ច្បាប់​នេះ​ចងក្រង​ឡើង​ស្ថិត​ក្រោម​ការ​ចង្អុលបង្ហាញ​ពី​សំណាក់​ក្រុម​ចលនា​សង្ឃ​ជ្រុលនិយម​ដែល​មាន​ឥទ្ធិពល​លើ​នយោបាយ​មី​យ៉ា​ន់​ម៉ា​ ។​

​ច្បាប់​មួយ​ក្នុង​ចំណោម​បួន​ បាន​ហាមប្រាម​ការ​រៀប​អាពាហ៍ពិពាហ៍​រវាង​អ្នក​កាន់សាសនា​ព្រះពុទ្ធ​ជាមួយ​អ្នក​កាន់សាសនា​ផ្សេង​ទៀត​ ហើយ​ច្បាប់​មួយទៀត​កំណត់​គម្លៀត​នៃ​ការ​មានកូន​របស់​ស្ត្រី​រយៈពេល​៣​ឆ្នាំ​ ហើយ​ច្បាប់​ផ្សេង​ទៀត​ហាម​មិន​ឲ្យ​មានការ​ផ្លាស់​ប្តូរ​សាសនា​ និង​ការ​កំណត់​ចំនួន​ភរិយា​របស់​បុរស​ផង​។​ ទោះជា​មិន​បញ្ជាក់​ថា​ច្បាប់​នេះ​បង្កើត​ដើម្បី​កំហិត​សិទ្ធិ​ជនជាតិភាគតិច​ឥ​ស្លា​ម​ក៏​ដោយ​ គ្រប់​គ្នា​និង​សហគមន៍​អន្តរជាតិ​ដឹង​ច្បាស់​ថា​ ជនជាតិភាគតិច​ឥ​ស្លា​ម​នឹង​ក្លាយជា​គោលដៅ​នៃ​ការ​អនុវត្ត​ច្បាប់​។​ ច្បាប់​ថ្មី​ទាំងនោះ​ នឹង​ធ្វើ​ឲ្យ​មានការ​ រើសអើង​ និង​ បែក​ចែង​សាសនា​ និង​ ជនជាតិភាគតិច​នៅ​ក្នុង​ប្រទេស​មួយ​នេះ​ ។​

​នៅ​ក្នុង​ឱកាស​នៃ​ការ​ប្រមូលផ្តុំ​គ្នា​នោះ​ ចលនា​សង្ឃ​ Ma​ Ba​ Tha​ ក៏​បាន​ឆ្លៀត​រិះគន់​ មេដឹកនាំ​បក្ស​ប្រឆាំង​ដ៏​មាន​ឥទ្ធិពល​លោកស្រី​អង់​សាន​ ស៊ូ​ជី​ ជុំវិញ​ការ​ជំទាស់​របស់​ស្រី​លើ​ការ​អនុម័ត​ច្បាប់​ទាំងនោះ​ ហើយ​អ្វី​ដែល​គេ​ព្រួយបារម្ភ​នោះ​ គឺថា​ក្រុម​សង្ឃ​ទាំងនេះ​ នឹង​ធ្វើ​អ្វី​បន្ទាប់​ ប្រសិនបើ​ បក្ស​ប្រឆាំង​ឈ្នះ​ការ​បោះ​ឆ្នោត​ដែល​ត្រូវធ្វើ​ឡើង​នា​ពេល​ឆាប់ៗ​នេះ​?​ ៕​

 

sewe cas2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *